បើ​ឈ្នះ​ការបោះឆ្នោត លោកនេតា​ន់​យ៉ា​ហ៊ូ នឹង​បន្តបញ្ជូនប្រជាជនអ៊ីស្រាអែល ទៅ​តំបន់​West Bank

07-04-2019 11:19 am 497
  ស្តាប់
អ៊ីស្រាអែលបានសាងសង់លំនៅដ្ឋានជាច្រើនរួចបញ្ជូនជនជាតិJewishឲ្យទៅរស់នៅលើតំបន់West BankនិងJerusalemខាងកើត
ស្តាប់ជាសំឡេង

​លោក​បេន​យ៉ា​មីន នេ​តាន់​យ៉ា​ហ៊ូ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ត្រូវបាន​គេ​ចោទសួរ​នៅក្នុង​កិច្ចសម្ភាសន៍ ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍​អ៊ីស្រាអែល​ថា ហេតុអ្វី​បានជា​លោក​មិន​ពង្រីក ដែន​អធិបតេយ្យភាព​អ៊ីស្រាអែល តាមរយៈការតាំងទីលំនៅទៅកាន់​តំបន់ West Bank ឲ្យ​ដូច​អ្វីដែល​លោក​បានធ្វើ​កន្លងមក នៅ​តំបន់ Jerusalem និង Golan Heights ក៏ដូចជា​ដែនដី​ដទៃទៀត ដែល​ត្រូវបាន​រឹបអូស ក្នុង​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​ឆ្នាំ ១៩៦៧? លោកនេតា​ន់​យ៉ា​ហ៊ូបាន​ឆ្លើយ​នឹង​សំណួរ របស់​ទូរទស្សន៍ប៉ុស្ត​លេខ​១២​នេះ​ថា នរណា​និយាយថា យើង​នឹងមិន​ធ្វើ ? យើង​កំពុង​ស្ថិតនៅ​លើផ្លូវ​នេះហើយ គឺ​យើង​កំពុងតែ​ពិភាក្សា​អំពី​វា​។ លោក​នឹងធ្វើ​វា​នៅ​ជំហាន​បន្ទាប់ លោក​នឹង​ពង្រីក​ដែន​អធិបតេយ្យភាព​អ៊ីស្រាអែល​។ ពោល លោក​នឹងធ្វើ​ការផ្លាស់ប្តូរ​ថ្មី​នេះ ប្រសិនបើ​លោក​ទទួល​ជ័យជម្នះជាថ្មី នៅក្នុង​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​ទៅនឹង​ការប្តេជ្ញា របស់លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នេះ ត្រូវបាន​អ្នកនាំពាក្យ​នៃ​មេដឹកនាំ​ប៉ាឡេ​ស្ទីន​លោក Mahmoud Abbas ថ្លែងថា វិធានការ​និង​ការប្រកាស​ណាមួយ​នោះ នឹង​មិនអាច​ផ្លាស់ប្តូរ​ការពិត​បានឡើយ​។ លោក​បញ្ជាក់​បន្ថែមទៀត​ថា រាល់​ការសាងសង់​លំនៅដ្ឋាន​ដោយ​អ៊ីស្រាអែល ហើយ​បញ្ជូន​ប្រជាជន​ឲ្យមក​រស់នៅ​លើ​ដែនដី​នៃ​តំបន់ West Bank​កន្លងមក គឺជា​ការខុសច្បាប់​រួចទៅហើយ ហើយ​ពួកគេ​នឹងត្រូវ​រុះរើ​ចេញ​វិញ​នៅ​ថ្ងៃ​ណាមួយ​។​

​ថ្ងៃ​អនាគត​ប៉ាឡេ​ស្ទីន​ចង់ បង្កើត​រដ្ឋ​នៅ​តំបន់​ដែល​ខ្លួន​កាន់កាប់ រួមមាន​West Bank, Jerusalem ភាគ​ខាងកើត​និង Gaza​។ បច្ចុប្បន្ន​នៅ​តំបន់ West Bank​និង Jerusalem​ប៉ែក​ខាងកើត មាន​ប្រជាជន​អ៊ីស្រាអែល ចំនួន​ប្រហែល​៥​សែន​នាក់ កំពុង​រស់ ខណៈ​បរិវេណ​នៃ​ដែនដី​នេះ មាន​ប្រជាជន​ប៉ាឡេ​ស្ទីន រស់នៅ​ជាង​២,៦​លាន​នាក់​ឯណោះ​។ លើកលែងតែ​តំបន់​Gaza​ប៉ុណ្ណោះ ដែល​គ្មាន​ប្រជាជន​អ៊ីស្រាអែល​រស់នៅ ក្រោយពី​អ៊ីស្រាអែល​ដកខ្លួន​លែង​កាន់កាប់ នៅ​ឆ្នាំ​២០០៥​។​

​ការសាងសង់​ទីលំនៅ លើ​ដែនដី​ជាប់ជំពាក់​ដោយ​ជម្លោះ​នេះ គឺជា​បញ្ហា​ចម្បង​មួយ​ក្នុងចំណោម បញ្ហា​ដ៏​ក្តៅគគុក​ផ្សេងទៀត ដែល​រាំងស្ទះ ដល់​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ចាប់ផ្តើម​ដំណើរការ​ចរចា​សន្តិភាព រវាង​អ៊ីស្រាអែល​និង​ប៉ាឡេ​ស្ទីន តាំងពី​ឆ្នាំ​២០១៤​មក​។ ក្រៅពី​ដៃគូ​ជម្លោះ​ប៉ាឡេ​ស្ទីន មាន​ប្រទេស​ភាគច្រើន​លើ​លោក យល់ថា លំនៅដ្ឋាន​ដែល​អ៊ីស្រាអែល​បានសាងសង់​នៅលើ​ដែនដី ដែលរំលោភ​យកបាន​នៅក្នុង​សម័យ​សង្គ្រាម​ឆ្នាំ ១៩៦៧ ជា​អំពើ​ខុសច្បាប់​។ ប៉ុន្តែ​អ៊ីស្រាអែល​បាន​ជំទាស់ ហើយ​និយាយថា អនាគត​នៃ​ដីធ្លី​នេះ គួរតែ​ត្រូវ​បានកំណត់ នៅក្នុង​ការចរចា​សន្តិ​ភាព​ជាមួយ​ប៉ាឡេ​ស្ទីន​៕

ព័ត៌មានផ្សេងទៀត