ក្រសួង​កសិកម្ម​អះអាង​ថា​រថយន្ត​បុក​ទ្រូងផ្លូវ​កាល​ពី​យប់ម្សិល​មិញ​មិនមែន​ជា​របស់​ខ្លួន​ទេ​

07-04-2019 8:53 am 637

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានប្រកាស​បដិសេធ​ចំពោះ​រថយន្ត ពាក់​ស្លាក​លេខ​រដ្ឋ ដែល​បើក​បុក​របាំង​ទ្រូងផ្លូវ ហើយ​រត់​គេច កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​មេសា គឺ​មិនមែន​ជា​រថយន្ត​របស់​ក្រសួង​ទេ រថយន្ត​នោះ ត្រូវ​បាន​ក្លែងបន្លំ​ស្លាក​លេខ​រដ្ឋ​មក​បំពាក់​លើ​រថយន្ត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ។​

​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៦ ខែ​មេសា បានបញ្ជាក់​ថា រថយន្ត​របស់​ក្រសួង​កសិកម្ម​ពិតប្រាកដ គឺ​មាន​ស្លាក​លេខ​រដ្ឋ ១៧-២-០៨៤៥ ម៉ាក Mitsubishi Pajero Sport 25L 4WD ពណ៌​ស ផលិត​ឆ្នាំ​២០១៥ ។​

​កាលពី​យប់​ម៉ោង​១២ រំលង​ចូល​ថ្ងៃទី​៦ ខែ​មេសា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង ម៉ាក​លិច​ស៊ី​ស RX-350 ពាក់​ស្លាក​លេខ​រដ្ឋ ១៧-២-០៨៤៥ បាន​បើក​បុក​របាំង​ទ្រូងផ្លូវ រួច​យក​កាំភ្លើង​ភ្ជង់​អ្នកជិះ​ម៉ូតូ​ដើម្បី​គេចខ្លួន នៅ​ចំណុច​មុខ​វត្ត​ទួល​ទំពូង ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។​

​យ៉ាងណាក៏ដោយ ក្រសួង​កសិកម្ម ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ក្លែងបន្លំ​ខាងលើ និង​បាន​អះអាងថា ក្រសួង​ក៏​បាន​សង្កេតឃើញថា នៅ​មាន​រថយន្ត​បន្លំ​បំពាក់​ស្លាក​លេខ​រដ្ឋ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម​ផ្សេងទៀត ៕

ព័ត៌មានផ្សេងទៀត