ការ​តវ៉ា​​ចាប់ផ្ដើម​​ជាថ្មី​​ដាក់​សម្ពាធ​​ឲ្យ​ប្រធានាធិបតី​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ចុះ​ពី​តំណែង​

06-04-2019 3:41 pm 754
រូបភាព​​នៃការ​ប្រមូលផ្ដុំ​តវ៉ា​​កន្លងមក

​មេ​បក្សប្រឆាំវេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូអាន ហ្គៃ​ដូ បាន​ទទូច​ឲ្យ​អ្នកគាំទ្រ​របស់លោក​ចូលរួម​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​លើ​ដងផ្លូវ​បន្ដទៀត ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​។ ការតវ៉ា​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៦​មេសា​នេះ ចន្លោះពេល​មាន​កំហឹង​កើនឡើង​ជុំវិញ​ការដួលរលំ​នូវ​សេវាសាធារណៈ​ក្នុងប្រទេស​។ មនុស្ស​រាប់ពាន់នាក់​ដែលជា​អ្នកគាំទ្រ​បក្សប្រឆាំង បាន​ប្រមូលផ្ដុំ​នៅតាម​ទីតាំង​សំខាន់​ដើម្បី​ដើរ​ដង្ហែ​ក្បួន​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស​ចន្លោះ​ពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​០៦​មេសា​ទៅ​។ គោលបំណង​ធំ​បំផុត​នៃ​ការតវ៉ា ដើម្បី​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង​។​

​លោក​ហ្គៃ​ដូ​បានប្រកាស​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​២៣​មករា​ស្ថិតក្រោម​ការគាំទ្រ​ពី​មហាអំណាច​អាមេរិក និង​បណ្ដា​ប្រទេស​ប្រមាណ​ជា​៥០​ផ្សេងទៀត​។ ការណ៍​ដែល​បក្សប្រឆាំង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ហ្គៃ​ដូ ចង់​ទម្លាក់​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង ក្នុងន័យ​ស្ដារ​ស្ថានភាព​ប្រទេសជាតិ​ឡើងវិញ ក្រោយ​ជួប​វិបត្ដិ​សេដ្ឋកិច្ច​និង​នយោបាយ​ធ្ងន់ធ្ងរ​។ 

​ប៉ុន្ដែ​ការចង់បាន​របស់​បក្ស​ប្រឆាំង​មិន​ងាយស្រួល​ដូច​ក្ដី​រំពឹង​ទេ ដ្បិត​រដ្ឋាភិបាល​របស់​លោក​ម៉ា​ឌូ​រ៉ូ មាន​មហាអំណាច​ចិន​និង​រុស្ស៊ី​រួមទាំង​ប្រទេស​មួយចំនួនទៀត​គាំទ្រ​ដែរ​។ លោក​ម៉ា​ឌូ​រ៉ូផ្ទាល់​ធ្លាប់​និយាយថា លោក​សុខចិត្ដ​ស្លាប់ក៏​មិនចុះ​ចេញពី​តំណែង ព្រោះ​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។ បច្ចុប្បន្ន​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​រាប់ពាន់នាក់ កំពុង​ជួប​វិបត្ដិ​ខ្វះ​ស្បៀងអាហារ​និង​ថ្នាំពេទ្យ ខណៈ​រាប់លាន​នាក់​បាន​ជម្លៀស​ខ្លួន​ទៅ​ក្រៅប្រទេស​៕

ព័ត៌មានផ្សេងទៀត