ក្រុមហ៊ុន​ប៊ូ​អ៊ីង​​កាត់បន្ថយ​​ការផលិត​​យន្ដហោះ​ប៊ូ​អ៊ីង​737​​ក្រោយ​មាន​​គ្រោះថ្នាក់​ផ្ទួនៗ​

06-04-2019 10:37 am 785
  ស្តាប់
រូបភាពយន្ដហោះប្រភេទ737 Max
ស្តាប់ជាសំឡេង

​ក្រុមហ៊ុន​ប៊ូ​អ៊ីង​របស់​អាមេរិក​បាន​កាត់បន្ថយ​ការផលិត​យន្ដហោះ​ប្រភេទ​ប៊ូ​អ៊ីង​737​បណ្ដោះអាសន្ន ក្រោយ​មាន​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ប៊ូ​អ៊ីង​737 របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​អេត្យូ​ពី​និង​ឥណ្ឌូនេស៊ី​។ យន្ដហោះ​ដែល​លក់ដាច់​បំផុត​នេះ​នឹង​បន្ថយ​ការផលិត​ពី​៥២​គ្រឿងក្នុង​មួយខែ មក​ត្រឹម​៤២​គ្រឿង​វិញ​នៅ​ពាក់កណ្ដាល​ខែមេសា​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​នៅក្នុង​សេចក្ដីថ្លែងការណ៍​។ 

​ការសម្រេចចិត្ដ​កាត់ប​ន្ថ​យ​ការផលិត ដើម្បី​ឆ្លើយតប​នឹង​ការផ្អាក​ការ​ចែកចាយ​យន្ដហោះ​ស៊េរី​737 Max​។ បច្ចុប្បន្ន​យន្ដហោះ​ប្រភេទ​នេះ​ត្រូវបាន​គេ​រកឃើញថា មាន​បញ្ហា​លើ​ប្រព័ន្ធ​ប្រឆាំង​ការ​គាំងម៉ាស៊ីន​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​របាយការណ៍​បឋម បន្ទាប់ពី​ក្រុម​ជំនាញ​ស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​អេត្យូ​ពី​ធ្លាក់កាល​ពី​ខែ​មុន​។ វា​មាន​បំពាក់​ប្រព័ន្ធ​ប្រឆាំង​ការ​គាំងម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​ស្វ័យប្រវត្ដិ តែបើ​ប្រព័ន្ធ​នេះ​ជួប​បញ្ហា​នោះ​នឹង​ធ្វើឲ្យ​ក្បាល​យន្ដហោះ​ធ្លាក់​ចុះក្រោម​។ ជាក់ស្ដែង​យន្ដហោះ​737 Max​ដែល​ធ្លាក់​ទាំងពី​រគ្រឿង សុទ្ធតែ​ជួប​បញ្ហា​ប្រព័ន្ធ​ប្រឆាំង​ការ​គាំងម៉ាស៊ីន​ដូចគ្នា​។​

​សូមបញ្ជាក់ថា នៅលើ​យន្ដហោះ​ដឹក​អ្នកដំណើរ​អេត្យូ​ពី​មាន​មនុស្ស​សរុប​១៥៧​នាក់ ដោយឡែក​យន្ដហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី​ដែល​ធ្លាក់​កាលពី​ខែតុលា​ឆ្នាំមុន​ផ្ទុក​មនុស្ស​១៨៩​នាក់​។ មនុស្ស​នៅលើ​យន្ដហោះ​ទាំងពីរ​សុទ្ធតែ​ស្លាប់​ទាំងអស់ គ្មាន​នរណាម្នាក់​នៅមាន​ជីវិត​ឡើយ​។ គ្រោះថ្នាក់​លើ​យន្ដហោះ​ប្រភេទ​ប៊ូ​អ៊ីង​737 Max​នេះ បានធ្វើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើនទ​ទូច​ឲ្យ​ក្រុមហ៊ុន​ត្រួតពិនិត្យ​ឡើងវិញ​ពី​បញ្ហា​សុវត្ថិភាព​។ បណ្ដា​ប្រទេស​មួយចំនួន​ក៏​ផ្អាក​ការ​ចរាចរ​យន្ដហោះ​ប្រភេទ​នេះ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ពិនិត្យមើល​ឡើងវិញ​ឲ្យបាន​ច្បាស់លាស់​សិន​។ 

​សម្រាប់​ក្រុម​ជំនាញ​បាន​លើកឡើងថា​គ្រោះថ្នាក់​នេះ មិនមែន​ប៉ះពាល់​តែ​មុខ​ជំនួញ​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ទេ ប៉ុន្ដែ​បាន​ចោទ​ជា​សំណួរ​ពី​ការធានា​លើ​សុវត្ថិភាព​នៃ​ការហោះហើរ ដែល​ផ្ដល់​ដោយ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធរ​បស់​អាមេរិក​។ មានការ​ចោទសួរ​ទៀតថា ការវាយតម្លៃ​របស់​រដ្ឋបាល​អាកាស​ច​រណ៍​សហព័ន្ធ​អាមេរិក ត្រឹមត្រូវ​តាម​ស្ដង់ដា​ឬ​យ៉ាងណា ឬមួយ​ជា​ការធ្វេសប្រហែស​។ បើជា​ការធ្វេសប្រហែស​នោះ​នឹង​អាចមាន​គ្រោះថ្នាក់​កើតឡើង​លើ​យន្ដហោះ​ដទៃទៀត​៕

ព័ត៌មានផ្សេងទៀត