នាយករដ្ឋមន្ដ្រី​អង់គ្លេស​​សុំ​អឺរ៉ុប​ពន្យារពេល​​ចាកចេញ​​រហូតដល់​ថ្ងៃទី​​៣០​មិថុនា​

06-04-2019 9:49 am 544
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ​បាន​ស្នើសុំ​សហភាព​អឺរ៉ុប​ទុកពេល​ឲ្យ​បន្ថែមទៀត ខណៈដែល​កាលបរិច្ឆេទ​កំណត់​ត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​១២​មេសា​នេះហើយ​។ អឺរ៉ុប​បានដាក់​លក្ខខណ្ឌ​ឲ្យ​អង់គ្លេស ប្រសិនបើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​ទទួលបាន​ការគាំទ្រ​ពី​សមាជិកសភា អង់គ្លេស​នឹង​ចាកចេញ​នៅ​ថ្ងៃទី​២២​ឧសភា ប៉ុន្ដែ​បើ​កិច្ចព្រមព្រៀង​មិន​ទទួលបាន​ការគាំទ្រ​ទេ នោះ​អង់គ្លេស​នឹងត្រូវ​ដើរចេញ​នៅ​ថ្ងៃទី​១២​មេសា​។ ក្រោយ​កិច្ចព្រមព្រៀង​ដាក់​បោះឆ្នោត​ក្នុង​សភា​ត្រូវ​បរាជ័យ​ជា​លើក​ទី​បី អង់គ្លេស​ត្រូវ​កំណត់ឲ្យ​ចាកចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី​១២​មេសា​នេះ​។​

​ចន្លោះពេល​ស្ថានការណ៍​កំពុង​តានតឹង លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​បានដាក់​លិខិត​ទៅ​អឺរ៉ុប​ស្នើសុំ​ពន្យារពេល​បន្ថែម​រហូត​ដល់​ថ្ងៃទី​៣០​មិថុនា​។ នៅក្នុង​លិខិត​លោកស្រី​បាន​រៀបរាប់ថា​ដំណើរការ​ចាកចេញ​នៅ​ថ្ងៃទី​១២​មេសា​ហាក់​លឿន​ពេក ព្រោះ​អង់គ្លេស​មិនទាន់​រៀបចំ​រួចរាល់​នៅឡើយ​។ សមាជិកសភា​ភាគច្រើន​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ចេញពី​អឺរ៉ុប ប៉ុន្ដែ​ពួកគេ​ឯកភាព​លើ​សំណើ​មួយ​បង្ខំ​ឲ្យ​លោកស្រី​ម៉េ​សុំ​អឺរ៉ុប​ពន្យារពេល​។ 

​សម្រាប់​លោកស្រី​ម៉េ​ទទួលស្គាល់ថា​ចក្រភព​អង់គ្លេស ប្រហែលជា​ត្រូវ​ចូលរួម​ក្នុង​ការបោះឆ្នោត​សភា​អឺរ៉ុប ធ្វើឡើង​នៅ​ថ្ងៃទី​២៣​ឧសភា​ដោយ​រៀបចំ​ឲ្យមាន​បេក្ខជន​ចូលរួម​ប្រកួ​ត​ប្រជែង​។ ប៉ុន្ដែ​លោកស្រី​ថា​អាច​ស្នើឲ្យ​លុបចោល​ផែនការ​នេះបាន ប្រសិនបើ​សមាជិកសភា​អនុម័ត​លើ​កិច្ចព្រមព្រៀង​មុន​ថ្ងៃ​បោះឆ្នោត​មកដល់​។ តាមពិត​ការចូលរួម​បោះឆ្នោត​សភា​អឺរ៉ុប​លោកស្រី​ម៉េមិន​ចង់​ចូលរួម​ទេ ប៉ុន្ដែ​មានតែ​ជម្រើស​នេះ​ប៉ុណ្ណោះ​ទើប​អាច​សង្ឃឹមថា អឺរ៉ុប​ព្រម​ពន្យារពេល​ឲ្យ​អង់គ្លេស​បន្ថែម ខណៈ​បច្ចុប្បន្ន​អង់គ្លេស​ពុំទាន់​មាន​កិច្ចព្រមព្រៀង​ការពារ​ខ្លួន​នៅឡើយ​។​

​នៅ​មិនទាន់​ច្បាស់​ទេ​ថា ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ដូណាល់ ថាស់ នឹង​ទទួលយក​សំណើ​លោកស្រី​ម៉េឬ​យ៉ាងណាទេ ប៉ុន្ដែ​មាន​សេចក្ដីរាយការណ៍​ថា លោក​អាចនឹងទទួល​យក​ការពន្យារពេល លុះត្រាតែ​មាន​ការឯកភាព​គ្នា​។ សម្រាប់​អង់គ្លេស​រឿង​ដើរ​ចេញពី​អឺរ៉ុប​ទាំង​គ្មាន​កិច្ចព្រមព្រៀង​ដូច្នេះ ពិតជា​មាន​ហា​នី​ភ័យ​ខ្ពស់បំផុត​។ អង់គ្លេស​ត្រូវមាន​វិធានការ​ទប់ស្កាត់​គ្រោះថ្នាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្ដិសុខ ស្ថិរភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ជាដើម​មុន​ទៅ​រស់នៅ​តែឯង​៕

ព័ត៌មានផ្សេងទៀត