អ្នក​ទទួល​ភ្ញៀវ​ជើង​បួន​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​កំពុង​អង្រួន​ចិត្ត​ភ្ញៀវ​ឱ្យចូល​មិន​ដាច់​

05-04-2019 10:44 pm 2405
  ស្តាប់
លោក ឈ​ន់ សុវណ្ណ​ដា (អាវយឺតពណ៌ទឹកក្រូច) អ្នកគ្រប់គ្រង​ទូទៅ​នៃ​ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ ។ រូបថត៖ វិទ្យុវាយោ ។
ស្តាប់ជាសំឡេង

​ហាង​កាហ្វេ​មួយកន្លែង នៅ​ម្តុំ​ខាងជើង​របង​វាល​ព្រះមេរុ កំពុង​អង្រួន​បេះដូង​អ្នក​ស្រឡាញ់​សត្វ ឱ្យ​ចូល​ទិញ​ភេសជ្ជៈ​ញុំ​ា​ជា​បន្តបន្ទាប់ ដោយ​មាន​សត្វ​ជើង​បួន​ប្រមាណ​ជាង​២០​ក្បាល កំពុង​រង់ចាំ​ទទួល និង​បម្រើ​នៅ​ខាងក្នុង ។ លោក ឈ​ន់ សុវណ្ណ​ដា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ហាង​កាហ្វេ បាន​ប្រាប់​វិទ្យុ​វាយោ​ថា ភ្ញៀវ​បាន​កើនឡើង​ជា​ប្រចាំ ដែល​ជា​មធ្យម មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ចន្លោះ​ប្រមាណ​ជិត​២០០​នាក់​ក្នុង​មួយថ្ងៃ ...

នៅពេលដែល​ឈាន​ជើង​ចូលទៅក្នុង​បន្ទប់​កញ្ចក់ ដែល​ជា​ទីតាំង​របស់​ហា​ង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ យើង​ឃើញថា សត្វ​ឆ្មា​ជាច្រើន​កំពុង​បម្រើ និង​ទទួលភ្ញៀវ​ដោយ​គាប់ចិត្ត ។ ឆ្មា​ខ្លះ មាន​ទំហំ​តូច​ល្មម​ប៉ុន​ពូជ​ឆ្មា​ខ្មែរ​ឬ​ហៅ​ថា​ឆ្មា​ស្រុក ឯ​ពូជ​ឆ្មា​ខ្លះ មាន​ទំហំ​ធំ​ប៉ុន​កំភួនជើង​មនុស្ស​ប្រុស​ពេញវ័យ និង​ខ្លះទៀត​ធំ​ជាង​នេះ​ក៏​មាន ។ វា​អាច​ជា​ទីតាំង​ដ៏​មានក្តី​សុខ​មួយ សម្រាប់​អ្នក​ដែល​ស្រឡាញ់​សត្វ​ឆ្មា ដោយ​ពួកគេ​អាច​បរិភោគ​ភេសជ្ជៈ​បណ្តើរ និង​លេង​មើលថែ​សត្វ​ឆ្មា​បណ្តើរ ។​

​លោក ឈ​ន់ សុវណ្ណ​ដា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ បាន​ប្រាប់​វិទ្យុ​វាយោ​ថា កាល​ពី​បើក​ដំណើរការ​អាជីវកម្ម​លើកដំបូង ហាង​កាហ្វេ​មាន​សត្វ​ឆ្មា​ចំនួន​ប្រមាណ​១៥​ក្បាល សម្រាប់​បម្រើ និង​ទទួលភ្ញៀវ តែ​បច្ចុប្បន្ន បាន​កើនឡើង​ប្រមាណ​២៥​ក្បាល និង​មាន​ប្រមាណ​ជិត​២០​ប្រភេទ​ឆ្មា ។ ឆ្មា​ទាំងនេះ ត្រូវបាន​នាំ​ចូល​មក​ពី​អឺរ៉ុប អាមេរិក ថៃ និង​មាន​ឆ្មា​កូនកាត់​ពូជខ្មែរ​ផងដែរ​…
​សំឡេង​លោក ឈ​ន់ សុវណ្ណ​ដា ៖

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ បានបញ្ជាក់​ថា ចាប់តាំងពី​បើក​ដំណើរការ​អាជីវកម្ម​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​មក រហូតដល់​បច្ចុប្បន្ន លោក​សង្កេតឃើញថា អាជីវកម្ម​នេះ មាន​ការចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​គឺ​ភ្ញៀវ​ជាតិ​ជា​យុវតី …
​សំឡេង​លោក ឈ​ន់ សុវណ្ណ​ដា ៖

​លោក​បាន​ប្រាប់ថា ភ្ញៀវ​បាន​បន្ត​កើនឡើង​ជា​ប្រចាំ ហើយ​ភាគច្រើន​ភ្ញៀវ​ថ្មី​បាន​កើនឡើង និង​មាន​ភ្ញៀវ​ចាស់ៗ​ផងដែរ បើ​តាម​ការប៉ាន់ស្មាន គឺ​យ៉ាងច្រើន​មាន​២០០​នាក់ និង​បើ​តិច​ប្រមាណ​ក្រោម​១០០​នាក់​ក្នុង​មួយថ្ងៃ ។​

​និយាយ​បណ្តើរ​យកដៃ​អង្អែល​ឆ្មា​ដែល​ដើរ​មក​ក្បែរ​បណ្តើរ លោក សុវណ្ណ​ដា បាន​ប្រាប់ថា សម្រាប់​ការចំណាយ​ទៅ​លើ​ការ​មើលថែ​សត្វ​ឆ្មា​ទាំងអស់ រួម​មាន​ងូតទឹក សម្អាតខ្លួន និង​ថ្នាំ​បង្ការ គឺ​ប្រមាណ​២០០-៥០០​ដុល្លារ​ក្នុង​មួយខែ ចំណែកឯ​ចំណី ក៏​ត្រូវ​ចំណាយ​ប្រហាក់ប្រហែល​ទៅ​នឹង​ខ្ទង់ចំណាយ​ថ្នាំ​បង្កា​រដែរ​… 
​សំឡេង​លោក ឈ​ន់ សុវណ្ណ​ដា ៖

​ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៣៣​អឺ​០, ផ្លូវ​លេខ​១៧៨, នៅ​ជិត​សារមន្ទីរ​ជាតិ ជាប់​ខាងជើង​វាល​ព្រះមេរុ ។ ហាង​កាហ្វេ​នេះ បើក​ដំណើរការ​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៩​យប់ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អាទិត្យ ។ 

​ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ មិន​មាន​អាជីវកម្ម​លើ​សត្វ​ឆ្មា​ទេ ផ្ទុយ​ពី​ហាង​កាហ្វេ​សត្វ​មួយចំនួន មាន​អាជីវកម្ម​ជួញដូរ​សត្វ​ចិញ្ចឹម​នៅ​នឹង​ហាង​តែម្តង មានន័យ​ថា បើ​ភ្ញៀវ​មក​មើល​ថែ​និង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ហើយ​ស្រឡាញ់​សត្វ​ណាមួយ​នោះ ពួកគេ​អាច​ទិញ​សត្វ​ចិញ្ចឹម​ទាំងនោះ​បាន តែ​ឆ្មា​ខេ​ត​ហ្វេ ផ្តល់​តែ​ការ​មើលថែ​សត្វ​ឆ្មា​តែប៉ុណ្ណោះ ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ឈ​ន់ សុវណ្ណ​ដា ។​

​លោក ឈ​ន់ សុវណ្ណ​ដា បាន​ប្រាប់​បន្តថា ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ដើម្បីឱ្យ​ជនជាតិខ្មែរ​បាន​ស្គាល់ បាន​ឃើញ​ផ្ទាល់​នូវ​ប្រភេទ​ឆ្មា​នៅលើ​ពិភពលោក និង​ជា​ពិសេស​ដើម្បី​បញ្ជ្រាប​ក្តីស្រឡាញ់​រវាង​មនុស្ស​និង​សត្វ​ចិញ្ចឹម​…
​សំឡេង​លោក ឈ​ន់ សុវណ្ណ​ដា ៖

​លោក​សុវណ្ណ​ដា បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​ដំបូង​ថា ក្រោយពី​លោក​បាន​មើល​សត្វ​ឆ្មា​នៅតាម​អ៊ីនធឺណិត និង​បាន​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ហើយ​ឃើញ​ផ្ទាល់​ភ្នែក លោក​ក៏​បែកគំនិត​យក​ឆ្មា​ទាំងនោះ​មក​មើល​ថែ និង​ឱ្យ​ឆ្មា​ទាំងនោះ​ក្លាយ​ជា​សត្វ​ដែល​អាច​រក​ចំណូល​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯងបាន​…
​សំឡេង​លោក ឈ​ន់ សុវណ្ណ​ដា ៖

​យ៉ាងណាក៏ដោយ ក្រៅ​ពី​អតិថិជន​អាច​ចូល​លេង​និង​មើលថែ​ឆ្មា លោក​បាន​បង្ហើប​ប្រាប់ថា ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ កំពុង​រៀបចំ​សេវាកម្ម​ថ្មី ដែល​មាន​ដូចជា ងូតទឹក​ឱ្យ​ឆ្មា​, សម្អាតខ្លួន​ឱ្យ​ឆ្មា និង​ផ្ញើ​ឆ្មា​ឬ​ហៅ​ថា​អូ​តែ​ល​ឆ្មា សម្រាប់​ម្ចាស់​ចិញ្ចឹម​ណា​ដែល​ធ្វើដំណើរ​ទៅ​ឆ្ងាយ ហើយ​មិនដឹង​យក​ឆ្មា​ទៅ​ទុក​នៅ​ទីណា​បាន ។​

​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ហាង​កាហ្វេ ឆ្មា​ខេ​ត​ហ្វេ រូបនេះ បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​មាន​បំណង​ចង់​ចូល​លេង​សត្វ​ឆ្មា​ឬ​មើលថែ​ឆ្មា ត្រូវ​ចំណាយ​ថវិកា​ទិញ​ភេសជ្ជៈ​មួយ និង​បង់ប្រាក់​ចំនួន ១,២៥ ដុល្លារ ស្មើនឹង​៥​ពាន់​រៀល សម្រាប់​ការចូល​មើលថែ​ឆ្មា ឬ​ហៅ​ថា​ជា​វិភាគទាន​ថែទាំ​ឆ្មា ហើយ​បើសិនជា​ភ្ញៀវ​មិន​មាន​បំណង​ទិញ​ភេសជ្ជៈ តម្រូវឱ្យ​បង់​ប្រាក់​ចំនួន​៨​ពាន់​រៀល ឬ​២​ដុល្លារ ដោយ​មិន​គិត​ពី​ការកំណត់​រយៈពេល​នៃ​ការចូល ។​

​លោក ឈ​ន់ សុវណ្ណ​ដា បានឱ្យដឹងថា ឆ្មា​កាហ្វេ នៅលើ​ពិភពលោក​មាន​នៅ​ច្រើន​ប្រទេស ហើយ​នៅ​លើ​កោះ​តៃវ៉ាន់ គឺជា​តំបន់​ដែល​បង្កើត​ឆ្មា​កាហ្វេ​មុនគេ​នៅក្នុង​ឆ្នាំ​១៩៩៨ តែ​ត្រូវបាន​ពេញនិយម​ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ជប៉ុន​ឯនោះ​វិញ ។ លោក​បាន​អះអាង​ថា បើ​ប្រៀបធៀប​តម្លៃ​ចូល​ឆ្មា​កាហ្វេ​នៅ​លើ​ពាសពេញ​ពិភពលោក នៅ​កម្ពុជា ឆ្មា​ខេ​ត​ហ្វេ គឺ​មាន​តម្លៃ​ទាប​ជាងគេ​…
​សំឡេង​លោក ឈ​ន់ សុវណ្ណ​ដា ៖

 ពាក្យគន្លឹះ  បទយកការណ៍ឆ្មាកាហ្វេ

ព័ត៌មានផ្សេងទៀត