លែងជួលនាវាអគ្គិសនី តែសម្រេចសង់វារី និងស្ថានីយពន្លឺព្រះអាទិត្យបន្ថែម

05-04-2019 5:38 pm 6077
  ស្តាប់
ស្តាប់ជាសំឡេង

​បច្ចុប្បន្ន​កម្ពុជា​កំពុង​ខ្វះខាត​អគ្គិសនី​ដល់​ទៅ ៤០០​មេហ្កា​វ៉ាត់ ដែល​ធ្វើឲ្យ​ចរន្តអគ្គិសនី នៅ​ទូទាំង​ប្រទេស ត្រូវបាន​កាត់ផ្ដាច់ ឬ​ក៏​ផ្អាក​ជាច្រើន​ម៉ោង និង​ច្រើន​លើក​ក្នុង​មួយ​ថ្ងៃៗ ដែល​ជំរុញ​ឲ្យមាន​មតិ​រិះគន់​ព្រោងព្រាត​ពី​មហាជន​។ រិះគន់​ដោយសារតែ កង្វះខាត​អគ្គិសនី​ប្រើប្រាស់​នេះ ធ្វើឲ្យប៉ះពាល់ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​រាំងស្ទះ​ដល់​វិស័យ​សេដ្ឋកិច្ច​នានា​។​ ​ជា​ដំណោះស្រាយ រដ្ឋាភិបាល​ថា នឹង​ជួល​នាវា​ផលិត​អគ្គិសនី​តួ​ក​គី ដើម្បី​មក​បំពេញ​តម្រូវការ​។ ប៉ុន្តែ​គម្រោង​នៃ ត្រូវ​បាន​លុបចោល​ទៅវិញ ដោយសារតែ​មិន​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ​មួយចំនួន និង​មិន​មក​ទាន់​សភាពការណ៍​។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បានបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​អគ្គិសនី​ប្រមាណ​២០០​មេហ្គា​វ៉ាត់ ដែល​ទទួលបាន​ពី​ប្រទេសជិតខាង និង​ពី​ថាមពល​ផ្ទាំង​សូ​ឡា ដែល​អាច​កាត់បន្ថយ​ការលំបាក​រយៈពេល​ជាង​១​ខែ​នេះ​។ លើស​ពី​នោះ​ទៀត រាជរដ្ឋាភិបាល ចង់​យក​ថវិកា​ចំណាយ លើ​ការជួល​នាវា​ផលិត​អគ្គិសនី ដែល​មាន​តម្លៃ​ថ្លៃ​នោះ មក​ទិញ​ម៉ាស៊ីនភ្លើង​សម្រាប់​ដាក់​នៅ​ទីក្រុង​ភ្នំពេញ សម្រាប់​រយៈពេល​វែងឆ្ងាយ​តទៅ ដែល​ជា​ផលប្រយោជន៍​យូរអង្វែង​សម្រាប់​ប្រជាពលរដ្ឋ​។​

​ស្របពេល​ដែល​រដ្ឋាភិបាល សម្រេច​ឈប់​ជួល នាវា​ផលិត​អគ្គិសនី​តួ​ក​គី លោកនាយក​រដ្ឋមន្ត្រី បានប្រកាស នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​០៥ ខែ​មេសា​នេះ ដោយ​បាន​សម្រេច​ឲ្យ​សាងសង់​វា​រី​អគ្គិសនី និង​ស្ថានីយ​ដើរ​ដោយ ពន្លឺព្រះអាទិត្យ​ចំនួន​៣​កន្លែង បន្ថែមទៀត ដែល​អាច​ផ្តល់​អនុភាព សរុប​ប្រមាណ​២០០​មេហ្គា​វ៉ាត់​។​

ទីតាំង​ផលិត​ថាមពល​អគ្គិសនី​ថ្មី​នេះ រួមមាន​៖ ទី​១. វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិតនៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។ វា​រី​អគ្គិសនី​នេះ អាច​ផលិត​ថាមពល​បាន​ប្រមាណ ៨០​មេហ្កា​វ៉ាត និង​គ្រោង​ចំណាយ​ថវិកា​ជាង ២៣១​លាន​ដុល្លារ​អាមេរិក​។ ទី​២. ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ស្ថិតក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ផលិត​ថាមពល​បាន ៦០​មេហ្គា​វ៉ាត់ និង​ទី​៣. ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ស្ថិតនៅ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ផលិត​ថាមពល​បាន ៦០​មេហ្គា​វ៉ាត់​ផងដែរ​។​

​លោក ផៃ ស៊ីផា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឲ្យដឹងថា គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ គឺជា​គម្រោង​អាទិភាព​មួយ ដែល​រាជរដ្ឋាភិបាល បាន​បញ្ចូល​ក្នុង​ផែនការមេ អភិវឌ្ឍន​វិស័យ​អគ្គិសនី ដែល​ត្រូវ​ដាក់ឲ្យ​ដំណើរការ នៅ​ឆ្នាំ​២០២៣ ហើយ​បាន​ចាប់ផ្តើម​ដំណើរ​ការសិក្សា​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។​

​ទន្ទឹម​នឹង​ការឯកភាព​ឲ្យ​សាងសង់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ក្រើនរំលឹក ឲ្យ​យកចិត្តទុកដាក់​ដោះស្រាយ​ផលប៉ះពាល់ ជូន​ប្រជាពលរដ្ឋ ទាំង​ដី​លំនៅដ្ឋាន ដី​កសិកម្ម និង​សិក្សា​ផលប៉ះពាល់​បរិស្ថាន​ផងដែរ​។​

​បើ​តាម​ការសិក្សា គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​ទី​១​នេះ បង្ក​ឲ្យមាន​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​មួយចំនួន ដោយ​រដ្ឋាភិបាល​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​៨​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​លើ​បញ្ហា​នេះ​។​

​សូមបញ្ជាក់​ថា កង្វះខាត​អគ្គិសនី​ប្រើប្រាស់ នាពេល​បច្ចុប្បន្ន ដោយសារ មាន​តម្រូវការ​ច្រើន លើ​ការវិនិយោគ​យ៉ាងគំហុក លើ​វិស័យ​សំណង់​អគារ​ធំៗ កង្វះ​ទឹក​សម្រាប់​ផ្គត់ផ្គង់ វា​រី​អគ្គិសនី នៅ​ទូទាំង​ប្រទេស ក៏​ជា​មូលហេតុ​ដែល​នាំ ឲ្យ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​នេះ​ផង​ដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី លោក ទី នរិន្ទ រដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តី​ពី​ថាមពល​អគ្គិសនី កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។​

​លោក ទី នរិន្ទ បាន​សន្យាថា បញ្ហា​កង្វះ​ខាត​អគ្គិសនី​នា​ឆ្នាំ គឺជា​មេរៀន និង​ជា​បទពិសោធន៍ សម្រាប់​កែលម្អ​នៅ​ឆ្នាំ​បន្ទាប់ៗ មិន​ឲ្យ​ជួប​បញ្ហា​នេះ​ទៀតឡើយ​។

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្រៅពី​ការស្វែងរក​វិធានការ​ដោះស្រាយ លើ​បញ្ហា​កង្វះខាត​អគ្គិសនី​ប្រើប្រាស់​នេះ លោក​ក៏​ស្នើសុំ​ការយោគយល់ ទៅលើ​បញ្ហា​ដ៏​លំបាក ក្នុង​រយៈពេល​ខ្លី​នេះ និង​ស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ម៉ាស៊ីនភ្លើង អាច​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​ជំនួស នៅពេល​ដែល​ដាច់​ភ្លើង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត