កិច្ចព្រមព្រៀង​​បញ្ចប់​ជម្លោះ​​ពាណិជ្ជកម្ម​​អាមេរិក​-​ចិន​​អាច​ប្រកាស​​នៅ​​៤​សប្ដាហ៍​ក្រោយ​

05-04-2019 9:45 am 402
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​ខិត​កាន់តែ​ជិត​ហើយ ដែល​អាច​នឹង​ប្រកាស​ក្នុងពេល​ប្រហែល​៤​សប្ដាហ៍​ទៀត​។ ប៉ុន្ដែ​លោក​ក៏​ព្រមាន​ពី​ផល​លំបាក​ក្នុង​ការរក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​ជាមួយ​អាមេរិក ប្រសិនបើ​បញ្ហា​នៅ​សេសសល់​មិនអាច​ដោះស្រាយបាន​។ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សេត​វិមាន ពេល​ចាប់ផ្ដើម​កិច្ចប្រជុំ​ជាមួយ​ឧបនាយករដ្ឋមន្ដ្រី​ចិន លោក​ត្រាំ​ថា​បញ្ហាសំខាន់ៗ​មួយចំនួន​ក្នុង​កិច្ចព្រមព្រៀង​ត្រូវបាន​ព្រមព្រៀង ប៉ុន្ដែ​នៅ​ខ្វែងគំនិត​គ្នា​ត្រង់ចំណុច​មួយចំនួនទៀត​។​

​សូមបញ្ជាក់ថា អាមេរិក​និង​ចិន​បាន​ប្រឈមមុខ​ផ្នែក​ពាណិជ្ជកម្ម​ខ្លាំងក្លា​តាំងពី​ឆ្នាំមុន ដោយបាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ ជម្លោះ​ពាណិជ្ជកម្ម​នេះ​ក៏​ធ្វើឲ្យ​រង្គោះរង្គើ​ដល់​ទីផ្សារ​អន្ដរជាតិ ជាហេតុ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទទូច​ស្នើ​ប្រទេស​ទាំងពីរ ត្រូវ​ដោះស្រាយ​ជាបន្ទាន់​បើ​មិន​ចង់​ជួប​បញ្ហា​ធំ​៕

ព័ត៌មានផ្សេងទៀត