ត្រីមាស​ទី​១​ ឆ្នាំនេះ​ ការនាំចេញ​អង្ករ​​របស់​កម្ពុជា​ កើនឡើង​៦%​

05-04-2019 9:25 am 1479
  ស្តាប់
ស្តាប់ជាសំឡេង

​តាម​របាយការណ៍​របស់លេខាធិការដ្ឋាន ច្រកចេញចូល​តែមួយ សម្រាប់​បំពេញ​បែប​នាំចេញ​អង្ករ បង្ហាញថា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន​១៧០,៨២១​តោន កើនឡើង​ចំនួន​៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​។ 

​តួលេខ​កើនឡើង​នេះ គឺជា​រឿង​គួរឲ្យ​កត់សម្គាល់ខណៈ​អង្ករ​របស់​កម្ពុជា ត្រូវបាន​គិត​ពន្ធ​ពេល​នាំចេញ​ទៅ​អឺរ៉ុប​។ ប៉ុន្តែ​នេះ បង្ហាញឲ្យឃើញថា ការនាំចេញ​អង្ករ​កម្ពុជា​មិន​ស្រុតចុះ​នោះឡើយ​។ ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា ក្រៅពី​អឺរ៉ុប​មាន​ទីផ្សារ​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​។​

​កន្លងទៅ​លោក​ហ៊ុន សែន បាន​ថ្លែងថា បើទោះបី​កម្ពុជា​ត្រូវ​បង់ពន្ធ​ថ្លៃ​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​អឺរ៉ុប ក៏ដោយ​ក៏​ការនាំចេញ​អង្ករ​មាន​ការកើនឡើង ដូច្នេះ​មានន័យថា បើទោះបី​អឺរ៉ុប​យកពន្ធ ប៉ុន្ដែ​កម្ពុជា​នៅតែ​បន្ដ​នាំទៅ​ដដែល ហើយ​មិនមែន​នាំចេញ​សម្រាប់តែ​ទីផ្សារ​អឺរ៉ុប​ប៉ុណ្ណោះ​ទេ ពោល​អង្ករ​ខ្មែរ​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៩​មក សហគមន៍​អឺរ៉ុប​ចាប់ផ្តើម គិត​ពន្ធ​លើ​ការនាំ​ចូល​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ដោយ​ឆ្នាំ​ទី​១​តម្លៃ​ពន្ធ ១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​១​តោន​, ឆ្នាំ​ទី​២ តម្លៃ​ពន្ធ​១៥០​អឺរ៉ូ (​ប្រហែល​១៧០​ដុល្លារ​) ក្នុង​១​តោន និង​ឆ្នាំ​ទី​៣ តម្លៃ​ពន្ធ​១២៥​អឺរ៉ូ (​ប្រហែល​១៤០​ដុល្លារ​) ក្នុង​១​តោន​៕

 ពាក្យគន្លឹះ  ការនាំចេញអង្ករ

ព័ត៌មានផ្សេងទៀត