វិធី​ធ្វើ​ទូ​ភ្ញាស់​កូន​មាន់​ដោយ​ខ្លួនឯង​

04-04-2019 5:36 pm 653

​សម្ភារ​សម្រាប់​ប្រើប្រាស់​ធ្វើ​ទូ​ភ្ញាស់ ៖
- កេស​ស្នោ​ដាក់​ផ្លែឈើ​ចំនួន​២
- ស្កុត​១​ដុំ​
- ដែកគោល​អង្កាម​១​ខាំ​
- បំពង់​ទីប ដែក​អ៊ី​ណុ​ក​ទំហំ​៥​ហ៊ុន ប្រវែង​៥​តឹក​
- សំណាញ់​ជ័រ​៥​តឹក​
- ចង្កៀងប្រេងកាត​តូច​១
- ក្រដាស​អាលុយមីញ៉ូម​១​ដុំ​ធំ​
- ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​១
- ចាន​ដាក់​ទឹក​២ 
- ជំនៀរ​ឈើ​តូចៗ ជ​ម្រាក​ស្តើងៗ​

​របៀប​ធ្វើ​ទូ​ភ្ញាស់ ៖
​យក​កេស​ផ្លែឈើ​មក​សម្អាត និង​កាត់​ឱ្យបាន​ស្មើ​ល្អ​ជាង​មុន បន្ទាប់មក យក​ក្រដាស​អាលុយមីញ៉ូម បិទ​ឱ្យ​ជាប់​នៅ​ផ្ទៃ​ខាង​ក្នុងនៃ​កេស​ឱ្យ​ជិត​ល្អ ហើយ​ចាប់ផ្តើម​យក​ជំនៀរ​ឈើ​តូចៗ មក​ដំ គាប​សំណាញ់​ជ័រ​ជុំវិញ ដែល​មាន​ទទឹង និង​បណ្តោយ​តាម​ទំហំ​ប្រវែង​ទូ និង​ទុក​ចោះ​ប្រហោង​ចំ​កណ្តាល​ដើម្បី​ដាក់​បំពង់​ទី​ប ។​
​បន្ទាប់មក ចាប់ផ្តើម​ចោះ​ទ្វារ​បិទ​បើក​ទូ​ទំហំ​ប្រហែល ១,២​តឹក បួន​ជ្រុង ចំនួន​២​ខាងលើ ១​សម្រាប់​ដាក់​ពង និង​ទែ​ម៉ូ​ម៉ែត្រ ខាងក្រោម​សម្រាប់​ដាក់​ទឹក និង​ចង្កៀង​ដុត​កម្តៅ​ជាការ​ស្រេច ។​

​របៀប​ដាក់​ពងមាន់​ភ្ញាស់ ៖
​យក​ពងមាន់​ពី​សម្បុក​ដែល​មេ​កំពុង​ពង មក​ទុក​ឱ្យ​បាន​ច្រើន ទើប​ចាប់ផ្តើម​ដាក់​ក្នុង​ទូ​ភ្ញាស់ ។ ក្នុង​ទូ​មួយ ដាក់​បាន​ចំនួន​៨០-៨៥​គ្រាប់ ក្នុង​ទូ​នោះ យើង​ចាប់ផ្តើម​អុចចង្កៀង​ឱ្យមាន​កម្តៅ​ត្រឹម ៣៧-៣៨​អង្សា​សេ មិន​ឱ្យ​កម្តៅ​ខ្ពស់ និង​ទាប​ជាង​នោះ​ទេ ។ ត្រូវ​បង្វិល​ពង​រាល់​៣-៤​ដង​នៅ​ពេល​ថ្ងៃ និង​១-២​ដង​ក្នុង​មួយ​យប់ នៅពេល​យប់ ការធ្វើ​បែប​នេះ រហូតដល់​២០-២១​ថ្ងៃ ទើប​កូន​មាន់​ញាស់ ។​

​ដកស្រង់​ចេញពី​គេហទំព័រ សហគមន៍​សម្បូរ​សប្បាយ ៕

ព័ត៌មានផ្សេងទៀត