«​ហ្វេ​សប៊ុក​»​អាច​ជា​អន្ទាក់​​គ្រោះថ្នាក់​​បើ​អ្នក​ប្រើប្រាស់​​ហួស​​ព្រំដែន​​​​​ច្បាប់​​

04-04-2019 2:44 pm 584
ការប្រើប្រាស់ហ្វេសប៊ុក។

​នៅ​កម្ពុជា​សព្វថ្ងៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម​«​ហ្វេ​សប៊ុក​»​បាន​ជះឥទ្ធិពល​កាន់តែខ្លាំង​ឡើងៗ​នៅ​ក្នុងសង្គម​។​ពលរដ្ឋ​កម្ពុជា ទាំង​ក្មេង​ចាស់​បាន​យក​បណ្ដាញ​សង្គម​នេះ ធ្វើជា​ការ​ឧបករណ៍​កម្សាន្ត ផ្តល់ព័ត៌មាន ការបញ្ចេញមតិ និង រិះគន់ លើ​បញ្ហា​អ្វីមួយ​ដែល​គេ​មិន​ពេញចិត្ត​។ ប៉ុន្តែ​គេ​មើលឃើញថា អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួនធំ ហាក់​មិនសូវ​យល់​អំពី​ច្បាប់ទម្លាប់​នោះឡើយ ហើយ​បានធ្វើឱ្យ​ភ្លាំងភ្លាត់​កើតជា​កំហុស​ដូច​ករណី​លោក ​ផែង វណ្ណៈ​ កាលពីពេល​ថ្មីៗ​នេះ​។ តើ​នេះ​មកពី​មូលហេតុ​អ្វី​?​

​ការប្រើប្រាស់​បណ្តាញ​សង្គម​«​ហ្វេ​សប៊ុក​»​នៅ​កម្ពុជា​បច្ចុប្បន្ន នៅតែ​ពេញនិយម​សម្រាប់​មនុស្ស​ខ្មែរ​ទូទៅ​។ ភាព​ពេញនិយម​នេះ អាច​ដោយសារតែ​ហ្វេ​សប៊ុក​សំបូរ​នូវ​ទស្សនីយភា​ព​ផ្សេងៗ ដើម្បី​ទស្សនា​បំបាត់​ការ​អផ្សុក​នៅ​ពេលទំនេរ និង អាចជួយ​ឱ្យ​អ្នកប្រើប្រាស់​បាន​បញ្ចេញមតិ ឬ រិះគន់ លើ​បញ្ហា​សង្គម​នានា​ដែល​គេ​មិន​ពេញចិត្ត​មាន​ជាអាទិ៍ ការកកស្ទះ​ចរាចរ បញ្ហា​សម្រាម ការបើកបរ​មិន​គោរព​ច្បាប់ រួមទាំងសំណេរ​ផ្សេងៗ​ទៀត​។​

​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បើ​ពិនិត្យ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក គេ​នឹង​ឃើញ​មាន​សំណេរ​ជាច្រើន​។ សំណេរ​ទាំងនោះ​មាន​ច្រើន​ប្រភេទ​ដូចជា​៖ ការរិះគន់ ការសម្តែង​មតិ ការ​បង្ហោះ​ព័ត៌មាន រួមទាំង​ការបញ្ចេញ​អារម្មណ៍​អណ្តែតអណ្តូង ស្នេហា និង ការ​ទួញ​យំ​ថែមទៀត​ផង​។​ក្រៅពីនេះ​ក៏មានដែរ សំណេរ​សង្គ្រាម​ប៉ាកកា ការ​ឌឺដង និង ឈានដល់​ការជេរប្រមាថ លាប​ពណ៌​គ្នា រវាង​សកម្មជន​នយោបាយ​ដែលមាន​និន្នាការ​នយោបាយ​ខុសគ្នា​។​

​រូបភាព​បែបនេះ ស្ទើរ​ក្លាយជា​ទម្លាប់​ទៅហើយ​សម្រាប់​អ្នកលេង​ហ្វេ​សប៊ុក​នៅ​ក្នុងសង្គម​ខ្មែរ​។ តែ​ទម្លាប់​នេះ​ពុំមែន​ជា​ទម្លាប់​ល្អ​ឡើយ ផ្ទុយទៅវិញ​វា​ជា​ទម្លាប់​អាក្រក់​ល្មើស​នឹង​ច្បាប់​ដែល​មានចែង​កន្លងទៅ​។​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែង​យ៉ាងច្បាស់ ពី​ការ​បញ្ជេញមតិ និង ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន​។​

​ជាទូទៅ​មាត្រា​ដែល​អ្នកលេង​ហ្វេ​សប៊ុក​ប្រព្រឹត្តខុ​សដោយ​មិនដឹ​ង​ខ្លួន​មានដូចជា​៖ មាត្រា​៣០៥ ស្តីពី បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ មាត្រា​នេះ​ចែងថា គ្រប់​ការអះអាង​បំផ្លើស ឬ ការ​ទម្លាក់កំហុស​ដោយ​អ​សុទ្ធចិត្ត​លើ​អំពើ​ណាមួយ ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្ត​យស ឬ​កិត្តិ​ស័ព្ទ​នៃ​បុគ្គល ឬ​នៃ​ស្ថាប័ន គឺជា​ការ​បរិហាកេរ្តិ៍​។​រីឯ​មាត្រា​៣០៧ នៃ​ក្រមព្រហ្មទណ្ឌ បទ​ជេរប្រមាថ​ជា​សាធារណៈ មានន័យថា គ្រប់​ពាក្យ​ប្រមាថ គ្រប់​ពាក្យសម្តី​មើលងាយ ឬ​គ្រប់​ពាក្យ​ទ្រគោះ ដែល​មានការ​ទម្លាក់កំហុស​ទៅលើ​អំពើ​ណាមួយ គឺជា​ការជេរប្រមាថ​។​

​ជា​ការពិត ទទួលស្គាល់ថា សង្គម​កម្ពុជា​ជា​ប្រទេស​ប្រកាន់យក​លទ្ធិប្រជាធិបតេយ្យ សេរី​ព ហុ​បក្ស​។ តាមច្បាប់​ពលរដ្ឋ​មាន​សិទ្ធិ សេរីភាព​ក្នុង​ការបញ្ចេញមតិ ឬ​រិះគន់​លើ​ដំណើរ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​។​ដូច្នេះ​ការប្រើប្រាស់​បណ្ដាញ​សង្គម  ការ​បញ្ជេញមតិ ឬ​ចែករំលែក​ព័ត៌មាន​របស់​ពលរដ្ឋ គឺជា​ធាតុផ្សុំដ៏​សំខាន់ ដើម្បី​ជួយ​ការពារ និង​អភិវឌ្ឍ​សង្គម​រួមគ្នា​។​ប៉ុន្តែ​សេរីភាព​នេះ គួរប្រើ​ឱ្យបាន​ត្រឹមត្រូវ កុំឱ្យ​ហួស​ពី​ព្រំដែន​ច្បាប់ និង កុំឱ្យ​បំពាន​សិទ្ធិ​របស់​អ្នកដទៃ​។​

​រហូត​មកដល់ពេលនេះ គឺមាន​ពលរដ្ឋ​មួយចំនួន ត្រូវបាន​តុលាការ​សម្រេច​ដាក់ពន្ធនាគារ​ដោយសារតែ​បង្ហោះ​ព័ត៌មាន​នៅតាម​បណ្តាញ​សង្គម​។ ក្នុងនោះ​មាន​យុវជន​គង់ រៃ​យ៉ា ជា​មនុស្ស​ដំបូង​គេ ពលរដ្ឋ​ពីរ​នាក់​នៅ​ខេត្ត​កំពង់ធំ និង ខេត្តតាកែវ ត្រូវ​តុលាការ​សម្រេច​ដាក់ពន្ធនាគារ ដោយសារ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ថា មាន​ជនជាតិ​វៀតណាម​ចាប់​ក្មេង​វះ​យក​គ្រឿងក្នុង និង ចុងក្រោយ​គឺ​លោក​ផែង វណ្ណៈ អ្នកលេង​ហ្វេ​សប៊ុក​សកម្ម ហើយ​ករណី​លោក​ផែង វណ្ណៈ​នេះ អាចជា​សារ​មួយ​ដល់​អ្នកលេង​ហ្វេ​សប៊ុក​សព្វថ្ងៃ​។​

​ជារួម​ករណី​ទាំងនេះ មិន​ខុស​នឹង​ទ្រឹស្តី​ទូន្មាន​របស់​ព្រះពុទ្ធសាសនា​ទេ​ដែល​«​អ្នក​សាបព្រោះ​នៅ​គ្រាប់ពូជ​ណា អ្នកនឹង​ទទួលបាន​ផល​នៃ​គ្រាប់ពូជ​នោះ​»​។​ដូច្នេះ​ទាំង​លទ្ធផល ល្អ និង អាក្រក់ មិនមែន​កើតចេញពី​ហ្វេ​សប៊ុក​នោះទេ គឺ​កើតចេញពី​អ្នកប្រើប្រាស់​ដោយ​ខ្លួនឯង​ដោយ​មិន​យល់​ច្បាប់​។​ប្រសិនបើ​អ្នកប្រើប្រាស់​វា គ្រាន់តែ​ដើម្បី​ចែករំលែក ព័ត៌មាន ចំណេះដឹង គំនិតល្អៗ និង កម្សាន្ត​មាន​ប្រយោជន៍ ដោយមាន​ពេលវេលា​ត្រឹមត្រូវ គឺជា​រឿង​ល្អប្រសើរ​សម្រាប់​សង្គម និង​ជាពិសេស គឺ​ខ្លួនឯង​ផ្ទាល់​។

​ប៉ុន្តែ​បើ​គ្រាន់តែ លេង​ដើម្បី​រិះគន់​ឈ្នានីស ជេរប្រមាថ លាប​ពណ៌​គ្នា បង្ហោះ​រូប​អាសអាភាស និង ផ្សាយ​ព័ត៌មាន​បំពុល​សង្គម វា​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ខ្លួនឯង ហើយ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ទោសទណ្ឌ​ថែមទៀត​។​ដូល​កំភ្លេចថា ការប្រើប្រាស់​បណ្ដាញ​សង្គម គឺជា​ផ្នែក​មួយ​នៃ​សេរីភាព​បញ្ចេញមតិ​របស់​មនុស្ស​គ្រប់គ្នា​។​តែ​សេរីភាព​នេះ ក៏ត្រូវ​គិតគូរ​ដល់​សិទ្ធិសេរីភាព កេរ្តិ៍ឈ្មោះ និង សេចក្តីថ្លែថ្លូ​ររបស់​អ្នកដទៃ រួមទាំង​សង្គមជាតិ​ដែរ​។​ដូច្នេះ អំណឹះតទៅ​ប្រជាជន​ខ្មែរ​មួយចំនួន​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ ឬ​ទម្លាប់​អាក្រក់​មួយចំនួន​ចេញ ហើយ​ត្រឡប់មក​ចែករំលែក​ចំណេះដឹង ឬ​គំនិតល្អៗ នេះ​ទើប​ជា​ការជួយ​សង្គមជាតិ​ពិតប្រាកដ​៕

ព័ត៌មានផ្សេងទៀត