សាលាក្រុង​ព្រមាន​ចាត់វិធានការ​លើ​អ្នក​បិទ​ផ្ទាំង​ពាណិជ្ជកម្ម​នៅ​ទី​សាធារណៈ​

04-04-2019 2:09 pm 662

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា «​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ទង្វើ​អសកម្ម​ទាំងនេះ ហើយ​ត្រូវ​បក​ចេញ​ឱ្យ​អស់​នូវ​ស្ទីក​ឃ័រ បណ្ណ​ព័ត៌មាន បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សេវាកម្ម និង​ផលិតផល​របស់​ខ្លួន ក្នុង​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​» ។​

​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២ ខែ​មេសា បានបញ្ជាក់​ថា ក្នុង​ករណី​មិន​អនុវត្ត​តាម​ការណែនាំ​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់​វិធានការ​រដ្ឋបាល​ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឡើយ ហើយ​នឹង​ប្រមូល​វត្ថុតាង​ទាំងអស់ ដើម្បី​រៀបចំ​នីតិវិធី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។​

​សេចក្តីជូនដំណឹង​នេះ ធ្វើឡើង​ក្រោយ​សង្កេតឃើញថា នៅតែ​បន្ត​មាន​ការបិទ​ស្ទីក​ឃ័រ​, ចង​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម សេវាកម្ម ផលិតផល​យ៉ាង​អនាធិបតេយ្យ នៅ​តាម​បង្គោល​ភ្លើង​, ដើមឈើ​, បង្គោល​ចរាចរណ៍​, របង​អគារ​, របង​ការដ្ឋាន​, ទីសាធារណៈ និង​ការចែក​ខិត្តបណ្ណ​តាម​ភ្លើងស្តុប​ជាដើម ដែល​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សោភណភាព សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ ៕

ព័ត៌មានផ្សេងទៀត