អាមេរិក​ព្រមាន​តួ​ក​គី រឿង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ពី​រុស្ស៊ី​

04-04-2019 9:42 am 824
  ស្តាប់
ស្តាប់ជាសំឡេង

​អនុ​ប្រធានាធិបតី​អាមេរិក លោក​Mike Pence បាន​ប្រឆាំង​ទៅនឹង​តួ​ក​គី ពាក់ព័ន្ធ​នឹង​ការបញ្ជាទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ S-400​ពី​រុស្ស៊ី​។ សម្រាប់​អាមេរិក បាន​មើលឃើញថា ការទិញ សព្វាវុធ​នេះ មកប្រើប្រាស់ ជា​ការគំរាមកំហែង ដល់​យន្តហោះ​ចម្បាំង US F-35 របស់​អាមេរិក​។ លោក​Mike Pence បាន​និយាយថា តួ​ក​គី​ត្រូវតែ​ជ្រើសរើស រវាង​ការរក្សា​វត្តមាន​ជា​សមាជិក​ដ៏​សំខាន់​របស់​អង្គការ​ណា​តូ ឬ​ហានិភ័យ​សន្ដិសុខ​នៃ​ភាពជា​ដៃគូ តាមរយៈ​ការសម្រេចចិត្ត​បែប​ប្រថុយប្រឋាន ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​? ការ​ថ្លែង​របស់លោក Mike Pence ធ្វើឡើង​នៅក្នុង​ពិធី​ជួបជុំ នៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​រំលឹក​ខួប​លើក​ទី ៧០ របស់​ណា​តូ​។​

​ជា​ការឆ្លើយតប រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក​Mevlut Cavusoglu បានបញ្ជាក់​ម្តង​ទៀតថា កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី ដែល​មានតម្លៃ​ខ្ទង់លាន​ផោន​នោះ នឹងមិន​ត្រូវបាន​លុបចោល​នោះទេ​។ ចំណែក អនុ​ប្រធានាធិបតី​តួ​ក​គី បាន​សរសេរ​នៅលើ tweeter​ថា អាមេរិក​ត្រូវតែ​ជ្រើសរើស តើ​ចង់​រក្សា​សម្ព័ន្ធមិត្ត​តួ​ក​គី ឬ​ហានិភ័យ​នៃ​ចំណងមិត្តភាព តាមរយៈ​ការចូលរួម​ជា​មួយក្រុម​ភេរ​វជន ដែល​ធ្វើឲ្យប៉ះពាល់​ដល់​កិច្ចការពារ របស់​សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ ប្រឆាំងនឹង​សត្រូវ ? 

​ក្នុងន័យនេះ ទំនងជា​តួ​ក​គី ចង់​សំដៅលើ​អាមេរិក ដែល​តាម​ការពារ​ក្រុម​Kurdish ពី​ការប៉ុនប៉ង​កម្ចាត់​ដោយ​តួ​ក​គី​។ ក្រុម Kurdish​ស៊ី​រី ត្រូវបាន​តួ​ក​គី​ចាត់ទុកថា ជា​ក្រុម​ភេរ​វករ អុកឡុក​ក្នុងប្រទេស​ខ្លួន ផ្ទុយ​ពី​អាមេរិក​ដែល​ចាត់ទុក​ក្រុម​នេះ ជា​សម្ព័ន្ធមិត្ត ព្រោះតែ​ពួកគេ​បាន​ជួយ​កម្ចាត់​ក្រុម​IS​។ យ៉ាងណា តួ​ក​គី​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា នៅតែ​បញ្ជា​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ S-400​ពី​រុស្ស៊ី ដើម្បី​ទុក​ការពារ​ខ្លួន ខណៈ​តួ​ក​គី​រង​ការគំរាមកំហែង​ពី​ក្រុម​ឧទ្ទាម​Kurdish និង​ក្រុម​សកម្ម​ប្រយុទ្ធ​IS​។​

​ភាព​រកាំរកូស​កន្លង​មក បានធ្វើឲ្យ​ទំនាក់ទំនង រវាង​អាមេរិក​និង​តួ​ក​គី មិនសូវ​រលូន​ប៉ុន្មាន​ទេ ហើយ​តួ​ក​គី​បាន​ងាក ទៅ​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​រុស្ស៊ី​វិញ​។ ទំនាក់ទំនង​ជិតស្និទ្ធ រវាង​តួ​ក​គី​និង​រុស្ស៊ី បាន​បង្ហាញឲ្យឃើញ​កាន់​តែ​ច្បាស់ តាមរយៈ​កិច្ចព្រមព្រៀង​ទិញ​និង​លក់​សព្វាវុធ​នេះឯង​៕

ព័ត៌មានផ្សេងទៀត