ក្រសួង​សេដ្ឋកិច្ច​៖ កម្ពុជា​ជំពាក់​បរទេស​ប្រមាណ​តែ​$៧​ពាន់​លាន​ប៉ុណ្ណោះ​

03-04-2019 3:57 pm 753
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា ជា​លក្ខណៈ​បច្ចេកទេស កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ចំនួន​ប្រមាណ​តែ​៧​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ គិត​ត្រឹម​ឆ្នាំ​២០១៨ ។ ការបញ្ជាក់​នេះ ធ្វើឡើង​ក្រោយ​សង្កេតឃើញថា មាន​សារព័ត៌មាន​ក្នុងស្រុក និង​បរទេស​មួយ​ចំនួន​បាន​ដកស្រង់​តួលេខ និង​យក​ទៅ​បកស្រាយ​ខុស​ន័យ​បច្ចេកទេស ដែល​អាច​ធ្វើឱ្យ​សាធារណជន​មាន​ការភ័ន្តច្រឡំ...

​តាម​តួលេខ​ពី​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​លេខ​៧ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សាយ​ជា​សាធារណៈ បានបង្ហាញ​ថា កម្ពុជា​មាន​បំណុល​បរទេស​ជាង​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០១៨ ។ 

​តួលេខ​នេះ ត្រូវបាន​ដកស្រង់ និង​ផ្សព្វផ្សាយ​ចេញ​ដោយ​សារព័ត៌មាន​ក្នុងស្រុក​ជា​ភាសា​ខ្មែរ និង​បរទេស​មួយ​ចំនួន ដែល​ក្រសួង​សេដ្ឋកិច្ច​អះអាងថា បាន​ដកស្រង់ និង​បកស្រាយ​ខុស​ន័យ​បច្ចេកទេស និង​អាច​ធ្វើឱ្យ​សាធារណជន​ភ័ន្តច្រឡំ ។​

​ក្រសួង​បញ្ជាក់ថា តួលេខ​ជា​ង​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​នោះ គឺជា​តួលេខ​នៃ​ការខ្ចី​ឥណទាន​សម្បទាន ដែល​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​អភិវឌ្ឍ គិត​ចាប់ពី​ឆ្នាំ​១៩៩៣ រហូតដល់​ដំណាច់​ឆ្នាំ​២០១៨ ពោល​គឺ ពុំមែន​ជា​តួលេខ​បំណុល​សាធារណៈ​ក្រៅប្រទេស​ដែល​កម្ពុជា​ជំពាក់​ជាក់ស្តែង គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​ទេ ។​

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃ​ទី​២ ខែ​មេសា បានបញ្ជាក់​បន្តថា ផ្ទុយទៅវិញ បើ​គិត​ជា​លក្ខណៈ​បច្ចេកទេស ទំហំ​បំណុល​សាធារណៈ​ក្រៅប្រទេស​ដែល​កម្ពុជា​ជំពាក់​ជាក់ស្តែង គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨ មាន​ចំនួន​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ។​

​ក្រសួង​សេដ្ឋកិច្ច​បាន​ពន្យល់ថា បើ​គ្រាន់តែ​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​ពី​ក្រៅ​ប្រទេស ពុំទាន់​មាន​ន័យ​ថា យើង​ជំពាក់​បំណុល​បរទេស​ទេ គឺ​លុះត្រាតែ​យើង​បាន​ដក​សាច់ប្រាក់​ពី​ដៃគូ​យកមក​ប្រើប្រាស់ ទើប​គិតថា ជា​បំណុល​សាធារណៈ​ក្រៅប្រទេស ហើយ​ជាក់ស្តែង យើង​ក៏​មាន​ការ​បង្វែរ​សាច់ប្រាក់​ដែល​មិន​បាន​ប្រើប្រាស់​មួយចំនួន និង​សង​ប្រាក់​ដើម​ជា​បណ្តើរៗ ទៅ​ដៃគូ​វិញ​ដែរ ៕

ព័ត៌មានផ្សេងទៀត