ACU សម្រេច​បើក​ការស៊ើបអង្កេត​លើ​ករណី​លោក​ផែង វណ្ណៈ​

02-04-2019 6:59 pm 2056

​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានបញ្ជាក់​ថា នឹង​បើក​ការស្រាវជ្រាវ​លើ​ករណី​លោក ផែង វណ្ណៈ តាម​ពាក្យបណ្តឹង​របស់​លោក​ពេជ្រ ស្រស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។

​លិខិត​របស់ អង្គភាព​ប្រ​​ឆាំង​អំពើពុករលួយ ផ្ញើ​ទៅកាន់ លោក ពេជ្រ ស្រស់ នៅថ្ងៃទី០២ ខែមេសានេះ បានបញ្ជាក់​ថា​៖ តាម​ស្មារតី​អង្គប្រជុំ​វិភាគ ពាក្យ​ប្តឹង​ពេលព្រឹក ថ្ងៃ​អង្គារ ទី​០២ ខែ មេសា ឆ្នាំ​២០១៩ ដែល​ឯកឧត្តម និង​សហការី ឯកឧត្តម បាន​ចូលរួម​ស្តាប់ និង​ការពារ​ពាក្យ​ប្តឹង​របស់​ខ្លួន​ដែរ​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​យល់ឃើញថា ឯកឧត្តម មាន​កង្វល់​យ៉ាងខ្លាំង​ពី​ភាព តំណាង​របស់​លោក ផែង វណ្ណៈ ក្នុងករណី​ការស្លាប់​បាត់បង់​ជីវិត​របស់ កញ្ញា​និស្សិត ខ្ញុំ រី​ដា ហើយ​ផល​បច្ច័យ​នៃ​អំពើ​នោះ អាចមាន​អ្វី​កើតឡើង ដូចម្តេច​ខ្លះ​ទៀត ដែល​តាម ឯកឧត្តម បាន​សង្ស័យ​លើ​ចំណុច​ខ្លះៗ​ដោយមាន​មូលដ្ឋាន​មួយចំនួន​។

​លិខិត​បន្តថា លើ​មូលដ្ឋាន​នេះ ពិតមែនតែ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​មាន​មូលដ្ឋាន​សមល្មម​ឲ្យ​បើ​កការស៊ើបអង្កេត​លើ​ករណី​នេះ ក៏​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​បើក​ការស្រាវជ្រាវ​ប្រមូល​ពត៌មាន​បន្ថែមទៀត​សិន មុន​នឹង​បន្ត​នីតិវិធី​បើក ឬ​មិន​បើក​ការស៊ើបអង្កេត​។​

​សូមបញ្ជាក់​ថា លោក ផែង វណ្ណៈ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់ ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​ពាក្យបណ្តឹង​របស់​មេធាវី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕

 

ព័ត៌មានផ្សេងទៀត