អាមេរិក​​ប្រកាស​ផ្អាក​​កម្មវិធី​​លក់​យន្ដហោះ​​ចម្បាំង​​ឲ្យ​តួ​ក​គី​​ដោយសារ​​រឿង​មួយ​

02-04-2019 4:14 pm 756
  ស្តាប់
រូបភាពយន្ដហោះចម្បាំងប្រភេទ​F-35​
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បានឲ្យដឹងថា បាន​ផ្អាក​រាល់​កម្មវិធី​ទាំងអស់​ទាក់ទង​នឹង​ការទិញ​លក់​យន្ដហោះ​ចម្បាំង​ប្រភេទ​F-35​ទៅឲ្យ​ប្រទេស​តួក​គី បន្ទាប់ពី​តួ​ក​គី​ដេញថ្លៃ​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​។ រយៈពេល​ជាច្រើន​ខែ​នៃ​ការព្រមាន​ទៅ​តួ​ក​គី អាមេរិក​ថា​ការសម្រេចចិត្ដ​របស់​តួក​គី​ទិញ​ប្រព័ន្ធ​ការពារមី​ស៊ីល​S-400​ពី​រុស្សី មិន​សមស្រប​នឹង​កម្មវិធី​យន្ដហោះ​ចម្បាំង​អាមេរិក​ឡើយ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អាមេរិក​លោក​Charles E. Summers Jr​បាន​និយាយថា លុះត្រាតែ​តួ​ក​គី​បោះបង់ចោល​ផែនកា​រទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​រុស្ស៊ី មិន​អ៊ីចឹង​ទេ​អាមេរិក​នឹង​ផ្អាក​ទាំងអស់​រាល់​សកម្មភាព​ពាក់ព័ន្ធ​កម្មវិធី​ប្រតិ​បត្ដិការយ​ន្ដ​ហោះ​ចម្បាំង​F-35​។ បើ​តួ​ក​គី​នៅតែ​បន្ដ​ទទួលយក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ កម្មវិធី​យន្ដហោះ​ចម្បាំង​F-35​នឹង​ប្រឈម​ហា​នី​ភ័យ​ខ្ពស់​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​។​

​ក្រុមមន្ដ្រី​អាមេរិក​បាន​សម្ដែង​ការព្រួយបារម្ភ​ថា តាមរយៈ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​រុស្ស៊ី​អាច​តាមដាន​ទិន្នន័យ​ពី​យន្ដហោះ​ចម្បាំង​F-35 ដើម្បី​យកទៅ​កែលម្អ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ ប្រឆាំងនឹង​យន្ដហោះ​ចម្បាំង​ប្រទេស​លោកខាងលិច​។ មន្ទីរ​បញ្ច​កោណ​បញ្ជាក់ថា ខ្លួន​បានចាប់ផ្ដើម​ពិនិត្យមើល​ប្រភពដើម​សម្រាប់​ផលិត​គ្រឿងបន្លាស់​យន្ដហោះ​F-35 ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​បន្ថែម​នៅ​តួ​ក​គី​ហើយ​។​

​គួរ​ជម្រាបជូន​ថា តួ​ក​គី​គ្រោង​នឹង​ទិញ​យន្ដហោះ​ចម្បាំង​F-35A​ពី​អាមេរិក​ចំនួន​១០០​គ្រឿង ដែល​អ្នកបើកបរ​យន្ដ​ហោះ​តួ​ក​គី​បាន​ចូលរួម​ការហ្វឹកហាត់​នៅ​អាមេរិក​រួចហើយ​។ ក្រុមហ៊ុន​Lockheed Martin​ជា​ក្រុមហ៊ុន​ផលិត​យន្ដហោះ​F-35 បាន​និយាយថា​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​តួ​ក​គី​ដើម្បី​ផលិត​គ្រឿងបន្លាស់​យន្ដហោះ អាច​មានតម្លៃ​រហូតដល់​១២​ពាន់​លាន​ដុល្លារ​អាមេរិក​។ តួ​ក​គី​មាន​ក្រុមហ៊ុន​ចំនួន​៨ ចូលរួម​ក្នុង​ការដេញថ្លៃ​នេះ​៕

ព័ត៌មានផ្សេងទៀត