ក្រោយ​កិច្ចចរចា​​លើក​ទី​ពីរ​​បរាជ័យ​​ទំនាក់ទំនង​​អាមេរិក​-​កូរ៉េខាងជើង​​វិវត្ដ​យ៉ាងណា​?

02-04-2019 11:07 am 1308
លោកដូណាល់ ត្រាំ(ឆ្វេងខាងមុខ)​និងលោកគីម ជុងអ៊ុន​(ស្ដាំខាងមុខ)ពេលជួបគ្នា​នៅហាណូយ

​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង ប្រព្រឹត្ដទៅ​កាលពី​ថ្ងៃទី​២៧-២៨​ខែ​កុម្ភៈ នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មេដឹកនាំ​និង​មជ្ឈដ្ឋាន​នានា​ជុំវិញ​ពិភពលោក​។ អន្ដរជាតិ​ទន្ទឹងរង់ចាំ​មើល​ព្រោះ​ចង់ដឹងថា​តើ​កិច្ចចរចា​លើក​ទី​ពីរនេទ​ទួលបាន​ជោគ​ជ័យ​កម្រិតណា អាច​ជំរុញ​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ឬ​អត់​។ ប៉ុន្ដែ​ការ​គិតទុក​ត្រូវ​ខកបំណង​ព្រោះតែ​កិច្ចប្រជុំ​បិទ​បញ្ចប់​ទាំង​បរាជ័យ​។ ដ្បិត​អាមេរិក​អះអាង​ពី​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​កូរ៉េខាងជើង​នៅក្នុង​កិច្ចប្រជុំ ប៉ុន្ដែ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវបាន​ចុះហត្ថលេខា​ក្នុងអំឡុងពេល​នោះឡើយ ពោលគឺ​មេដឹកនាំ​ទាំងពីរ​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ដៃ​ទទេ​។ តើ​ពេលនេះ​ទំនាក់ទំនង​អាមេរិក​ជាមួយ​កូរ៉េខាងជើង និង​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រវិ​វត្ដ​យ៉ាងណា​ហើយ​?

សំឡេង៖

​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​មួយខែ​ហើយ បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បាន​ជួបគ្នា​ជា​លើក​ទី​ពីរ​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ កិច្ច​ជំនួប​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧-២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩ ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អន្ដរជាតិ​។ ចាប់អារម្មណ៍​ដោយ​ចង់ដឹងថា​តើ​អាច​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ឬ​យ៉ាងណា​។ ចំពោះ​ភាគី​ពាក់ព័ន្ធ​មាន​អាមេរិក កូរ៉េខាងជើង និង​កូរ៉េខាងត្បូង សុទ្ធតែ​រំពឹង​រៀងៗ​ខ្លួន​ថា​នឹង​ទទួលលទ្ធផល​វិជ្ជមាន​។​

​អាមេរិក​រំពឹង​អាច​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យ​ពន្លឿ​ន​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ បន្ទាប់ពី​ជាប់គាំង​តាំងពី​ព្រមព្រៀង​ក្នុង​កិច្ចប្រជុំ​លើកទីមួយ​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​មិថុនា​ឆ្នាំមុន​។ អាមេរិក​បាន​សន្យា​ប្រសិនបើ​កូរ៉េខាងជើង​ព្រម​រំលាយ​នុយក្លេអ៊ែ​រ នោះ​កូរ៉េខាងជើង​និង​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ហើយ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​ក៏​កាន់តែ​ល្អប្រសើរ​។ ចំពោះ​កូរ៉េខាងជើង​សង្ឃឹម​អាមេរិក​នឹង​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ដាក់​លើ​ខ្លួន​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​ចេញ ដើម្បី​រើ​ពី​ភាពក្រីក្រ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ធ្វើឲ្យ​ប្រជាជនមាន​ជីវភាព​ធូរធារ​។ ចំណែក​កូរ៉េខាងត្បូង​ជា​ភាគី​សំខាន់​មួយទៀត​ជួយ​ជំរុញឲ្យមាន​ការចរ​ចារ​វាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង ក៏​គិតទុក​មិន​ខុសពី​អាមេរិក​ដែរ គឺ​ចង់ឲ្យ​ការរំលាយ​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​ដំណើរការ​ទៅមុខ​ឆាប់រហ័ស ចង់បាន​ការ​បញ្ចប់សង្គ្រាម​កូរ៉េ​ទាំងស្រុង និង​ចង់​ស្ដារ​ទំនាក់ទំនង​សេដ្ឋកិច្ច​បងប្អូន​ទាំងពីរ​ឡើងវិញ ធ្វើឲ្យ​ចំណង​មិត្ដភាព​កាន់តែ​ជិតស្និទ្ធ មាន​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ប៉ុន្ដែ​គ្រប់យ៉ាង​ត្រូវ​រលាយ​ទាំងស្រុង បន្ទាប់ពី​លោក​ត្រាំ​និង​លោក​គីម​ដើរ​ចេញពី​កិច្ចប្រជុំ​ដោយ​បាត​ដៃទទេ​។ ទោះបី​មាន​ការស្វាគមន៍​គ្នា​យ៉ាង​កក់ក្ដៅ​ទាំង​មុន​និង​ក្រោយ​កិច្ចប្រជុំ ប៉ុន្ដែ​លោក​ត្រាំ​និង​លោក​គីម​មិនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណាមួយ​ដូច​អ្វី​បាន​រំពឹង​ទេ​។ លោក​ត្រាំ​លើកឡើងថា​កូរ៉េខាងជើង​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ជា​ថ្នូរ​នឹង​ការរំលាយ​នុយក្លេអ៊ែ​រ តែ​លោក​ធ្វើតាម​សំណើ​មិនបាន​ព្រោះ​វា​ជា​ការទាមទារ​ហួស​ដែន​កំណត់​។ អាមេរិក​ធ្លាប់​ប្រកាស​ហើយ​លុះត្រា​កូរ៉េខាងជើង​រំលាយ​នុយក្លេអ៊ែរ​ទាំងស្រុង​សិន ទើប​ទណ្ឌកម្ម​អាច​ដកចេញ​ជា​ក្រោយ​។ 

​ជុំវិញ​បញ្ហា​នេះ​កូរ៉េខាងជើង​បាន​ឆ្លើយតប​ថា ខ្លួន​មិន​បានទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ដូច​លោក​ត្រាំ​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ទេ គ្រាន់តែ​ចង់ឲ្យ​ដកចេញ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​។ បើ​អាមេរិក​ធ្វើ​មិនបាន​កូរ៉េខាងជើង​ក៏​មិន​អាចរំលាយ​នុយក្លេអ៊ែរ​បានដែរ​។ កូរ៉េខាងជើង​ចង់បាន​ការដោះដូរ​ដែល​សមស្រប ព្រោះ​មិនអាច​លះបង់​តែម្នាក់ឯង​ហើយ​ឲ្យ​អាមេរិក​ទទួល​ផលចំណេញ​ទទេៗ​ឡើយ​។ និយាយ​ពី​កូរ៉េខាងត្បូង​សង្ឃឹមទុក​មុន​ថា កិច្ចចរចា​នេះ​លោក​ត្រាំ​អាចជួយ​និយាយ​ជាមួយ​លោក​គីម​រឿង​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ​។ សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣​បញ្ចប់​តាមរយៈ​បទ​ឈប់​បាញ់​ប៉ុណ្ណោះ គ្មាន​កិច្ចព្រមព្រៀង​ផ្លូវការ​ឡើយ​។ ហេតុនេះ​កូរ៉េខាងត្បូង​ចង់បាន​ភាពច្បាស់លាស់ បញ្ចប់សង្គ្រាម​ទាំងស្រុង​ដោយមាន​ការចុះហត្ថលេខា​ទទួលស្គាល់​ពី​កូរ៉េ​ទាំងពីរ តែ​គ្រប់យ៉ាង​ត្រូវ​រលាយ​ខុសពី​ការគិត​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​ពីរ លោក​ត្រាំ​បានប្រកាស​ចង់​ជួបពិភាក្សា​ជាមួយ​លោក​គីម​ម្ដងទៀត ស្វែងរក​វិធីសាស្ដ្រ​ដោះស្រាយ​ភាពជាប់គាំង ស្របពេល​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​សន្យា​នឹង​ជួយ​បញ្ចប់​ភាពទាល់ច្រក​ក្នុង​កិច្ចចរចា​ផងដែរ​។ ប៉ុន្ដែ​លទ្ធភាព​ថា​អាចមាន​កិច្ច​ជំនួប​លើក​ទី​បី​នៅពេលណា មិនទាន់​អាច​បញ្ជាក់​បានទេ​ហើយក៏​មិនដឹងថា​កូរ៉េខាងជើង​យល់ព្រម​ឬ​យ៉ាងណាដែរ​។ បច្ចុប្បន្ន​គិតពី​ចំណងមិត្ដភា​ពរ​វាង​អាមេរិក​ជាមួយ​កូរ៉េខាងជើ​ង ហាក់​ឃ្លាតឆ្ងាយ​ជាង​មុន​បន្ដិច​ព្រោះតែ​ខ្វែងគំនិត​រឿង​ដក​ទណ្ឌកម្ម​។ 

​យ៉ាងណាក៏ដោយ​សម្រាប់​លោក​ដូណាល់ ត្រាំ លោក​នៅតែមាន​ជំហរ​ចង់​ដោះស្រាយ​វិបត្ដិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ហើយ​លោក​នៅតែ​កោតសរសើរ​ពី​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​លោក​គីម ជុង​អ៊ុន​។ ថ្មីៗ​នេះ​នៅពេល​រតនាគារ​អាមេរិក​ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង ក្រោយ​រកឃើញថា​កូរ៉េខាងជើង​លួច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​បរទេស រំលោភ​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ លោក​ត្រាំ​បាន​ចេញមុខ​អន្ដរាគមន៍​ភ្លាមៗ គឺ​លោក​បានប្រកាសឲ្យ​ដក​ទណ្ឌកម្ម​ចេញ​វិញ​។ 

​លោក​បន្ថែមថា​កូរ៉េខាងជើង​ឈឺចាប់​ខ្លាំងណាស់​ទៅហើយ មិនចាំបាច់​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ទៀត​ទេ​។ តែ​ក៏​មិនមែន​មានន័យថា​លោក​ឈប់​ដាក់ទណ្ឌកម្ម​រហូត​ដែរ គ្រាន់តែ​ពេលនេះ​វា​មិនមែនជា​រឿង​ចាំបាច់​។ អ្វីដែល​សំខាន់​ចន្លោះពេល​នេះ​គឺ​ការរក្សា​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ទៅតាម​លទ្ធភាព​ដែល​អាចទៅរួច​។ សារ​របស់លោក​ដូណាល់ ត្រាំ​ដូច្នេះ​សបញ្ជាក់​ឲ្យឃើញថា លោក​ត្រាំ​នៅតែ​ចង់​រក្សា​ជំហរ​ដោះស្រាយ​បញ្ហា​ជាមួយ​លោក​គីម​ដោយ​សន្ដិភាព​។​

​រីឯ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ក៏មាន​ចេតនា​មិន​ខុសពី​លោក​ដូណាល់ ត្រាំ​ដែរ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​កូរ៉េខាងជើង​។ តែ​អ្វីដែល​នៅតែ​ជា​ក្ដី​ព្រួយបារម្ភ គឺ​លោក​គីម​អាច​រង់ចាំ​មើល​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​សិន​។ ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​វិញ នោះ​កូរ៉េខាងជើង​អាច​នឹង​វិល​ទៅរក​ទម្លាប់​ចាស់​របស់ខ្លួន ដោយសារតែ​បក្ស​ប្រជាធិបតេយ្យ​មានបំណង​មិនល្អ​ជាមួយ​កូរ៉េខាងជើង ហើយក៏​ប្រកាន់​គោលជំហរ​ជំទាស់​នឹង​លោក​ត្រាំ​។ ផ្ទុយទៅវិញ​ប្រសិនបើ​គណបក្ស​សាធារណរដ្ឋ​របស់លោក​ត្រាំ​បន្ដ​ឈ្នះឆ្នោត នោះ​វា​អាចជា​រឿង​ងាយស្រួល​ព្រោះ​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ស្រាប់​។​

​ជារួម​មក​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​បន្ទាប់ពី​កិច្ច​ជំនួប​លើក​ទី​ពីរ​ត្រូវ​បរាជ័យ ពុំមាន​ការផ្លាស់ប្ដូរ​អ្វី​ច្រើន​គួរឲ្យ​កត់សម្គាល់ទេ គ្រាន់តែ​ភាគី​ទាំងពីរ​ពុំទាន់​អាច​រក​វិធីសាស្ដ្រ​ពន្លឿន​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វី​ប​កូរ៉េ​បាន​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត