​ថៃ​​ដាក់​លក្ខខណ្ឌ​ថ្មីៗ​បន្ថែមទៀត​​ចំពោះ​ការនាំ​ចូល​កសិផល​​ដំឡូង​មី​របស់​កម្ពុជា​​

01-04-2019 5:13 pm 3123

​យោងតាម​សេចក្តីជូនដំណឹង​របស់ អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ បាន​ប្រាប់​ដល់​បណ្តា​ក្រុមហ៊ុន​នាំចូល នាំចេញ​ផលិតផល​កសិកម្ម និង​អ្នកពាក់ព័ន្ធ អំពី​ការដាក់​លក្ខខណ្ឌ​ថ្មី ទៅលើ​ផលិតផល​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅដំឡូង​មី ដែល​ត្រូវ​នាំចូល និង​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ថៃ​។​

​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បញ្ជាក់ថា លក្ខខណ្ឌ​ថ្មី​ទៅលើ​ផលិតផល​ដំឡូង​មី​ដែល​អ្នក​នាំ​ចូលទៅ​ប្រទេស​ថៃ ត្រូវអនុវត្ត​មាន​ដូចខាងក្រោម​៖

-​ត្រូវសុំ Import Permit ពី​នាយកដ្ឋាន​កសិកម្ម​នៃ​ប្រទេស​ថៃ​ជាមុន មុននឹង​ធ្វើការ​នាំចូល​។ 

-​ការនាំ​ចូល​ដំឡូង​មី​ស្រស់ ត្រូវតែ​ធានាថា គ្មាន​ជាប់​ទៅ​ជាមួយ​នូវ​ផ្នែក​នៃ​គល់ ដើម និង​ស្លឹក​ដំឡូង​មី​។ 
-​គ្រប់​ទំនិញ​បញ្ញើរ​ទាំងអស់ ត្រូវតែ​គ្មាន​ជាប់​មក​ជាមួយ​នូវ​សត្វល្អិត​ចង្រៃ​រស់ ឬ​សារពាង្គកាយ​ផ្សេងៗ​ដែលជា ប្រភេទ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ ហាមឃាត់​មិន​ឱ្យចូល​ប្រទេស​ថៃ មិន​ជាប់​ទៅ​ជាមួយ​នូវ​ដីខ្សាច់ និង​ផ្នែក​នៃ​រុក្ខជាតិ​ដូចជា​ដើម ស្លឹក កម្ទេច​កម្ចី​រុក្ខជាតិ ដែល​អាច​ចម្លង​នូវ​សមាសភាព​ចង្រៃ​បាន​។​

-​ត្រូវធ្វើ​ការសម្អាត​រថ​យន្ត​សម្រាប់​ដឹក​ដំឡូង​មី ឱ្យបាន​ស្អាត​កុំឱ្យ​មាន​ជាប់​ដី ខ្សាច់ និង​កម្ទេច​កម្ចី​រុក្ខជាតិ មុនពេល​ផ្ទុក​ដំឡូង​មី​ទៅក្នុង​រថយន្ត លើសពីនេះទៅទៀត​ត្រូវ​គ្រប​ដំឡូង​មី​ឱ្យ​ជិត ដើម្បី​ការពារ​ការឆ្លង​សមាសភាព​ចង្រៃ ក្នុងអំឡុងពេល​ដឹកជញ្ជូន​។ 

-​ត្រូវមាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ច្បាប់ដើម ភ្ជាប់​មក​ជាមួយ ពេល​ដឹកទំនិញ​ចេញ​ម្តងៗ​។ 

-​នៅក្នុង​វិញ្ញាបនបត្រ​ភូតគាម អនាម័យ​ត្រូវ​រំលេច​ពាក្យ «The consignment of cassava was produced and prepared for export in accordance with the conditions for import of cassava from Cambodia to Thailand»​។ 

-​នៅពេល​ទំនិញ​ទៅដល់​ច្រកទ្វារព្រំដែន មន្ត្រី​ភូតគាម​អនាម័យ​នៃ​ប្រទេស​ថៃ នឹងធ្វើ​ការត្រួតពិនិត្យ ប្រសិនបើ​រកឃើញថា​ទំនិញ​ទាំងនោះ មិនមាន​អនុលោមភាព​តាម​លក្ខខណ្ឌ​តម្រូវ​ខាងលើ ទំនិញ​បញ្ញើរ​ទាំងនោះ​ត្រូវបញ្ជូន​ត្រឡប់មកវិញ ឬ​កម្ទេចចោល ឬ​ធ្វើ​ប្រព្រឹត្តិកម្ម​តាម​ស្ថានភាព​ជាក់ស្តែង​។ 

-​លំ​ខិត​ជូនដំណឹង​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩ តទៅ​៕

ព័ត៌មានផ្សេងទៀត