លោក​ស៊ុន ចាន់ថុល​ប្រៀបធៀប​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទៅ​នឹង​ឆ្មា​ដេញ​ចាប់​កណ្តុរ​

31-03-2019 2:49 pm 996

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​នេះ បាន​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ថ្នល់​ទាំងអស់ គោរព​ច្បាប់​ចរាច​រណ៍ កុំ​ដឹកទំនិញ​សំពីងសំពោង និង​កុំ​ដឹក​លើស​ទម្ងន់​កំណត់ ។ លោក​បាន​ប្រៀបធៀប​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ទៅ​នឹង​ឆ្មា​ដេញ​ចាប់​កណ្តុរ​ដូច្នោះ​ដែរ ។​

​ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ត្រួតពិនិត្យ​ស្ពាន​ជ្រោយចង្វារ​ទី​១ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា មុន​នឹង​បើក​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ខាងមុខ ក្រោម​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កំពុង​ស្វែងរក​ថវិកា​បន្ថែម​ទៀត ដើម្បី​ទិញ​សម្ភារ ពិសេស​ទិញ​កាមេរ៉ា​បង្កប់​នៅតាម​ផ្លូវ សម្រាប់​ថត​យក​រូបភាព​អ្នក​ល្មើសច្បាប់​ចរាច​រណ៍​នៅតាម​ដងផ្លូវ ។ លោក​ថា ការងារ​ទាំងនេះ ធ្វើឡើង​ក្នុង​ន័យ​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​សា្លប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តាម​ផែនការ​គឺ​បន្ថយ​ឱ្យបាន​៥០% នៅក្នុង​ឆ្នាំ​២០២០ ។​

​មន្ត្រី​រូប​នេះ​បន្តថា បច្ចុប្បន្ន ក្រសួង​ក៏​បាន​សហការ​ជាមួយ​កំពង់ផែ​ចំនួន​២ ដោយ​មាន​ក្រុមការងារ​នៅ​ទីនោះ​តែម្តង រង់ចាំ​ត្រួតពិនិត្យ មើល​បណ្ណ​បើកបរ​អ្នកបើកបរ​រថយន្ត​កុងទឺន័រ បើសិនជា អ្នកបើកបរ​ទាំងអស់​គ្មាន​បណ្ណ​បើកបរ​ទេ នោះ រថយន្ត​ធុន​ធ្ងន់​ទាំង​នោះ មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​ជាដាច់ខាត ។​

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុម​អ្នកសារព័ត៌មាន ដែល​រៀបចំ​ជូន​ដោយ​គង់ ឧត្តម ដូចតទៅ​…
​សំឡេង​កិច្ចសម្ភាសន៍ ៖

ព័ត៌មានផ្សេងទៀត