តុលាការ​កោះហៅ​លោក​សមរង្ស៊ី​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​២២​មេសា​ពី​បទ​ញុះញង់​កងទ័ព​

31-03-2019 10:49 am 1022
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សម រង្ស៊ី បាន​សរសេរ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ថា លោក​ទទួលដំណឹង​ថា តុលាការ​កម្ពុជា​បាន​កោះហៅ​លោក​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​ខាង​មុខ ពី​បទ​ញុះញង់​កងទ័ព ។ យ៉ាងណា លោក​បាន​សម្តែង​ការ​មិន​ខ្លាចរអារ និង​សរសេរ​បែប​ផ្គើន​ទៅ​វិញ​ថា នឹង​នៅតែ​បន្ត​ការអំពាវនាវ​កាន់តែខ្លាំង និង​ញឹកញាប់...

​តុលាការ​នៅ​កម្ពុជា​បាន​កោះហៅ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស​ឱ្យ​ចូល​ខ្លួន​បង្ហាញ​មុខ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ខាងមុខនេះ ពី​បទ​ចោទប្រកាន់ «​ញុះញង់​កុំឱ្យ​យោធិន ស្តាប់បង្គាប់ និង​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​» ។​

​លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់ខ្លួន នៅ​រសៀល ថ្ងៃទី​២៩ ខែ​មីនា ថា លោក​មិន​ខ្វល់​ចំពោះ​ការកោះហៅ​របស់​តុលាការ​នៅ​កម្ពុជា​ទេ ហើយ​លោក​នៅតែ​អំពាវនាវ​កាន់តែខ្លាំង​ឡើងៗ និង​កាន់តែ​ញឹកញាប់​ទៅៗ ។​

​លោក​ថា «​សូម​កងកម្លាំងប្រដាប់អាវុធ នាយទាហាន ពលទាហាន និង​កង​នគរបាល កុំ​ធ្វើ​តាម​បញ្ជា ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឱ្យ​បាញ់ប្រហារ និង​សម្លាប់​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​» ។​

​គូសបញ្ជាក់ថា ជារឿយៗ លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តែង​បាន​សរសេរ​អំពាវនាវ​កងទ័ព​ដែល​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា កុំ​ស្តាប់​តាម​បញ្ជា​ដឹកនាំ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ធ្លាប់​បាន​បញ្ជាក់ថា​លោក​មាន​គម្រោង​វិល​ចូល​ក្នុងប្រទេស​កម្ពុជា​វិញ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ជារឿយៗ​ថា នឹង​ត្រៀមកម្លាំង​ចាប់​លោក សម រង្ស៊ី នៅ​ព្រលានយន្តហោះ ៕

ព័ត៌មានផ្សេងទៀត