កិច្ចព្រមព្រៀង​​គាំទ្រ​ឲ្យ​​អង់គ្លេស​ចេញពី​​អឺរ៉ុប​​ត្រូវ​សមាជិក​សភា​​ប្រឆាំង​​ជា​លើក​ទី​បី​

30-03-2019 9:38 am 292
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

​សមាជិកសភា​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​បាន​ច្រានចោល​ម្ដងទៀត កិច្ចព្រមព្រៀង​របស់លោក​ស្រី​នាយករដ្ឋមន្ដ្រី​ថេរ៉េសា ម៉េ សម្រាប់​ដឹក​ដៃ​អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប​។ នេះ​គឺជា​ការបដិសេធ​លើក​ទី​បី​ហើយ ក្រោយ​កិច្ចព្រមព្រៀង​ត្រូវបាន​ដាក់ឲ្យ​បោះឆ្នោតបី​លើក​នៅក្នុង​សភា​។ ដើម្បី​ចាកចេញ​ពី​អឺរ៉ុប​អង់គ្លេស​ត្រូវ​រៀបចំ​កិច្ចព្រមព្រៀង​មួយ​ក្រោម​ការឯកភាព​ជាមួយ​ស​ហ​ភាព​អឺរ៉ុប ក្នុងន័យ​ធានា​ពី​សុវត្ថិភាព​ទាំង​ផ្នែក​សន្ដិសុខ សង្គម សេដ្ឋកិច្ច និង​នយោបាយ​ជាដើម នៅពេល​ផ្ដាច់ខ្លួន​ទៅ​រស់នៅ​តែឯង​។ បើ​ធ្វើដូច្នេះបាន​នោះ​អង់គ្លេស​នឹងមិន​បារម្ភ​ពី​ហា​នី​ភ័យ​នៅ​ថ្ងៃ​អនាគត​ទេ​។​

​មុន​ទទួលបាន​កិច្ចព្រមព្រៀង​នេះ លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ថេរ៉េសា ម៉េ​បាន​ចរចា​ជា​ច្រើនលើកច្រើនសារ​ជាមួយ​ភាគី​អឺរ៉ុប​។ ឯកភាពគ្នា​ហើយ​កិច្ចព្រមព្រៀង​ត្រូវ​ស្វែងរក​ការគាំទ្រ​ពី​សមាជិកសភា​អង់គ្លេស​បន្ថែមទៀត ដើម្បី​យកទៅ​អនុវត្ដ​ជា​ផ្លូវការ​បាន​។ ប៉ុន្ដែ​រឿង​គួរឲ្យ​សោកស្ដាយ​បំផុត​គឺថា សមាជិកសភា​អង់គ្លេស មិនបាន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ទេ​។ ពួកគេ​លើកឡើងថា​កិច្ចព្រមព្រៀង​មិនទាន់​គ្រប់​លក្ខខណ្ឌ ហេតុនេះ​បើ​ទទួលយក​ទៅ​ប្រើប្រាស់​ច្បាស់​ជា​ធ្វើឲ្យប៉ះពាល់​ដល់​អង់គ្លេស​ក្រោយ​ផ្ដាច់ខ្លួន​ពី​អឺរ៉ុប​។ 

​ការបដិសេធ​កិច្ចព្រមព្រៀង​ពីរលើក​កន្លងមក ជំរុញ​ឲ្យ​លោកស្រី​ម៉េ​ងាក​ទៅ​ចរចា​ជាមួយ​អឺរ៉ុប​ឡើងវិញ កែសម្រួល​ចំណុច​ខ្វះខាត​បន្ថែម​បំពេញ​តាម​តម្រូវការ​សមាជិកសភា​។ យ៉ាងណាមិញ​ការបោះឆ្នោត​លើក​ទី​បី​នៅ​សភា​កាលពី​ថ្ងៃ​សុក្រ កិច្ចព្រមព្រៀង​នៅតែ​មិនអាច​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​។ ការមិន​ឯកភាពគ្នា​បាន​រុញច្រាន​ឲ្យ​អង់គ្លេ​សបន្ដ​ជាប់គាំង​ក្នុង​វិបត្ដិ​នេះ​ដដែល បើទោះបី​លោកស្រី​ម៉េស​ន្យា​នឹង​ចុះ​ចេញពី​តំណែង​មុន​កំណត់​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ក៏ដោយ​។ តាម​លទ្ធផល​បោះឆ្នោត​ក្នុង​សភា កិច្ចព្រមព្រៀង​ទទួលបាន​សំឡេងគាំទ្រ​២៨៦​សំឡេង ទល់នឹង​សំឡេង​ប្រឆាំង​៣៤៤​សំឡេង​។​

​ក្រោយ​បរាជ័យ​លោកស្រី​នាយករដ្ឋមន្ដ្រី​បាន​ប្ដេជ្ញា នឹង​ស្វែងរក​វិធីសាស្ដ្រ​ដែល​សមស្រប​ផ្សេងទៀត ក្នុងនោះ​អាចពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​សភា​អឺរ៉ុប​ផងដែរ​។ លទ្ធផល​បរាជ័យ​នេះ​ទៀតសោត​បានសេចក្ដីថា​អង់គ្លេស​មិនអាច​ចាកចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃទី​២២​ឧសភា​បានឡើយ​។ តាម​កំណត់​អង់គ្លេស​ត្រូវ​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​២៩​មីនា​នេះ ប៉ុន្ដែ​បាន​សុំ​អឺរ៉ុប​ពន្យារពេល​ដោយ​មិនទាន់​សម្រេចបាន​កិច្ចព្រមព្រៀង​។ អឺរ៉ុប​យល់ព្រម​តាម​សំណើ​ប៉ុន្ដែ​ដាក់​លក្ខខណ្ឌ​ពីរ​ឲ្យ​អង់គ្លេស​។​

​លក្ខខណ្ឌ​ទាំងពីរ​នោះ​មាន ទីមួយ​ប្រសិនបើ​កិច្ចព្រមព្រៀង​ត្រូវ​បានអនុម័ត​ដោយ​សភា​នៅ​សប្ដាហ៍​នេះ អង់គ្លេស​នឹង​ដើរចេញ​នៅ​ថ្ងៃទី​២២​ខែ​ឧសភា​។ ទី​ពី​របើ​មិន​ជោគជ័យ​ទេ​អង់គ្លេស​នឹងត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​១២​មេសា​។ ប៉ុន្ដែ​លោកស្រី​ម៉េ​ត្រូវ​ត្រឡប់​ទៅ​ទីក្រុង​ព្រុច​សែល​មុន​ថ្ងៃទី​១២​មេសា ដើម្បី​ពន្យល់​ពី​អ្វីដែល​នឹង​អាច​កើតឡើង​បន្ទាប់​។ ចន្លោះ​ពេលនោះ​ក៏​ជា​ពេលវេលា​ដែល​អង់គ្លេស​ត្រូវ​សម្រេចចិត្ដ ថា​គួរ​ចូលរួម​ក្នុង​ការបោះឆ្នោត​សភា​អឺរ៉ុប​ឬ​យ៉ាងណា​។ បើ​អង់គ្លេស​ព្រម​ចូលរួម​ក្នុង​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ដទៅពី​ថ្ងៃទី​២៣-២៦​ឧសភា អឺរ៉ុប​អាច​នឹង​ទុកពេល​បន្ថែម​ច្រើន​ខែ​ទៀត​សម្រាប់​អង់គ្លេស​ក្នុងការ​ដើរចេញ​៕

ព័ត៌មានផ្សេងទៀត