លោក​ហ៊ុន​សែន​៖ កម្ពុជា​កែទម្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​មិនមែន​ដោយសារ​បញ្ហា​EBA​ទេ​

30-03-2019 8:40 am 1641

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​កែទម្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​នាៗ ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា​នា​ពេលខាងមុខ តែ ការកែទម្រង់​នេះ ពុំ​មែន​ដោយសារ​ហេតុផល​បញ្ហា​EBA នោះទេ ។ ការបញ្ជាក់​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​បើក​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា...

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា បាន​កំពុង​កែទម្រង់​យ៉ាង​មុត​ស្រួច និង​ស៊ីជម្រៅ សំដៅ​កែលម្អ និង​លើកស្ទួយ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ពិសេស​វិធានការ​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​ថ្លៃ​លើ​ការធ្វើ​ធុរកិច្ច ។​

​កំណែទម្រង់​ទាំងនោះ រួមមាន លុបបំបាត់​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ​, កែសម្រួល​មុខងារ និង​តួនាទី​របស់​កាំកុងត្រូល​ចេញពី​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​ចូល​, ការរំសាយ​អង្គភាព​កាំសាប​, កាត់​បន្ថយថ្លៃ Scan កុងតឺន័រ និង​ថ្លៃ​សេវា​មួយចំនួន​ទៀត ពិសេស​កែ​លម្អ​សេវា​អ្នក​ជាប់ពន្ធ​, លើកទឹកចិត្ត​ផ្នែក​សារពើពន្ធ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​វិធានការ​សំខាន់ៗ​ជា​លក្ខណៈ​ប្រព័ន្ធ​ជាច្រើន​ថែមទៀត ។​

​លោក​បញ្ជាក់ថា ការកែទម្រង់​នេះ មិនមែន​ដោយសារ​តែ​ហេតុផល​រឿង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទេ គឺ​ដើម្បី​ភាព​រីកចម្រើន​របស់​កម្ពុជា​នា​ពេលខាងមុខ ដែល​ជា​ភាពចាំបាច់ ដើម្បី​ឱ្យ​កម្ពុជា​អាច​លក់​ផលិតផល​ដោយ​មាន​ភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​បាន​ទូលំទូលាយ ពិសេស គឺ​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា​ឆ្ពោះ​ទៅ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បន្ថែម​ថា នៅពេល​កម្ពុជា​ដាក់ចេញ​នូវ​ការកែទម្រង់​នេះ នឹង​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា មានឱកាស​រឹតតែ​ប្រសើរឡើង ដែល​នឹង​ផ្តល់​នូវ​ភាព​ទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​វិនិយោគិន និង​ធុរជន​ទាំង​ក្នុង​និង​ក្រៅប្រទេស ។​

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា កំណែទម្រង់​នេះ បាន​លើកកម្ពស់​ភាព​ប្រកួតប្រជែង ពិសេស តាមរយៈ​ការកាត់បន្ថយ​ថ្លៃ​សេវា​នៃ​ការធ្វើ​ធុរកិច្ច​, ការបង្កើន​ប្រសិទ្ធភាព​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការកែលម្អ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច ដែល​ជួយ​ឱ្យ​វិនិយោគិន និង​ធុរជន​ទាំងឡាយ​អាច​រក​ចំណេញ​បាន​សមស្រប​នៅក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិកា​រអា​ជីវ​កម្ម​របស់ខ្លួន ដើម្បី​បម្រើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ទោះ​បី​ត្រូវ​បង់ពន្ធ​ទៅ​វិញ​ទៅ​មក​ក៏ដោយ តែ​វា​បាន​ចូល​រួមចំណែក​ដល់​ការលើកស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត