ពង្រឹង​​«​យុត្តិ​ធម៌​​សង្គម​​»​​អាច​​​ជាគ្រឹះ​នៃ​​ស្ថេរភាព​​​ជាតិ​​

30-03-2019 8:17 am 1008
គ្រោះថ្នាក់ចរាចរណ៍លើនិស្សិតឌុំ រីដា នៅថ្ងៃទី២៦ មីនា ឆ្នាំ២០១៩។រូបថតពី FB

នៅក្នុង​រដ្ឋ ឬ​ប្រទេស​និមួយៗ គេ​តែងតែ​មានច្បាប់​។​ច្បាប់ គឺជា​វិធាន​ដែល​រដ្ឋ ឬ​ប្រទេស តាក់តែងឡើង​ដាក់ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​អនុវត្តតាម ក្នុង​គោលដៅ​រក្សា​ស្ថេរភាព​ក្នុងសង្គម​។​នៅ​កម្ពុជា​កន្លងមកនេះ ការអនុវត្ត​ច្បាប់​ធ្លាប់មាន​ការ​រិះគន់ថា មាន​ស្ដង់ដារ​ពីរ ដោយសារ​រើសអើង​និន្នាការ និង វណ្ណៈ​។ វប្បធម៌​នេះ ត្រូវបាន​គេ​យល់ឃើញថា បាន​នាំឱ្យ​សង្គម​ខ្មែរ​ខ្វះ​ភាព «​យុត្តិធម៌​សង្គម​»​។ ដូច្នេះ​ទាមទារ​ឱ្យ​សង្គម​មួយ​នេះ​ពង្រឹង​«​យុត្តិធម៌​សង្គម​» ទើប​ជាតិ​ស្អាតស្អំ និង មាន​ស្ថេរភាព​។​

«​ប្រទេស​មានច្បាប់ គ្រួសារ​មាន​វិន័យ​»​។ នេះ​ជា​ទ្រឹស្តី​សង្គម​មួយ​ដែល​តាក់តែងឡើង ដើម្បី​ដាស់​អារម្មណ៍​ដល់​មនុស្ស​គ្រប់រូប​ក្នុងសង្គម​ឱ្យ​ចូលរួម​គោរព​ច្បាប់​។ ច្បាប់​ជា​វិធាន​ដែល​រដ្ឋ ឬ​ប្រទេស រៀបចំ​ចងក្រង​ដាក់ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុងសង្គម​អនុវត្តតាម ក្នុង​គោលដៅ​រក្សា​សណ្តាប់​ធ្លាប់​សង្គម និង ជួយ​ឱ្យ​មនុស្ស​ក្នុងសង្គម មាន​សីលធម៌ គុណធម៌ គោរព​គ្នា​ទៅវិញទៅមក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​បន្ថែម​ពីលើ​វិធានការ​ច្បាប់ គឺ​ការអនុវត្ត​តាម​ទ្រឹស្តី​សាសនា​នានា ការអនុវត្ត​ទំនៀមទម្លាប់​ប្រពៃណី​ផ្សេង តាម​តំបន់ ឬ​ប្រទេស​និមួយៗ ក៏​អាច​ផ្តល់​ជា​គ្រឹះ​នៃ​របៀប​រៀយ​រយរ​បស់​សង្គម​ផងដែរ​។​គ្រឹះ​នៃ​សង្គម គឺ «​យុត្តិធម៌​»​។ យុត្តិធម៌ ជា​សេចក្តី​ទៀងត្រង់​ការគោរព​តាមច្បាប់​ធម៌​ដែល​គួរ​កាន់ ការប្រព្រឹត្តិ​ត្រឹមត្រូវ​ដូចជា ការវិនិច្ឆ័​យក្តី​ប្រកបដោ​យយុត្តិធម៌ និង ការកាត់ក្តី​ដោយ​សុចរិតធម៌​ជាដើម​។​

​ទស្សនៈវិទូ​ជាច្រើន​នៅក្នុង​លោក​រួមទាំង​ព្រះពុទ្ធ​ផង បានចាត់ទុក យុត្តិធម៌ គឺជា​តម្លៃ​ខ្ពស់បំផុត​សម្រាប់​សណ្តាប់ធ្នាប់​សង្គម និង​ស្ថេរភាព​សង្គម​ប្រទេសជាតិ​។ កាលណា​ប្រទេសមួយ​ខ្វះ​នៅ​យុត្តិធម៌​សង្គម វា​អាច​នឹង​ប៉ះពាល់​ទៅដល់​ប្រព័ន្ធយុត្តិធម៌​នៅ​ក្នុងប្រទេស​នោះ ហើយ​ពលរដ្ឋ​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធតុលាការ​។​

​នៅ​សង្គម​កម្ពុជា​កន្លងមក​ ធ្លាប់មាន​ការរិះគន់​ពី​ការអនុវត្ត​ច្បាប់​ថា មាន​ស្ដង់ដារ​ពីរ​ដោយសារតែ​រើសអើង​និន្នាការ និង វណ្ណៈ​។​វប្បធម៌​នេះ ត្រូវបាន​គេ​យល់ឃើញថា កំពុង​នាំឱ្យ​សង្គម​ខ្មែរ​ខ្វះ​នូវ​«​យុត្តិធម៌​សង្គម​»​ជា​ក្តីបារម្ភ​សម្រាប់​ពេលអនាគត​។​ការរិះគន់ បន្ទាប់ពី​មាន​មនុស្ស​មួយចំនួន​ក្នុងសង្គម​នេះ បាត់បង់​នៅ​ភាព​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ទាំងឡាយ​របស់ខ្លួន​ដែល​បាន​បំពាន​ច្បាប់ និង បាន​ប្រើប្រាស់​អំណាច​ទឹកប្រាក់ ឬ​បុណ្យ​សក្តិ​ដែល​ខ្លួន​មាន​ជា​ថ្នូរ​នឹង​ការ​រួច​ទោសទណ្ឌ ហើយ​ការអនុវត្ត​ច្បាប់​មិនមាន​តម្លាភាព​។​ទង្វើ​ល​នេះ​ហាក់ដូចជា​ផ្ទុយគ្នា​នឹង​ការអនុវត្ត​ច្បាប់​លើ​ប្រជាព​រដ្ឋ​ក្រីក្រ ឬ​អ្នកមាន​និន្នាការ​នយោបាយ​មួយចំនួន​។​

​ហេតុ​ដូច្នេះហើយ បានជា​ករណី​រថយន្ត​បុក​និស្សិត​ស្រី​ឆ្នាំ​ទី​៤ ស្លាប់​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦​មីនា មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ទូទៅ ដោយសារតែ​អ្នក​បុក​ត្រូវបាន​គេ​សង្ស័យថា ជា​កូន​អ្នកធំ​មាន​លុយ​ស្តុក​ស្តុំ និង មានបុណ្យ​សក្តិ​ខ្ពស់​។ មហាជន​កំពុងតែ​ទន្ទឹមរង់ច​ង់​មើល​ពី​វិធានការ​ច្បាប់​របស់​អាជ្ញាធរ និង តុលាការ លើ​ជន​ល្មើសច្បាប់​ដែល​កំពុង​រត់គេចខ្លួន តើ​មាន​តម្លាភាព​យ៉ាងណា​?

​គេ​ជឿ​ង​ជា​ក់ថា ប្រសិនបើ​ការកាត់ទោស​នេះ ត្រឹមត្រូវ​តាមច្បាប់ គឺជា​ចំណែក​មួយ​ដ៏​ធំ​ក្នុង​ការលុបបំបាត់​និទណ្ឌភាព​ក្នុងសង្គម​ខ្មែរ​។​តែ​មិន​រឿងនេះ ដោះស្រាយ​ដោយ​គ្មា​តម្លាភាព គ្មាន​យុត្តិធម៌ និង​បន្សល់​មន្ទិលសង្ស័យ វា​អាច​ក្លាយជា​ការរិះគន់​បន្ថែម​ពី​មហាជន​លើ​ប្រព័ន្ធយុត្តិធម៌​ក្នុងសង្គម​។​ព្រោះថា​ករណី​ស្រដៀង​គ្នា​នេះ ធ្លាប់បាន​កើតឡើង​ម្តង​រួចមកហើយ​នៅមុខ​ក្រសួងមហាផ្ទៃ គឺ​ការបុក​រះ​បង្ក​ឱ្យ​ល​ក្មេង​សិស្សសាលា​ស្លាប់​ទាំង​បងប្អូន​ពេល​ទៅ​ជិកកង​ទៅ​រៀន ហើយ​ចុងក្រោយ​មក​អ្នកប្រព្រឹត្ត​ត្រូវ​រួចខ្លួន​ដោយ​ប្រើ​លេះ​ថា សតិ​មិន​គ្រប់​។

​ដូច្នេះ​ដើម្បី​រួមចំណែក​លុបបំបាត់​«​យុត្តិធម៌​សង្គម​»​ក្នុងសង្គម​ខ្មែរ ចាំបាច់​ត្រូវការ​ផ្តើមចេញពី​ឆន្ទះ​នៃ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់​។​រាល់​បុគ្គល​គ្រប់រូប​មិន​ថា អ្នកតូច អ្នកធំ អ្នកមាន អ្នកក្រ គណបក្ស​ណា ឬ មាន​និន្នាការ​គណបក្សនយោបាយ​ណា​នោះទេ​ឱ្យតែ​ប្រព្រឹត្ត​ខុសច្បាប់ ត្រូវតែ​ទទួលទោស​ដូចគ្នា​នៅ​ចំពោះមុខ​ច្បាប់​។​

​បើតាម​អ្នកជំនាញ​ច្បាប់ ធ្លាប់​ផ្តល់​ជា​យោបល់​ដល់​រដ្ឋាភិបាល​ថា គួរតែ​កំណែទម្រង់​ច្បាប់ និង ប្រព័ន្ធតុលាការ និង ការបំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​កម្ពុជា​។​ធ្វើ​យ៉ាង​ដូច្នេះ ដើម្បី​ជំរុញ​ឱ្យ​ប្រព័ន្ធតុលាការ​នេះ​មាន​ឯករាជ្យ និង ផ្តល់​យុត្តិធម៌​ចំពោះ​ពលរដ្ឋ​គ្រប់ៗ​រូប​។​

​ប៉ុន្តែ​បើ​ការអនុវត្ត​ច្បាប់ នៅតែមាន​ស្តង់ដារ​ពីរ​ទេ វា​អាច​ប៉ះពាល់​ទៅដល់​ប្រព័ន្ធយុត្តិធម៌​នៅ​ក្នុងប្រទេស ហើយ​ជះឥទ្ធិពល​មិនល្អ​សម្រាប់​ដំណើរការ​ស្វែងរក​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា បង្កើតឱ្យមាន​ការរិះគន់​លើ​ប្រពន្ធ​តុលាការ​ខ្មែ​រថា តុលាការ​មិនមាន​ឯករាជ្យ និង ធ្វើឱ្យ​បាត់បង់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង ជនស្លូតត្រង់​ជាដើម​៕

ព័ត៌មានផ្សេងទៀត