ក្រុមហ៊ុន​ចិន​និង​ថៃ ប្រកាស​ជួយ​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

29-03-2019 4:09 pm 636
  ស្តាប់
ស្តាប់ជាសំឡេង

​តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី និង​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​និង​ថៃ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែ​មីនា ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្រកាស​ជួយ​ជ្រោមជ្រែង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។ ម្ចាស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី​បាន​អះអាង​ថា តាមរយៈ​ការចុះ​អនុស្សរណៈ​នេះ លោក​កាន់តែ​មាន​ជំនឿ​ថា កម្ពុជា​នឹង​អាច​ក្លាយជា​ហង្ស​ផ្នែក​ខាង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​នាពេល​អនាគត​ដ៏​ខ្លី ...

​លោក ស៊ូ ចុង​ប៉ី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Harvest Chain Company Limited មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន បានប្រកាស​ជួយ​ជំរុញ​លើ​វិស័យ​កសិកម្ម របស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី ដោយ​យល់ព្រម​ទទួល​ទិញ​កសិផល ដែល​ក្រុមហ៊ុន និង​ពលរដ្ឋ​ដាំ​ដុះ​បាន ពិសេស គឺ​ផ្លែ​ទុរេន យក​ទៅ​កាន់​ទីផ្សារ​ចិន ដើម្បី​ឱ្យ​កសិករ​ទទួលបាន​ផល​ចំណេញ​ខ្ពស់ ។​

​ក្រុមហ៊ុន​នេះ ធានា​ផ្តល់​ពូជ និង​បច្ចេកទេស​លើ​ផ្ទៃ​ដី​រហូតដល់​២​ម៉ឺន​ហិកតា ដើម្បី​ធ្វើឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា រីកចម្រើន ឱ្យ​ដូច​ទៅ​នឹង​ប្រទេស​ជិតខាង ។​

​ដោយឡែក ​លោក រ៉ា​ឆា​ភុល ខូត​កែវ នាយក​ប្រតិបត្តិ ក្រុមហ៊ុន Rachchanakorn Supply Co.,LTD ក៏​បាន​ប្រកាស​ផ្គត់ផ្គង់​តម្រូវការ​ផ្សេងៗ ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ជួយ​គ្រប់គ្រង​អចលនទ្រព្យ​រវាង​ថៃ និង​កម្ពុជា​, បច្ចេកទេស​និង​សុខុមាលភាព​លើ​ផលដំណាំ និង​ផ្តល់​ជី ក៏ដូចជា សម្ភារៈ​ផ្នែក​កសិកម្ម​គ្រប់​ទម្រង់ ដើម្បី​ឱ្យ​ការវិនិយោគ​លើ​ការបង្កើត​ចម្ការ​របស់​ក្រុមហ៊ុន​ម្ចាស់​ដី បាន​ដំណើរការ​ទៅមុខ ។​

​ជាមួយនឹង​ការប្រកាស​ជួយ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ លោក ហង្ស ព្រីន្ស​យ៉ា ម្ចាស់​ក្រុមហ៊ុន​ហង្ស​ម្ចាស់​ដី បាន​លើកឡើង​ថា លោក​កាន់តែ​មាន​ជំនឿ​ចិត្ត​ថា កម្ពុជា​នឹង​ក្លាយ​ជា​ហង្ស​ផ្នែក​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី ដោយ​មិន​លំបាក ស្របពេល​ដែល​អ្នកវិនិយោគ​ធំៗ មកពី​បណ្តា​ប្រទេស​ផ្សេងៗ បាន​មក​បោះ​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ៕

 ពាក្យគន្លឹះ  វិស័យកសិកម្ម

ព័ត៌មានផ្សេងទៀត