មេបក្ស​ប្រឆាំង​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ត្រូវ​ហាមឃាត់​​មិនឲ្យ​កាន់តំណែង​​១៥​ឆ្នាំ​

29-03-2019 1:31 pm 1522
  ស្តាប់
មេបក្សប្រឆាំងវេណេហ្ស៊ូអេឡាលោកជូអាន ហ្គៃដូ
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានឲ្យដឹងថា មេបក្ស​ប្រឆាំង​លោក​ជូ​អាន ហ្គៃ​ដូ​ត្រូវបាន​ហាមឃាត់​មិនឲ្យ​កាន់តំណែង​ប្រធានាធិបតី ឬ​កាន់តំណែង​ផ្សេងៗ​ទៀត​ជា​សាធារណៈ​រយៈពេល​១៥​ឆ្នាំ​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​តាមរយៈ​លោក​អែល​វី​ស អាមូ​រ៉ូសូ មន្ដ្រី​ត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចោទប្រកាន់​លោក​ហ្គៃ​ដូ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ក្នុង​កំណត់ត្រា​ហិរញ្ញវត្ថុ​។ ការហាមឃាត់​មិនឲ្យ​កាន់តំណែង​១៥​ឆ្នាំ ជា​ចំនួន​ច្រើន​បំផុត​អនុលោម​តាមច្បាប់​។​

​ជុំវិញ​ការសម្រេច​ហាមឃាត់​លោក​ហ្គៃ​ដូនឹង​ចូលជា​ធរមាន ប្រសិនបើ​លោក​សម្រេច​ចូលរួម​ក្នុង​ការប្រកួតប្រជែង​ការបោះឆ្នោត​ឡើងវិញ បន្ទាប់ពី​ចប់​អាណត្ដិ​ប្រធានរដ្ឋសភា​។ លោក​អាមូ​រ៉ូសូ​បានបញ្ជាក់​បន្ថែមថា លោក​ហ្គៃ​ដូ​បាន​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស និង​បាន​ស្នាក់នៅ​សណ្ឋាគារ​ប្រណីតៗ​ជាង​១០០​ដង ចាប់តាំងពី​ចូលក្នុង​រដ្ឋសភាជាតិ​នៅ​ឆ្នាំ​២០១៥​។ លោ​ហ្គៃ​ដូក៏​បានទទួល​មូលនិធិ​ពី​ប្រភព​ដែល​គ្មាន​អនុញ្ញាត​ទាំង​នៅក្នុង​និង​ក្រៅប្រទេស ហើយ​ថែមទាំង​មិនបាន​ពន្យល់​ពី​ប្រភព​ទាំងអស់នោះ​ទៀត​។​

​ប៉ុន្ដែ​ការប្រកាស​ហាមឃាត់​របស់​រដ្ឋាភិបាល លោក​ហ្គៃ​ដូ​បាន​បដិសេធ​ដាច់ខាត​។ លោក​ថា​លោក​អែល​វី​ស អាមូ​រ៉ូសូ មិនមែនជា​អគ្គនាយក​សវនកម្ម​ទេ​។ មានតែ​សន្និបាត​សមាជិកសភា​ស្របច្បាប់​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ក្នុង​ការតែងតាំង​អគ្គនាយក​សវនកម្ម ដូច្នេះ​លោក​អាមូ​រ៉ូសូ​គ្មាន​សិទ្ធិអា​កាត់អ្វី​ឡើយ​។ លោក​ហ្គៃ​ដូ​សង្កត់ធ្ងន់ថា​អ្វីដែល​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បានធ្វើ​លើ​លោក គ្រាន់តែ​ជា​ផែនការ​រៀបចំ​ទុក​មុន​ប៉ុណ្ណោះ​។ 

​គួរ​បញ្ជាក់ថា លោក​ជូ​អាន ហ្គៃ​ដូ​ជាមេ​បក្សប្រឆាំង​និង​ជា​ប្រធានសភា​វេ​ណេ​ហ្ស៊ូ​អេ​ឡា ស្ថិតក្រោម​ការគាំទ្រ​ពី​អាមេរិក​និង​បណ្ដា​ប្រទេស​លោកខាងលិច​ប្រមាណ​៥០​ប្រទេស​ទៀត បានទាមទារ​ឲ្យ​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បច្ចុប្បន្ន​ចុះ​ចេញពី​តំណែង​។ លោក​បានតែងតាំង​ខ្លួន​ឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​កាលពី​ខែ​មករា​។ លោក​បានប្រកាស​អំពាវ​នាវ​ឲ្យមាន​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​បន្ថែមទៀត​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ដើម្បី​ដាក់​សម្ពាធ​លើ​លោក​ម៉ា​ឌូ​រ៉ូ​។ 

​តែ​លោក​ម៉ា​ឌូ​រ៉ូ​បានប្រកាស​ដាច់ខាត​មិន​ចុះចេញ​ទៅណា​ទេ ព្រោះ​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។ លោក​ម៉ា​ឌូ​រ៉ូក៏​មាន​មហាអំណាច​ចិន រុស្ស៊ី និង​បណ្ដា​ប្រទេស​មួយចំនួន​គាំទ្រ​ដែរ​។ ជា​ការកត់សម្គាល់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ម៉ា​ឌូ​រ៉ូ វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​ធ្លាក់​ក្នុង​វិបត្ដិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ រហូត​ធ្វើឲ្យ​ប្រជាជន​ចំណាកស្រុក​រាប់លាននាក់ ហើយ​នៅក្នុង​ស្រុក​រាប់លាន​នាក់​ទៀត​ធ្លាក់​ក្នុង​ភាពក្រីក្រ ខ្វះខាត​ស្បៀងអាហារ​បរិភោគ​។ ទាំងអស់នេះ​ហើយ​ជា​អ្វីដែល​បក្សប្រឆាំង​ចាប់កំហុស​លោក​ម៉ា​ឌូ​រ៉ូ​បាន និង​ចង់ឲ្យ​ចុះ​ចេញពី​តំណែង​ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត