​លោក​ហ៊ុន សែន​​ថា​តួ​គី​យល់ព្រម​បញ្ជូន​ម៉ាស៊ីនភ្លើង​​ផ្ទុក​អគ្គិសនី​២០០​មេហ្កា​វ៉ាត់​មក​កម្ពុជា​​

29-03-2019 12:26 pm 1421
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អះអាងថា តួ​ក​គី នឹង​បញ្ជូន​ម៉ាស៊ីនភ្លើង​តាម​នាវា​មក​កម្ពុជា ដែល​ម៉ាស៊ីន​នោះ អាច​ផ្គត់ផ្គង់​អគ្គិសនី​២០០​មេហ្កា​វ៉ាត់​។ ការអះអាង​របស់លោក ហ៊ុន សែន បែបនេះ​គឺធ្វើឡើង​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន នៅ​ព្រឹក​ថ្ងៃទី​២៩ មីនា ឆ្នាំ​២០១៩។​

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​អរគុណ​ដល់​ឯកអគ្គរដ្ឋទូត​តួ​ក​គី ដែល​បាន​ប្រឹងប្រែង​ពិភាក្សា​ពី​រឿងនេះ ជាមួយ​មន្ត្រី​កម្ពុជា​រហូត​ឈានដល់​ឯកភាពគ្នា​ក្នុង​ការនាំ​ម៉ាស៊ីនភ្លើង​មក​កម្ពុជា​។ លោក ហ៊ុន សែន ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការនាំ​ម៉ាស៊ីនភ្លើង​ពី​តួ​ក​គី​មក​កម្ពុជា តែម្ដង​នៅក្នុង​វេទិកា​។ ជាមួយគ្នា​នោះ​លោក ហ៊ុន សែន ក៏​បានឱ្យ​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ជួយ​ពាំនាំ​លិខិត​របស់លោក ទៅជូន​ប្រធានាធិបតី​តួ​ក​គី​ផងដែរ​។ បើទោះជា​លោក ហ៊ុន សែន ប្រកាស​បែបនេះ​មែន ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា ម៉ាស៊ីនភ្លើង​ដែល​បញ្ជូន​ពី​តួ​គី​មកដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ណា​ឡើយ​។​

​សូមបញ្ជាក់ថា អគ្គិសនី​កម្ពុជា​ជូនដំណឹង​ថា ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ខ្វះខាត​ទឹក​ខុស​ប្រក្រតី ធ្វើឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញ​ពីវារី​អគ្គិសនី​ថយចុះ​មិនអាច​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំងប្រទេស​ដល់​ចុង​រដូវប្រាំង​។ សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​១៨ ខែ​មីនា ឲ្យដឹងទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​កម្ពុជា​ស្នើ​ទៅ​ប្រទេស វៀតណាម ថៃ និង​ប្រទេស​ឡាវ ជួយ​បង្កើន​ការផ្គត់ផ្គង់​អគ្គិសនី​មក​កម្ពុជា​បន្ថែម ហើយ​ប្រទេស​ទាំងនោះ​យល់ព្រម​តាម​សំណើ​របស់​កម្ពុជា​។ 

​ប៉ុន្តែ​កម្ពុជា​នៅតែ​ខ្វះ​ថាមពល​អគ្គិសនី​ប្រមាណ ១៣​ភាគរយ​ទៀត សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដែល​បញ្ហា​នេះ​អូសបន្លាយ​រយៈពេល​៧២​ថ្ងៃ​។ អគ្គិសនី​កម្ពុជា​ឲ្យដឹងទៀតថា ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​មុន​ចុង​ខែឧសភា ការផ្គត់ផ្គង់​អគ្គិសនី នឹងមាន​ជា​ប្រក្រតី​ឡើងវិញ​ផងដែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនអគ្គិសនី

ព័ត៌មានផ្សេងទៀត