គជប​ថៃ​៖​បក្ស​គាំទ្រ​​ដោយ​យោធា​​ឈ្នះ​សន្លឹកឆ្នោត​​ភាគច្រើន​​ឯ​បក្សប្រឆាំង​​នៅ​លេខ​ពីរ​

29-03-2019 9:33 am 2201
  ស្តាប់
រូបភាពថ្នាក់ដឹកនាំគណបក្សផាឡាំងប្រាចារ៉ាត់​និងប៉ាណូរូបលោកប្រាយុទ្ធ
ស្តាប់ជាសំឡេង

​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​ដែល​គាំទ្រ​ដោយ​យោធា បានឈ្នះ​សំឡេងឆ្នោត​ច្រើនជាងគេ មានន័យថា​មាន​ប្រជាប្រិយភាព​បំផុត​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា ដោយ​ទទួលបាន​រហូតដល់​៨.៤​លាន​សំឡេង​។ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អះអាងថា​ជា​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​១០០​ភាគរយ​។ គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​មាន​៨.៤​លាន​សំឡេង​ក្នុង​ដៃ ចំណែក​បក្សប្រឆាំង​ធំ​បំផុត​គឺ​គណបក្ស​ភឿ​ថៃ​ទទួល​បានតែ​៧.៩​លាន​សំឡេង​ប៉ុណ្ណោះ​។ នេះ​បើតាម​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​។​

​ទោះបីជា​លទ្ធផល​យ៉ាងនេះ​ក្ដី​គណបក្ស​ធំៗ​ទាំងពីរ នៅតែ​ទាមទារ​ឲ្យ​ផ្ដល់​សិទ្ធិ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​អាណត្ដិ​ថ្មី​។ តែ​មិនទាន់​ច្បាស់​ថា​ភាគី​ទាំងពីរ អាច​ទទួលបាន​សំឡេង​គ្រប់គ្រាន់​ក្នុង​រដ្ឋសភា​ឬ​យ៉ាងណាទេ ដើម្បីឲ្យ​រដ្ឋាភិបាលថ្មី​អាច​លេចចេញ​ជា​រូបរាង​។ ដ្បិត​បានបង្ហាញ​ពី​លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត​១០០​ភាគរយ ប៉ុន្ដែ​នេះ​មិនមែនជា​លទ្ធផល​ផ្លូវការ​ឡើយ​។ ចំណែក​អាសនៈ​នៅក្នុង​សភា​ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​មិន​បានបង្ហាញ​ដែរ ត្រូវ​រង់ចាំ​រហូត​ចេញ​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​០៩​ខែឧសភា​សិន​។​

​ចំនួន​សន្លឹកឆ្នោត​ដែល​បានបង្ហាញ គឺ​ទទួលបាន​ពី​មណ្ឌលបោះឆ្នោត​ទាំង​៣៥០​មណ្ឌល​។ ចំពោះ​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំង​៥០០​អាសនៈ កាល​ប្រកាស​លទ្ធផល​បឋម​ដំបូង​គ ជ ប​បានឲ្យដឹងថា គណបក្ស​ភឿ​ថៃ​ទទួលបាន​១៣៧​អាសនៈ​ពី​មណ្ឌល​បោះឆ្នោត ចំណែក​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​ទទួលបាន​៩៧​អាសនៈ​ពី​មណ្ឌល​បោះឆ្នោត ហើយ​គណបក្ស​ផ្សេង​ទទួលបាន​តិចជាង​នេះ​បន្ដបន្ទាប់​ទៀត​។ នៅសល់​១៥០​អាសនៈ​ត្រូវបាន​បែងចែក​តាម​រូបមន្ដ​ដ៏​ស្មុគស្មាញ ពាក់ព័ន្ធ​នឹង​ចំនួន​សន្លឹកឆ្នោត​សរុប​របស់​គណបក្ស​នី​មួយៗ​។ 

​កាលពី​ថ្ងៃ​ពុធ​គណបក្ស​ភឿ​ថៃ​បាន​ដឹកនាំ​គណបក្ស​គាំទ្រ​ប្រជាធិបតេយ្យ​ចំនួន​៧  អះអាងថា​មាន​២៥៥​អាសនៈ​ផ្អែកលើ​លទ្ធផល​ប្រកាស​កន្លងមក និង​និយាយថា​ពួកគេ​មាន​សំឡេង​ភាគច្រើន​គ្រប់គ្រាន់ ដើម្បី​ទទួលបាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ប៉ុន្ដែ​បក្ស​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​និយាយថា ខ្លួន​ក៏មាន​សំឡេង​ប្រជាប្រិយភាព​ខ្ពស់​ឈ្នះ​ដាច់​បក្ស​ភឿ​ថៃ ដូច្នេះ​ខ្លួន​ក៏មាន​សិទ្ធិ​ក្នុង​ការដឹកនាំ​បង្កើត​រដ្ឋាភិបាល​ថ្មី​បានដែរ​។ សូមបញ្ជាក់ថា ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា​គឺជា​ការបោះឆ្នោត​លើកដំបូង ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នកស្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា​កាលពី​ឆ្នាំ​២០១៤៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត