បណ្ដឹង​លោក ពេជ្រ ស្រស់ ក្លាយ​ជា​ដុំ​ថ្ម​ក្ដៅ​សម្រាប់​អង្គភាព​ACU

29-03-2019 9:30 am 2327

លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស ចាត់ទុក​បណ្តឹង​លោក ពេជ្រ ស្រស់ ប្រធាន​បក្ស​យុវជន​កម្ពុជា ប្តឹង​លោក ផែង វណ្ណៈ ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ​ថា ជា​ដុំ​ថ្ម​ក្តៅ មិនគួរ​សង្គម​ហ្វេ​សប៊ុក យក​ឲ្យ​ACU​កាន់​សោះ​។

​លោក​ឱម យិនទៀង បញ្ជាក់​តាម​សារ​អេ​ឡេ​ត្រូ​និច តេ​ឡេ​ក្រាម (Telegram) ថា « ជូនដំណឹង​បងៗ ក្នុង​ក្រុម​អ​បព (​អង្គភាព​ប្រឆាំង​អំពើពុករលួយ​) ពិនិត្យ​វិភាគ​ពាក្យបណ្ដឹង​នេះ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​០២ ខែ​មេសា ឆ្នាំ​២០១៩​។ ឯកឧត្ដម ពេជ្រ ស្រស់ និង​គ្នា​គាត់​២​នាក់​ទៀត ចូលរួម​ស្ដាប់​ការវិភាគ​របស់ អ​បព និង​ការពារ​ពាក្យបណ្ដឹង​របស់ខ្លួន​។ មិនគួរ​សង្គម​ហ្វេ​ស​ប៊ុករុញ​ដុំថ្ម​ក្ដៅ​មកឲ្យ អ​បព កាន់​សោះ »​។​

​លោក ពេជ្រ ស្រស់ ប្រធាន​បក្ស​យុវជន​កម្ពុជា បាន​ដាក់ពាក្យ បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​រសៀល ថ្ងៃទី​២៨ មីនា ប្តឹង​លោក ផែង វណ្ណៈ ពី​បទ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ ករណី​ធ្វើ​ជា​តំណាង យក​លុយ​ចំនួន​៥០០០​ដុល្លារ ទៅ​ចូល​បុណ្យសព​និស្សិត​ស្រី​ម្នាក់ ជំនួស​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បុក​ស្លាប់​។​

​ដំបូង​ឡើយ លោក យិន ង្គិ​ច ជា​ឪពុក​ជនបង្ក បាន​ផ្តល់​ថវិកា​៥០០០​ដុល្លារ តាមរយៈ​លោក ផែង វណ្ណៈ ដែល​ជា​អ្នកលេង​បណ្តាញ​ហ្វេ​សប៊ុក ដ៏​សកម្ម​មួយរូប ដើម្បី​ចូល​បុណ្យសព នៅ​គេហដ្ឋាន ក្នុង​ភូមិ​កំពង់​ដំរី ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ក្រោយមក​មាន​មតិ​រិះគន់ លើ​លោក ផែង វណ្ណៈ ដោយ​អ្នកខ្លះ​លើកឡើងថា លោក​ធ្លាប់​ចេញមុខ​ការពារ​ជនរងគ្រោះ តែ​ពេល​នេះ បែរ​ជា​លោក​ចេញមុខ ជួយ​ធ្វើ​ជា​អ្នក​តំណាង​ម្ចាស់​រថយន្ត​បង្កហេតុ​ទៅវិញ និង​សង្ស័យ​មាន​អំពើ​ពុករលួយ​។

​យ៉ាងណាមិញ លោក ផែង វណ្ណៈ បាន​បកស្រាយ​ថា លុយ​៥០០០​ដុល្លារ​នេះ គឺជា​លុយ​ចូល​បុណ្យ​របស់​គ្រួសារ​ជនបង្ក​ប៉ុណ្ណោះ តែ​មិនមែន​ជា​ការ​សូកប៉ាន់​នោះទេ​។ លោក​ថា ដំណោះស្រាយ​ករណី​គ្រោះថ្នាក់​ចរាចរ​មាន ៣ ដំណាក់កាល ទី​១ ជនបង្ក ឬ គ្រួសារ ជនបង្ក ឬ តំណាង​ជនបង្ក ចាត់ចែង​ចូល​បុណ្យសព​។ ទី​២- ដោះស្រាយ​សំណង​រដ្ឋប្បវេណី ដល់​ជនរងគ្រោះ និង ទី​៣- បញ្ជូន​ជន​បង្ក​ទៅ តុលាការ​ចាត់ការ​តាមច្បាប់​។​

​គួររម្លឹកថា  កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា នារី​បង្ក ឈ្មោះ យិន ម៉ា​ណា បាន​បើករថយន្ត​ម៉ាក Range Rover បុក និស្សិត​ស្រី​ម្នាក់​ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ករណីនេះ ធ្វើឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត