លោក​ហ្គៃ​ដូ​​អំពាវនាវ​​ឲ្យ​ធ្វើបាតុកម្ម​​ទូទាំងប្រទេស​​ប្រឆាំង​​លោក​ម៉ា​ឌូ​រ៉ូ​

28-03-2019 3:17 pm 1123
  ស្តាប់
មេបក្សប្រឆាំងវេណេហ្ស៊ូអេឡាលោកជូអាន ហ្គៃដូ
ស្តាប់ជាសំឡេង

​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចូលរួម​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​។ វេ​ណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ស្ថិតក្នុង​ភាពចលាចល​នយោបាយ ដោយសារតែ​ការប្រឈមមុខ​ដាក់គ្នារ​វាង​លោក​ម៉ា​ឌូ​រ៉ូ​និង​លោក​ហ្គៃ​ដូ​។ មេបក្ស​ប្រឆាំង​លោក​ហ្គៃ​ដូ​បានប្រកាស​ទាមទារ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ ហើយ​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​។​

​តែ​យ៉ាងណាក៏ដោយ​លោក​ម៉ា​ឌូ​រ៉ូ​មិន​ព្រម​ចុះ​ចេញពី​តំណែង​ឡើយ ដោយ​អះអាងថា​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។ ទោះជា​យ៉ាងនេះ​ក្ដី​បក្សប្រឆាំង​ចោទថា​ការបោះឆ្នោត​កន្លងមក​មិន​ត្រឹមត្រូវ ព្រោះ​គ្មាន​វត្ដ​មាន​បក្សប្រឆាំង​។ ម្យ៉ាង​លោក​ម៉ា​ឌូ​រ៉ូ​បាន​ដឹកនាំ​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​វិបត្ដិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ គួរតែ​ចុះ​ចេញពី​តំណែង​ដើម្បី​ទុក​ឱកាស​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​។ 

​កាលពី​ថ្ងៃ​ពុធ​លោក​ហ្គៃ​ដូ​បាន​និយាយថា បាតុករ​នឹង​ប្រមូលផ្ដុំ​គ្នា​នៅ​ទីតាំង​ចំនួន​៣០​ផ្សេងៗ​គ្នា​ទូទាំងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡានៅ​ថ្ងៃសៅរ៍ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រឆាំង​ដែល​ហៅថា ប្រតិ​បត្ដិកា​រ​ដើម្បី​សេរីភាព​។ លោក​បន្ថែមថា​លោក​ម៉ា​ឌូ​រ៉ូ​គ្រប់គ្រង​កម្លាំង​ប៉ូលិស​មែន ប៉ុន្ដែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​សោះ​ដើម្បី​បញ្ឈប់​អំពើហិង្សា​ប្រឆាំងនឹង​គណបក្សប្រឆាំង​ក៏ដូចជា​អ្នកគាំទ្រ​របស់គេ​។ សម្រាប់​ក្រុមអ្នកវិភាគ​មើលឃើញថា លោក​ហ្គៃ​ដូ​កំពុង​សង្ឃឹម​ទទួលបាន​ជោគជ័យ​ជាមួយ​ការធ្វើ​បាតុកម្ម​ទូ​ទាំង​ប្រទេស ដែល​នឹង​អាចដាក់​សម្ពាធ​បន្ថែម​លើ​លោក​ម៉ា​ឌូ​រ៉ូ​។​

​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​បច្ចុប្បន្នមាន​ចិន​និង​រុស្ស៊ី​នៅ​ពីក្រោយ ចំណែក​ខាង​បក្សប្រឆាំង​មាន​អាមេរិក​និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ជាច្រើន​គាំទ្រ​។ និយាយ​ពី​លោក​ដូណាល់ ត្រាំ ក្នុង​កិច្ច​ជំនួប​ជាមួយ​ភរិយា​លោក​ហ្គៃ​ដូនៅ​សេត​វិមានកាល​ពីថ្ងៃ​ពុធ លោក​បានប្រកា​សក្ដែងៗ​ទទូច​ឲ្យ​រុស្ស៊ី​ដកខ្លួន​ចេញពី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ ការប្រកាស​របស់លោក​ត្រាំ​បន្ទាប់ពី​ទទួលដំណឹង​ថា រុស្ស៊ី​កំពុង​បញ្ជូន​ទ័ព​ទៅ​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​។ 

​ចំពោះ​លោក​ត្រាំ​នៅតែ​បង្ហាញ​ជំហរ​គាំទ្រ​វេ​ណេ​ហ្ស៊ូ​អេ​ឡានិ​ង​លោក​ហ្គៃ​ដូដដែល ហើយ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជម្រើស​ទាំងអស់​អាច​ប្រើប្រាស់​ដើម្បី​ស្រោចស្រង់​វេ​ណេ​ហ្ស៊ូ​អេ​ឡា ក្នុងនោះ​មានលទ្ធភាព​នៃ​ការប្រើ​កងទ័ព​អាមេរិក​ផងដែរ​។ សូមបញ្ជាក់ថា បើតាម​របាយការណ៍​យន្ដហោះ​រុស្ស៊ី​បាន​ដឹក​ទាហាន​ទៅដល់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​៕

ព័ត៌មានផ្សេងទៀត