នាយករដ្ឋមន្ដ្រី​​ព្រម​ចុះ​ពី​តំណែង​​មុន​កំណត់​​ជា​ថ្នូរ​នឹង​ការ​នាំ​អង់គ្លេស​​ចេញពី​អឺរ៉ុប​

28-03-2019 11:19 am 517
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

​ដំណើរការ​ចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស នៅតែ​ស្ថិតក្នុង​ភាពជាប់គាំង​ដដែល បន្ទាប់ពី​សមាជិកសភា​កាលពី​ថ្ងៃ​ពុធ​បាន​បោះឆ្នោត​សម្រេច​ម្ដងទៀត​។ ជម្រើស​ចំនួន​៨​ត្រូវបាន​ដាក់ឲ្យ​បោះឆ្នោត​ដើម្បី​បំបែក​ភាពគាំង ប៉ុន្ដែ​ជម្រើស​ទាំងអស់​គ្មាន​ជម្រើស​ណាមួយ​ទទួលបាន​ជោគជ័យ​ឡើយ​។ ចំពោះ​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ មុន​ការបោះឆ្នោត​ក្នុង​សភា​លោកស្រី​បាន​ជួបប្រជុំ​ជាមួយ​សមាជិកសភា​គណ​បក្ស​លោកស្រី ដោយ​បានប្រកាស​នឹង​ចុះ​ចេញពី​តំណែង​មុន​កំណត់ ប្រសិនបើ​មាន​ការគាំទ្រ​លើ​ផែនការ​ចេញពី​អឺរ៉ុប​។​

​លោកស្រី​បន្ថែមថា​វា​ទាមទារ​ឲ្យមាន​ដំណើរការថ្មី​និង​ភាពជា​អ្នកដឹកនាំ​ថ្មី ហេតុនេះ​បើ​មាន​ការគាំទ្រ​ឲ្យ​ដើរ​ចេញពី​អឺរ៉ុប​ដោយ​ជោគជ័យ លោកស្រី​នឹង​ចុះ​ចេញពី​តំណែង​។ ធ្វើ​ដូច្នេះ​ដើម្បី​ទាញ​ការគាំទ្រ​ពី​សមាជិកសភា​របស់លោក​ស្រី ប៉ុន្ដែ​ពិតជា​គួរឲ្យ​សោកស្ដា​យ​គឺ​នៅតែមិន​អាចទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​។ សមាជិកសភា​របស់លោកស្រី​ផ្ទាល់​ដែល​បែកខ្ញែក​គំនិត នៅតែ​បន្ដ​ប្រឆាំងនឹង​ផែនការ​ចាកចេញ​នេះ​។ កិច្ចប្រជុំ​ក្នុង​សភា​បាន​បិទ​បញ្ចប់​ទាំង​ចលាចល ដោយ​សមាជិកសភា​បាន​ឈ្លោះប្រកែក​គ្នា​ជុំវិញ​បញ្ហា​ថា​តើ គួរតែមាន​ការជជែក​ដេញដោល​ម្ដងទៀត​ពី​ដំណើរការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក នៅក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាលឬ​យ៉ាងណា​។​

​ការបោះឆ្នោត​ស្វែងរក​សំឡេងគាំទ្រ​ពី​សមាជិកសភា បាន​ធ្វើឡើង​ពីរលើក​រួចមកហើយ​ចាប់ផ្ដើម​តាំងពី​ចុងឆ្នាំ​២០១៨ តែ​ត្រូវ​បរាជ័យ​ទាំង​ពីរលើក​។ ក្រោយមក​លោកស្រី​ថេរ៉េសា ម៉េ​បាន​ចរចា​ជាមួយ​អឺរ៉ុប​ម្ដង​ជា​ពីរដង និង​បាន​ស្នើសុំ​ពន្យារ​ដើរចេញ​ផងដែរ​។ តាម​កំណត់​អង់គ្លេស​ត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​២៩​មីនា​នេះហើយ ប៉ុន្ដែ​ដោយសារ​ទំនាស់​ផ្ទៃក្នុង​ជាហេតុ​ធ្វើឲ្យ​រាំងស្ទះ​។ សហភាព​អឺរ៉ុប​ក៏​យល់ព្រម​សំណើ​របស់​លោកស្រី​ម៉េ ប៉ុន្ដែ​បានដាក់​លក្ខខណ្ឌ​ចំនួន​ពីរ​ឲ្យ​អង់គ្លេស​។​

​លក្ខខណ្ឌ​ទាំងពីរ​នោះ​មាន ទីមួយ​ប្រសិនបើ​កិច្ចព្រមព្រៀង​ត្រូវ​បានអនុម័ត​ដោយ​សភា​នៅ​សប្ដាហ៍​នេះ អង់គ្លេស​នឹង​ដើរចេញ​នៅ​ថ្ងៃទី​២២​ខែ​ឧសភា​។ ទី​ពី​របើ​មិន​ជោគជ័យ​ទេ​អង់គ្លេស​នឹងត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​១២​មេសា​។ ប៉ុន្ដែ​លោកស្រី​ម៉េ​ត្រូវ​ត្រឡប់​ទៅ​ទីក្រុង​ព្រុច​សែល​មុន​ថ្ងៃទី​១២​មេសា ដើម្បី​ពន្យល់​ពី​អ្វីដែល​នឹង​អាច​កើតឡើង​បន្ទាប់​។ ចន្លោះ​ពេលនោះ​ក៏​ជា​ពេលវេលា​ដែល​អង់គ្លេស​ត្រូវ​សម្រេចចិត្ដ ថា​គួរ​ចូលរួម​ក្នុង​ការបោះឆ្នោត​សភា​អឺរ៉ុប​ឬ​យ៉ាងណា​។ បើ​អង់គ្លេស​ព្រម​ចូលរួម​ក្នុង​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ដទៅពី​ថ្ងៃទី​២៣-២៦​ឧសភា អឺរ៉ុប​អាច​នឹង​ទុកពេល​បន្ថែម​ច្រើន​ខែ​ទៀត​សម្រាប់​អង់គ្លេស​ក្នុងការ​ដើរចេញ​៕

ព័ត៌មានផ្សេងទៀត