គណបក្ស​មួយចំនួន​​នៅ​ថៃ​​ត្រៀម​រួមគ្នា​​ប្រឆាំង​រដ្ឋាភិបាល​យោធា​

27-03-2019 10:39 am 2469
  ស្តាប់
រូបលោកប្រាយុទ្ធ ចាន់អូចា
ស្តាប់ជាសំឡេង

​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ​នៅ​ថៃ​កាលពី​ថ្ងៃទី​២៦​មីនា បាន​ផ្លាស់ប្ដូរ​ឈានទៅ​រួបរួមគ្នា​ដើម្បី​រារាំង​មិនឲ្យ​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​អាចបង្កើត​រដ្ឋាភិបាល​ថ្មី​បាន​។ គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​គាំទ្រ​ដោយ​យោធា និង​បានតែងតាំង​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី សម្រាប់​ការបោះឆ្នោត​លើកដំបូង​កាលពី​ថ្ងៃទី​២៤​មីនា គិត​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។ យោងតាម​លទ្ធផល​បឋម​ប្រកាស​ក្រោយ​ការបោះឆ្នោត រដ្ឋាភិបាលយោធា​ទំនង​នឹង​អាច​នៅ​បន្ដ​កាន់អំណាច​ដដែល គ្រាន់តែ​ផ្លាស់ប្ដូរ​រូបរាង​ជា​រដ្ឋាភិបាល​ស៊ីវិល​វិញ ព្រោះ​គណបក្ស​ទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន​។ 

​សន្លឹកឆ្នោត​ជិត​៨​លាន​សំឡេង​បាន​ទៅលើ​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់ ក្រោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​រាប់បាន​៩៤​ភាគរយ​។ ដូច្នេះ​វា​អាច​នឹង​ផ្ដល់​សិទ្ធិឲ្យ​លោកប្រា​យុទ្ធ ចាន់​អូ​ចា​នូវ​ភាពស្របច្បាប់​បន្ដ​ដឹកនាំ​ប្រទេស​ទៀត​។ គណបក្ស​លោក​ប្រា​យុទ្ធ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​គណបក្ស​ភឿ​ថៃ​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ដល់​ទៅ​៤​សែន​សំឡេង​។ ប៉ុន្ដែ​គណបក្ស​ភឿ​ថៃ​នៅតែ​ជា​គណបក្ស​ដែល​ទទួលបាន​អាសនៈ​ច្រើនជាងគេ​ក្នុង​រដ្ឋសភា រហូតដល់​១៣៧​អាសនៈ​នៅតាម​មណ្ឌល​បោះឆ្នោត ខណៈ​បក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​ទទួល​បានតែ​៩៧​អាសនៈ​ប៉ុណ្ណោះ​ពី​មណ្ឌលបោះឆ្នោត​។ 

​គណបក្ស​ភឿ​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច ទទួលយក​ការគាំទ្រ​ពី​គណបក្ស​ដទៃ​បង្កើតជា​សម្ព័ន្ធ ដើម្បី​ជំរុញ​ការគាំទ្រ​ប្រជាធិបតេយ្យ​។ ចំពោះ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ដែលមាន​អ្នកគាំទ្រ​ភាគច្រើន​ជា​យុវជន ទទួលបាន​ការគាំទ្រ​ជាង​៥​លាន​សំឡេង បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ​ថា នឹង​ចូល​ជា​សម្ព័ន្ធ​ជាមួយ​គណបក្ស​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​យោធា​។ គណបក្ស​នេះ​ក៏​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន​៣០​អាសនៈ​ផងដែរ​។ ក្រៅពីនេះ​នៅមាន​គណបក្ស​ផ្សេងទៀត​ក៏​ប្រកាស​ចង់​ចងសម្ព័ន្ធ​នឹង​ភឿ​ថៃ​ដែរ​។​

​ជុំវិញ​ស្ថានការណ៍​នៅពេល​បច្ចុប្បន្ន​អ្នកជំនាញ​សន្និដ្ឋានថា ការចរចា​ប្រហែល​ត្រូវ​ប្រើពេល​ច្រើន​សប្ដាហ៍ ដោយ​ទាំង​គណបក្ស​ភឿ​ថៃ​និង​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់ សុទ្ធតែ​ទាមទារ​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​។ នៅពេលនេះ​មិនទាន់​ច្បាស់​ថា​គណបក្ស​ណាមួយ​អាចមាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅឡើយ​ទេ ខណៈ​លទ្ធផល​ផ្លូវការ​នឹង​ប្រកាស​នៅ​ថ្ងៃទី​០៩​ឧសភា​។ តាម​គ្រោងទុក​លទ្ធផល​ត្រូវ​ប្រកាស​ក្រោយ​បោះឆ្នោត​មួយថ្ងៃ ប៉ុន្ដែ​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​ថៃ បាន​លើក​ពេល​ពុំ​បានបញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត