រុស្ស៊ី​និង​ចិន​​រាយការណ៍​ទៅ​UN​​ពី​ចំនួន​​ពលករ​​កូរ៉េខាងជើង​​ដែល​បញ្ជូន​​ត្រឡប់​ទៅវិញ​

26-03-2019 6:11 pm 547
  ស្តាប់
រូបភាពទង់ជាតិកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​តាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​ទីក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៨​រុស្ស៊ី​បាន​បញ្ជូន​ពលករ​កូរ៉េខាងជើង​ជិត​២​ភាគ​៣​នៃ​ពលករ​នៅ​រុស្ស៊ី​សរុប​៣​ម៉ឺន​នាក់ ហើយ​ចិន​បាន​បញ្ជូន​ជិត​ពាក់កណ្ដាល ឲ្យ​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​។ របាយការណ៍​ទទួលបាន​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​នៅ​ថ្ងៃទី​២៦​មីនា​នេះ និង​ត្រូវបាន​បញ្ជូនទៅ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង អនុលោម​តាម​សេចក្ដីសម្រេច​ឆ្នាំ​២០១៧ ដែល​តម្រូវឲ្យធ្វើ​មាតុភូមិនិវត្ដន៍​កម្ម​ក​រ​កូរ៉េខាងជើង​ទាំងអស់នៅ​ត្រឹម​ចុងឆ្នាំ​២០១៩​។​

​មូលហេតុ​នៃ​ការចេញ​សេចក្ដីសម្រេច ជា​ផ្នែក​មួយ​នៃ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ក្នុង​ចេតនា​បញ្ឈប់​មិនឲ្យ​កូរ៉េខាងជើង​អាច​រកប្រាក់ពី​បរទេ​ស សម្រាប់​ផ្គត់ផ្គង់​លើ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​បាន​។ តាម​ប្រភពព័ត៌មាន​ទម្លាយ​ឲ្យដឹង​កន្លងមកថា កម្មករ​កូរ៉េខាងជើង​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស ប្រាក់ចំណូល​របស់​ពួកគេ​មួយផ្នែក​ត្រូវ​ផ្ទេរ​ទៅឲ្យ​រដ្ឋាភិបាល​។ 

​អាមេរិក​បាន​និយាយថា ទីក្រុង​ព្យុងយ៉ាង​អាច​រកប្រាក់​បាន​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ពី​កម្មករ​កូរ៉េខាងជើង​ជិត​១០​ម៉ឺន​នាក់​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​។ ក្នុងនោះ​មាន​ប្រមាណ​៨​ម៉ឺន​នាក់​ធ្វើការ​ក្នុងប្រទេស​ចិន​និង​៣​ម៉ឺន​នាក់​ក្នុងប្រទេស​រុស្ស៊ី​។ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​បាន​រឹតបន្ដឹង​យ៉ាងខ្លាំង​នូវ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ចាប់តាំងពី​ឆ្នាំ​២០០៦​ដើម្បី​បិទ​មូលនិធិ​ផ្ដល់ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បន្ដ​កម្មវិធី​នុយក្លេអ៊ែ​រ​និង​មី​ស៊ី​ល​។​

​ចំពោះ​សេចក្ដីសម្រេច​របស់​អង្គការសហប្រជាជាតិ​កាលពី​ឆ្នាំ​២០១៧ តម្រូវឲ្យប​ណ្ដា​ប្រទេស​នានា​រាយការណ៍​ទៅ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​នៅ​ខែមីនា​នេះ ពី​ពលករ​កូរ៉េខាងជើង​ធ្វើការ​នៅក្នុង​ប្រទេស​របស់ខ្លួន ដែល​បានធ្វើ​មាតុភូមិ​និវត្ដន៍កាល​ពី​ឆ្នាំ​២០១៨​។ គណៈកម្មាធិការ​ក៏​តម្រូវឲ្យប​ណ្ដា​ប្រទេស​ទាំងនោះ ពន្យល់​ពី​មូលហេតុ​ដែល​បញ្ជូន​ពល​ករ​កូរ៉េខាងជើង​តិចជាង​ពាក់កណ្ដាល​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត