លោក​​សម ​រង្ស៊ី​៖​​លោក​​កឹម សុខា​​ជា​ចំណាប់​ខ្មាំង​​​លោក​​ហ៊ុន សែន​​

26-03-2019 3:11 pm 1615
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។

​អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​លោក សម រង្ស៊ី នៅ​ថ្ងៃទី​២៥ មីនា​នេះ បាន​អះអាងថា លោក កឹម សុខា​ដែលជា​ដៃគូនយោបាយ​ខ្លួន កំពុង​ក្លាយជា​ចំណាប់ខ្មាំង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន​។​លោក​អះអាង​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន ព្រមាន​មិន​ចំឈ្មោះ​តែ​អាច​សំដៅ​ចំពោះ​លោក  កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុងផ្ទះ​ថា មិនអាច​ឱ្យ​រួចខ្លួន​ទេ​។

«​ដោយសារតែ កឹម សុខា បានបញ្ជាក់​ពី​ភាពស្មោះត្រង់​របស់លោក ហើយ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ កុំទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី ហ៊ុន សែន​ឱ្យសោះ ក្នុង​កាលៈទេសៈ​ដូច​សព្វថ្ងៃ ទើប ហ៊ុន សែន គំរាមកំហែង កឹម សុខា ដែលជា​ចំណាប់ខ្មាំង​របស់គាត់​»​។ នេះ​ជា​ការអះអាង​របស់លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​។​

​សំណេរ​របស់​មេដឹកនាំ​ក្រុម​ប្រឆាំង ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ថ្លែង​មិន​បញ្ចេញ​ចំឈ្មោះ​តែ​អាច​សំដៅលើ​លោក កឹម សុខា​ថា មាន​អ្នកខ្លះ​នៅជាប់​ឃុំ​ក្នុងផ្ទះ​នៅឡើយ តែ​ព្រមាន​គេ​កុំ​ឱ្យគេ​សុំ​សិទ្ធិ​នយោបាយ ហើយ​ចោទប្រកាន់ និង លាភ​លាប​ពណ៌​សព្វបែបយ៉ាង ចំពោះ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​។​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត លោក ហ៊ុន សែន បាន​ព្រមាន​ថា លោក​មិនឱ្យ​រួចខ្លួន​ទេ នៅពេល​តុលាការ​កាត់ទោស​ហើយ​។​

​ប៉ុន្តែ​យ៉ាងណាក្តី បន្ទាប់ពី​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សហ​មេធាវី​ការពារ​ក្តី​របស់លោក កឹម សុខា បាន​ចេញមក​បំភ្លឺថា កូនក្តី​របស់ខ្លួន​មិនបាន​ហាមឃាត់ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ ឬ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះឡើយ​។​នេះ​បើតាម​លោក ផែង ហេង មេធាវី​ការពារ​ក្តី​មួយរូប​របស់លោក​កឹម សុខា សរសេរ​លើ​ហ្វេ​សប៊ុក​របស់លោក​។

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ពេលនេះ មាន​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប​ហើយ ក្នុងចំណោម​១១៨​រូប ដែល​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បើទោះជា​លោក សម រង្ស៊ី ចាត់ទុក​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជាការ​ចុះចូល និង ជា​រឿង​ថោកទា​បក្តី​។​

​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​នៅថ្ងៃនេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​ទើប​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ បាន​អះអាងថា ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​ដើម្បី​ស្វែងរក​ការចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង ខ្មែរ​គ្នាឯង​។​គោលជំហរ​របស់​អ្នក​ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​នៅតែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ផ្តល់​តំណែង​ក្រុមប្រឹក្សាឃុំ សង្កាត់ ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ចង់ឲ្យមាន​ការផ្សះផ្សារ​ជាតិ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​៕

 


 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត