បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០១៤ ប្រទេសថៃត្រូវបានដឹកនាំដោយរដ្ឋាភិបាលយោធា ដើម្បីស្ដារសណ្ដាប់ធ្នាប់ឡើងវិញក្រោយមានភាពចលាចលធ្ងន់ធ្ងរ។ នៅពេលយោធាចូលមកដឹកនាំប្រទេស ប្រជាជនដែលប្រឆាំងនាំគ្នារិះគន់ថា យោធារំលោភបំពានសិទ្ធិសេរីភាពរបស់ពួកគេ ព្រមទាំងបានចាប់ខ្លួនអ្នកនយោបាយជាច្រើនរូប។ ប្រជាជនមួយចំនួនរួមទាំងអន្ដរជាតិទទូចឲ្យថៃរៀបចំការបោះឆ្នោតជាថ្មី ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញ។ ទីបំផុតការបោះឆ្នោតបានប្រារព្ធធ្វើឡើងដោយជោគជ័យកាលពីថ្ងៃទី២៤មីនា ប៉ុន្ដែមិនទាន់ប្រកាសលទ្ធផលជាផ្លូវការទេ។ ជុំវិញស្ថានភាពនយោបាយថៃនៅពេលនេះ មានអ្នកជំនាញមួយចំនួនមើលឃើញថា រដ្ឋាភិបាលថ្មីរបស់ថៃនឹងគ្មានស្ថិរភាពឡើយ ហើយវិបត្ដិនយោបាយក៏មិនអាចបញ្ចប់ដោយងាយៗដែរ។
សំឡេង៖
ការបោះឆ្នោតនៅប្រទេសថៃ តើដំណើការទៅយ៉ាងម៉េច?
ការបោះឆ្នោតជាលើកដំបូងរបស់ថ្ងៃកាលពីថ្ងៃទី២៤មីនា គិតតាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាក្នុងឆ្នាំ២០១៤ បានបិទបញ្ចប់ដោយជោគជ័យ គឺមណ្ឌលបោះឆ្នោតបានបើកទ្វារនៅម៉ោង៨ព្រឹកនិងបិទទ្វារនៅម៉ោង៥រសៀលថ្ងៃដដែល។ តាមតួលេខបង្ហាញឲ្យដឹងថាមានប្រជាជនទៅចុះឈ្មោះបោះឆ្នោតសរុបប្រមាណជាង៥០លាននាក់ ក្នុងនោះមានប្រមាណជាង៧លាននាក់ជាអ្នកទើបចុះឈ្មោះបោះឆ្នោតលើកដំបូង។ ប៉ុន្ដែក្រោយការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានឲ្យដឹងថា អ្នកទៅបោះឆ្នោតមានតែជាង៦០ភាគរយប៉ុណ្ណោះ។ ករណីនេះក៏កំពុងបង្កជាចម្ងល់យ៉ាងខ្លាំង និងមានសំណួរចោទឡើងជុំវិញលទ្ធផលឆ្នោតបឋមផងដែរ។
តើលទ្ធផលបឋមដែលប្រកាសក្រោយការបោះឆ្នោតយ៉ាងណាដែរ?
សូមបញ្ជាក់ថា តាមគ្រោងទុកលទ្ធផលផ្លូវការនឹងត្រូវប្រកាសមួយថ្ងៃបន្ទាប់ពីការបោះឆ្នោត ហើយលទ្ធផលបឋមត្រូវប្រកាសនៅយប់ថ្ងៃបោះឆ្នោតតែម្ដង។ តែលទ្ធផលផ្លូវការត្រូវលើកពេលរហូតដល់ថ្ងៃទី០៩ខែឧសភាវិញ ដោយគ.ជ.បមិនបានបង្ហាញពីមូលហេតុទេ។ និយាយពីលទ្ធផលបណ្ដោះអាសន្នបានប្រកាសកាលពីយប់ថ្ងៃទី២៤មីនាដូចកំណត់ តែឃើញមានគណបក្សមួយចំនួនហាក់មិនទាន់អាចទទួលយកបានដោយពេញចិត្ដ ដោយខ្លះចោទថាមានការលួចសន្លឹកឆ្នោត ក្លែងបន្លំសន្លឹកឆ្នោតជាដើម ហើយគ ជ បក៏មិនទាន់ឆ្លើយតបយ៉ាងណាដែរព្រោះមិនមែនជាលទ្ធផលផ្លូវការ។
លទ្ធផលក្រោយរាប់សន្លឹកឆ្នោតបានជាង៩០ភាគរយ គណបក្សភឿថៃជាបក្សរបស់អតីតនាយករដ្ឋមន្ដ្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រាឈ្នះអាសនៈក្នុងរដ្ឋសភាចំនួន១៣៧អាសនៈ រីឯគណបក្សផាឡាំងប្រាចារ៉ាត់របស់លោកប្រាយុទ្ធ ចាន់អូចា ឈ្នះអាសនៈតាមមណ្ឌលបោះឆ្នោតតែ៩៧អាសនៈប៉ុណ្ណោះ។ បូកបន្ថែមអាសនៈទទួលបានតាមប្រព័ន្ធចុះបញ្ជីអាសនៈក្នុងគណបក្ស បក្សផាឡាំងប្រាចារ៉ាត់ទទួលបាន១១៦អាសនៈ(សារព័ត៌មានខ្លះចុះផ្សាយ១២១អាសនៈ) ដែលចំនួននេះនៅតែតិចជាងគណបក្សភឿថៃដដែល។
ក្រៅពីនេះគណបក្សអនាគតឆ្ពោះទៅមុខ(Future Forward)ជាគណបក្សថ្មីទទួលបាន៨១អាសនៈ គណបក្សប្រជាធិបតេយ្យរបស់លោកអាភីស៊ីត វេចាជីវ៉ាទទួលបាន៥០អាសនៈ គណបក្សភូមិចៃថៃ(មោទនភាពថៃ)ទទួលបាន៥០អាសនៈ និងមានគណបក្សផ្សេងៗទៀតទទួលបានអាសនៈតិចជាងនេះ។ ចំពោះគណបក្សផាឡាំងប្រាចារ៉ាត់ ទោះបីទទួលបានអាសនៈតិចជាងបក្សភឿថៃ ប៉ុន្ដែគិតពីចំនួនអ្នកគាំទ្រវិញមានមានរហូតដល់៧.៩លានសំឡេង ប្រៀបធៀបទៅគណបក្សភឿថៃមានតែ៧.៤លានសំឡេងប៉ុណ្ណោះ។ សម្អាងលើលទ្ធផលនេះជាដើមហេតុដែលបក្សទាំងពីរអះអាងរៀងៗខ្លួនថា ពួកគេគួរតែទទួលបានសិទ្ធិក្នុងការដឹកនាំបង្កើតរដ្ឋាភិបាលថ្មីជារដ្ឋាភិបាលចម្រុះ ដោយម្ខាងទទួលបានអាសនៈក្នុងសភាច្រើនជាង ហើយម្ខាងទៀតថាមានសន្លឹកឆ្នោតគាំទ្រច្រើនជាង។
ការបង្កើតរដ្ឋាភិបាលស្ថិតក្រោមការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់យោធាក្នុងឆ្នាំ២០១៧ តើដំណើរការយ៉ាងដូចម្ដេច?
ជាការពិតតាំងពីចូលក្ដោបក្ដាប់អំណាចក្នុងឆ្នាំ២០១៤ នៅឆ្នាំ២០១៧របបយោធាបានរៀបចំការបោះឆ្នោតប្រជាមតិរហូតមានការគាំទ្រពីរដ្ឋសភានិងព្រឹទ្ធសភា សម្រេចឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលគឺគណបក្សដែលមានសំឡេងភាគច្រើនក្នុងសភាមានសិទ្ធិបង្កើតរដ្ឋាភិបាលដោយខ្លួនឯង។ ប៉ុន្ដែបើសំឡេងមិនគ្រប់គ្រាន់គណបក្សលេចធ្លោនោះ ត្រូវស្វែងរកគណបក្សផ្សេងចងសម្ព័ន្ធបង្ក្រប់សំឡេងភាគច្រើន ដើម្បីអាចបង្កើតរដ្ឋាភិបាលចម្រុះមួយ។
ចំណុចដែលខុសប្លែកក្នុងរដ្ឋធម្មនុញ្ញថ្មីគឺថា សមាជិកព្រឹទ្ធសភាទាំង២៥០រូបត្រូវតែងតាំងដោយស្វ័យប្រវត្ដិពីសំណាក់យោធា។ សូមជម្រាបថាទាំងសមាជិករដ្ឋសភានិងព្រឹទ្ធសភា មានសិទ្ធិជ្រើរើសបេក្ខជននាយករដ្ឋមន្ដ្រីឲ្យធ្វើជានាយករដ្ឋមន្ដ្រីថ្មី។ ត្រង់នេះហើយទើបមានការចោទប្រកាន់ថា លោកប្រាយុទ្ធ ចាន់អូចាមានចេតនាចង់បន្ដក្រាញអំណាច ព្រោះលោកបានរៀបចំអ្នកគាំទ្រនៅព្រឹទ្ធសភារួចជាស្រេច។
គិតពីការបង្កើតរដ្ឋាភិបាលថ្មីដោយខ្លួនឯង លោកប្រាយុទ្ធត្រូវការអាសនៈនៅរដ្ឋសភាតែ១២៦អាសនៈប៉ុណ្ណោះ បូកបន្ថែមអាសនៈនៅព្រឹទ្ធសភាទាំង២៥០ដែលមានស្រាប់ នោះលោកប្រាយុទ្ធនឹងមាន៣៧៦អាសនៈស្មើនឹង៥០បូក១នៃ៧៥០អាសនៈនៅសភាទាំងពីរ។ រីឯគណបក្សភឿថៃបើចង់បង្កើតរដ្ឋាភិបាលដោយខ្លួនឯង ត្រូវតែយកឈ្នះឲ្យបាន៥០បូក១ដែរ ប៉ុន្ដែមិនទំនងជាអាចធ្វើបានទេដោយលទ្ធផលបឋមរាប់សន្លឹកឆ្នោតបានជាង៩០ភាគរយទៅហើយទទួលបានតែ១៣៧អាសនៈប៉ុណ្ណោះ។ រឿងនៅសង្ឃឹមគឺការចាប់ដៃជាមួយគណបក្សផ្សេងបង្គ្រប់សំឡេងភាគច្រើនដាច់ខាត។ យ៉ាងណាក៏ដោយអ្វីជាក់ស្ដែងពិតប្រាកដ ត្រូវរង់ចាំរហូតដល់លទ្ធផលផ្លូវការត្រូវប្រកាសសិន។
នឹកភ្នកដល់រដ្ឋាភិបាលថ្មីដែលនឹងចេញជារូបរាងក្នុងពេលខាងមុខ តើអាចនឹងមានស្ថិរភាពទេ?
បើតាមការលើកឡើងពីលោកប្រាចាក់ កងគីរ៉ាទី(Prajak Kongkirati) សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយនៃសាកលវិទ្យាល័យធម្មាសាទ(Thammasat University) មិនថាគណបក្សលោកប្រាយុទ្ធឈ្នះឬគណបក្សលោកថាក់ស៊ីនឈ្នះក៏ដោយ រដ្ឋាភិបាលនៃបក្សទាំងពីរនឹងជារដ្ឋាភិបាលទន់ខ្សោយហើយគ្មានស្ថិរភាពទេ។ លោកបន្ថែមថារដ្ឋាភិបាលអាចដួលរលំក្នុងពេលមួយឆ្នាំឬមួយឆ្នាំកន្លះយ៉ាងយូរ ហើយបន្ទាប់មកអាចនឹងមានការបោះឆ្នោតជាថ្មីក្នុងពេលឆាប់ៗ។
រយៈពេល៥ឆ្នាំនៃការដឹកនាំរបស់របបយោធា បានទទួលរងការរិះគន់យ៉ាងខ្លាំងថាបានរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យមានវិសមភាពសេដ្ឋកិច្ច។ ទំនាក់ទំនងរបស់ថៃជាមួយអាមេរិកក៏តានតឹងដោយសារតែរដ្ឋប្រហារឆ្នាំ២០១៤ ហើយលោកប្រាយុទ្ធបានព្យាយាមស្វែងរកភាពស្របច្បាប់តាមរយៈការបោះឆ្នោត ដើម្បីផ្ដល់មកវិញនូវលទ្ធិប្រជាធិបតេយ្យ។ ក្រុមប្រឆាំងរិះគន់ថាប្រព័ន្ធនយោបាយថ្មីបង្កើតឡើងដោយយោធាមានលក្ខណៈមិនរឹងមាំ ដោយសារតែមិនត្រូវបានទទួលយកដោយភាគីទាំងអស់ កត្ដានេះនឹងបង្កជាការចាប់ផ្ដើមតស៊ូជាថ្មីនៅក្នុងប្រទេសថៃ។
គ្មានគណបក្សណាមួយអាចឈ្នះសំឡេងគ្រប់គ្រាន់ ដើម្បីជ្រើសរើសនាយករដ្ឋមន្ដ្រីនិងបង្កើតរដ្ឋាភិបាលបានឡើយ។ លទ្ធផលនៃភាពច្របូកច្របល់អាចនឹងកើតមានឡើង ព្រោះមានយោធាដែលគាំទ្រលោកប្រាយុទ្ធ ចាន់អូចាដល់២៥០សំឡេងរួចទៅហើយនៅព្រឹទ្ធសភា ករណីខ្វះសំឡេងភាគច្រើននៅរដ្ឋសភា។ ថាមិនត្រូវការតស៊ូដោយហិង្សាផ្នែកនយោបាយនៃអ្នកគាំទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត្រាអាចនឹងផ្ទុះឡើងជាថ្មីទៀត ព្រោះគណបក្សនេះនៅតែមានអ្នកគាំទ្រច្រើនពិសេសក្នុងតំបន់ភាគខាងជើងនិងភាគឦសានប្រទេសថៃ។
ប្រសិនបើគណបក្សភឿថៃឈ្នះសំឡេងអាចបង្កើតរដ្ឋាភិបាលវិញ ក៏មិនប្រាកដដែរថាមេដឹកនាំយោធានឹងឆ្លើយតបយ៉ាងណានោះ។ នេះជាការបញ្ជាក់របស់លោកចន ស៊ីអូស៊ីអារី(John Ciorciari) អ្នកជំនាញនៅសាកលវិទ្យាល័យMichigan។ លោកបន្ថែមថា ដោយមិនគិតពីលទ្ធផលឆ្នោតយ៉ាងណាទេ ការបោះឆ្នោតលើកនេះមិនទំនងអាចបញ្ចប់វិបត្ដិនយោបាយ ដែលអូសបន្លាយជាច្រើនឆ្នាំនៅក្នុងប្រទេសថៃបានដោយស្រួលឡើយ ស្របពេលមិនទាន់ប្រកាសលទ្ធផលផ្លូវការផង គណបក្សធំៗទាំងពីរកំពុងប្រជែងចង់ដឹកនាំបង្កើតរដ្ឋាភិបាលថ្មីរៀងៗខ្លួនទៅហើយ៕