​កម្ពុជា​-​ជប៉ុន​​ចុះ​MOU​ស្តីពី​ការបញ្ជូន​ពលករ​ជំនាញ​​ទៅ​ធ្វើការ​នៅ​ជប៉ុន​​

26-03-2019 11:06 am 1148
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​-​ជប៉ុន ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ការបញ្ជូន​​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​​​ជប៉ុន ខណៈ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ជាង​១​ម៉ឺន​នាក់​។

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ជប៉ុន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ការបញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា និង​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​ជប៉ុន នា​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ក្រសួងយុត្តិធម៌​ប្រទេស​ជប៉ុន​។ ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​រវាង​លោក សេង ស​ក្តា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ និង​លោកស្រី Shoko SASAKI អគ្គនាយក​អន្តោប្រវេសន៍​ជប៉ុន​។​

​យ៉ាងណាក៏ដោយ បើតាម​ការអះអាង​របស់លោក អ៊ិត សំហេង បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​សិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន មាន​ចំនួន​ប្រមាណ​១​ម៉ឺន​១​ពាន់​នាក់ ក្នុងនោះ​កម្មសិក្សាការី​មាន​ប្រមាណ​ជិត​៧​ពាន់​នាក់​។ តាមរយៈ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ លោក អ៊ិត សំហេង ថា ពលករ​ជំនាញ​កម្ពុជា នឹង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចាប់យក​ឱកាស​មាស​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង សម្រាប់​កម្ពុជា​ផង ក៏ដូចជា​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន ជាពិសេស​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​គ្រប់​ជ្រុងជ្រោយ​ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។​

​ក្រសួង​ការងារ​បានឱ្យ​ដឹងផង​ដែរថា រដ្ឋាភិបាល​ជប៉ុន បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការទទួល​ជនភៀសខ្លួន និង​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​បង្កើត​ទិដ្ឋាកា​ការងារ​ថ្មី​ចំនួន​២​ប្រភេទ​គឺ “​ពលករ​ជំនាញ​១” និង “​ពលករ​ជំនាញ​២”​។ ច្បាប់​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​១ មេសា ឆ្នាំ​២០១៩​។ ដោយឡែក​ប្រព័ន្ធ​បញ្ជូន​កម្មសិក្សាការី​នៅ​អនុវត្ត​ដដែល​។ ជប៉ុន​គ្រោង​ទទួលយក​ពលករ​ជំនាញ​ទាំង​២​ប្រភេទ ពី​ប្រទេស​ចំនួន​៨ រួមមាន​កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មី​យ៉ាន់​ម៉ា និង​នេ​ប៉ាល់ ចំនួន ៣៤៥,១៥០​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​ក្នុងនោះ​៖ ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន​១៤​ប្រភេទ រួមមាន​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ការសំអាត​អាគារ ការផលិត​គ្រឿងបន្លាស់ ការផលិត​គ្រឿង​ម៉ាស៊ីន ការផលិត​គ្រឿងអគ្គិសនី និង​គ្រឿង​អេឡិចត្រូនិច ការងារ​សំណង់ ការផលិត​នាវា ការជួសជុល និង​តម្លើងរថយន្ត ការងារ​អាកាសចរណ៍ ការរៀបចំ​បន្ទប់​ស្នាក់នៅ កសិកម្ម នេសាទ និង​វារីវប្បកម្ម ការផលិត​អាហារ​និង​ភេសជ្ជៈ និង​ការងារ​នៅ​ភោនី​យដ្ឋា​ន​។​

​សូមបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​ទី​២ ដែល​បាន​ចុះ​អនុស្សារណៈ​នេះ​នៅ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ បន្ទាប់ពី​ហ្វីលីពីន​ដែល​បាន​ចុះ​នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត