លោក​​ពេជ្រ ស្រស់​​៖​រដ្ឋមន្ត្រី​​ក្រសួង​យុត្តិធម៌​​ទទួល​ស្គាល់​​តុលា​ការ​​សំបូរ​​ពុករ​លួយ​​

25-03-2019 5:25 pm 1188
​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅកណ្តាល ខាងស្តាំលោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា។

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង ជា​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​យោបល់ បានចាត់ទុក​ការបញ្ជា​ឱ្យ​ចាក់​រឿង​ប៉ាវ​ចិន​ឡើងវិញ ដើម្បី​ជា​ការចូលរួម​កែប្រែ​នូវ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ថា វា​មិន​អាចទៅរួច​នោះឡើយ​។ មិនអាច​ដោយ​លោក អះអាងថា លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា ធ្លាប់បាន​ទទួលស្គាល់ថា តុលាការ​នៅ​កម្ពុជា​គឺ​សំបូរ​ទៅដោយ​អំពើពុករលួយ​។​

​សម្រាប់​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​យោបល់​រូបនេះ បាន​គូសបញ្ជាក់ថា ដើម្បី​កែប្រែ​នូវ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា គឺ​មានតែ​បោសសម្អាត​ជន​ពុករលួយ​ឲ្យអស់​ពី​ស្ថាប័ន​យុត្តិធម៌ ទើប​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​មានការ​កែប្រែបាន ហើយ​បើ​ចង់​កែប្រែ​ឱ្យ​ស្ថាប័ន​តុលាការ​ប្រកបដោយ​យុត្តិធម៌ នឹង​កាត់ក្តី​មិន​លំអៀង​នោះ គឺ​ត្រូវ​ហាមឃាត់​មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័ន​តុលាការ និង ក្រសួង​យុត្តិធម៌​មិនឱ្យ​មាននូវ​​តំណែង​ណាមួយ​នៅក្នុង​គណបក្សនយោបាយ ទើប​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​អាច​កែប្រែបាន​យ៉ាង​ឆាប់រហ័ស ហើយ​ការកាត់ក្តី​នឹងមាន​តម្លាភាព​។​

​បើតាម​លោក ពេជ្រ ស្រស់ បើ​គ្រាន់តែ​ចាក់ផ្សាយ​រឿង​ប៉ាវ​ចិន គឺ​មិនអាច​កែប្រែ​ប្រព័ន្ធយុត្តិធម៌​បានទេ ព្រោះ​អ្នកអនុវត្ត​ច្បាប់​មិន​មើល គឺ​មើល​តែ​ប្រជារាស្ត្រ ហើយ​នៅពេល​ប្រជារាស្ត្រ​មើល​រឿង​ប៉ាវ​ចិន គឺ​នាំឱ្យ​ពលរដ្ឋ​ក្តៅក្រហាយ​ជាមួយនឹង​តុលាការ​ស្រុក​ខ្មែរ​ថែមទៀត​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ មីនា​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឱ្យ​គ្រប់​ទូរទស្សន៍​នៅ​កម្ពុជា​ចាក់​រឿង​ប៉ាវ​ចិន​ឡើងវិញ ព្រោះ​លោក​យល់ថា រឿងនេះ​បង្ហាញ​ពី​យុត្តិធម៌​សង្គម​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ លោក ហ៊ុន សែន ថ្លែង​បែបនេះ​ថា​៖«​យើង​ចង់​ធ្វើកំណែទម្រង់​តុលាការ​របស់​យើង និង ចង់​ស្វែងរក​យុត្តិធម៌​សង្គម អ៊ីចឹង ចាក់​រឿង​ប៉ាវ​ចិន​ឱ្យមើល​តែម្តងទៅ​»​។​

 

 ពាក្យគន្លឹះ  ប្រព័ន្ធតុលាការ

ព័ត៌មានផ្សេងទៀត