ភាពចម្រូងចម្រាស​​នៃ​លទ្ធផល​​បោះឆ្នោត​​ថៃ​​ដែល​ត្រូវ​​ប្រកាស​​ផ្លូវការ​​ថ្ងៃ​០៩​ឧសភា​

25-03-2019 4:58 pm 873
  ស្តាប់
រូបភាព​រាប់​សន្លឹក​ឆ្នោត
ស្តាប់ជាសំឡេង

​ការបោះឆ្នោត​នៅ​ថៃ​បានបញ្ចប់​ជា​ផ្លូវការ កាលពី​ម៉ោង​៥​រសៀល​ថ្ងៃទី​២៤​មីនា​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​បាន​រាប់​សន្លឹកឆ្នោត​ទាំងយប់​តែម្ដង​។ រាប់បាន​ប្រមាណ​ជាង​៩០​ភាគរយ ក្រុមការងារ​ក៏​ផ្អាក​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ ហើយ​លទ្ធផល​បឋម​ក៏​ចេញផ្សាយ​ឲ្យដឹង​។ តាម​លទ្ធផល​បឋម គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បញ្ជាក់​ថា គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានទទួល​សំឡេងគាំទ្រ​ភាគច្រើន គឺ​ប្រមាណ​៧,៦​លាន​សំឡេង​ច្រើនជាង​គណបក្ស​ភឿ​ថៃ​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​កន្លះ​លាន​សំឡេង​។ 

​លទ្ធផល​នេះ​បានន័យថា​គណបក្ស​រប​ស់លោក​ប្រា​យុទ្ធ អាចបង្កើត​រដ្ឋាភិបាល​បាន​ស្ថិតក្រោម​ការដឹកនាំ​របស់លោក​ដែលជា​នាយករដ្ឋមន្ដ្រី​បច្ចុប្បន្ន​។ ប៉ុន្ដែ​មាន​ពាក្យបណ្ដឹង​កាន់តែច្រើន​ពី​ភាពមិនប្រក្រតី និង​ទិន្នន័យ​មិន​ច្បាស់លាស់​ជុំវិញ​លទ្ធផល​បណ្ដោះអាសន្ន​នេះ​។ ខ្លះ​ក៏​លើកឡើង​ពី​ការទិញ​សន្លឹកឆ្នោត និង​ក្លែងបន្លំ​សន្លឹកឆ្នោត​ក៏មាន​។ និយាយ​ពី​គណបក្ស​ភឿ​ថៃ​តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០០១​មក ទទួលបាន​ជ័យជម្នះ​ជាប់​គ្នា​រហូត​។​

​ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន បាន​រាយការណ៍​ពី​តួលេខ​ដកស្រង់​ពី​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត មាន​លទ្ធផល​ខុសគ្នា​ទាក់ទង​នឹង​ចំនួន​អាសនៈ​នៅ​រដ្ឋសភា​ដែល​គណបក្ស​នី​មួយៗ​ទទួលបាន​។ តាម​តួលេខ​គណបក្ស​ភឿ​ថៃ​បានឈ្នះ​ដាច់​អាសនៈ​នៅ​រដ្ឋសភា​គឺ​ប្រមាណ​ជាង​១៣០​អាសនៈ ខណៈ​គណបក្ស​លោក​ប្រា​យុទ្ធ​ទទួល​បានតែ​ជាង​១២០​អាសនៈ​ប៉ុណ្ណោះ​។ ខណៈ​បក្ស​ផ្សេងទៀត​ទទួលបាន​ជាង​៨០​អាសនៈ ៥០​អាសនៈ និង​តិចជាង​នេះ​ជា​បន្ដបន្ទាប់​។​

​លទ្ធផល​ផ្លូវ​ការគ្រោង​ប្រកាស​នៅ​រសៀល​ថ្ងៃទី​២៥​មីនា​នេះ ប៉ុន្ដែ​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃ​ដដែល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ បាន​លើក​ពេល​ប្រកាស​លទ្ធផល​ផ្លូវការ​ទៅ​ថ្ងៃទី​០៩​ខែឧសភា​វិញ​។ ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន អគ្គលេខាធិកា​រគ​.​ជ​.​ប​ថៃ​បាន​បន្ទោស​កំហុស​បច្ចេក​ទេ​សរប​ស់មនុស្ស ដោយ​និយាយថា​អ្នក​ដាក់​លេខ​សន្លឹកឆ្នោត​គ្រាន់​ជា​មនុស្ស​ធម្មតា​។ ថ្វីបើ​មាន​ការខ្វះខាត​នៃ​លទ្ធផល​ជា​ផ្លូវការ​ក៏ដោយ ក៏​គណបក្ស​ភឿ​ថៃ​និង​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់ បានប្រកាស​ពី​គោលបំណង​របស់ខ្លួន​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​មីនា​ជា​ការបោះឆ្នោត​លើកដំបូង​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។ ប្រជាជន​ថៃ​ជាង​៥០​លាន​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្ដែ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ពិតប្រាកដ​មានតែ​៦៤​ភាគរយ​ប៉ុណ្ណោះ​។ មាន​ការសាកសួរ​ជាច្រើន​ពី​តួលេខ​នេះ​ក៏ដូចជា​ភាពខុសគ្នា​ក្នុង​ការរាប់​សន្លឹកឆ្នោត​។ ការបោះឆ្នោត​នេះ​ទៀតសោត​ធ្វើឡើង​អនុ​ឡោម​តាមច្បាប់​ថ្មី​អនុវត្ដ​ដោយ​រដ្ឋាភិបាលយោធា ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​មធ្យោបាយ​មួយ​ដើម្បី​ផ្លាស់ប្ដូរ​ខ្លួន​ជា​រដ្ឋាភិបាល​ស៊ីវិល និង​ចង់​រក្សា​លោក​ឧត្ដមសេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា​ជា​នាយករដ្ឋមន្ដ្រី​ដឹកនាំ​ប្រទេស​ដដែល​៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត