លោក​ហ៊ុន សែន​ ប្រាប់​ទៅ​​លោក​ប្រាក់ សុខុន​ កុំ​សូវ​ខ្វល់​​ពី​ការ​គំរាម​​របស់​អន្តរជាតិ​​ពេក​​

25-03-2019 4:52 pm 3366
  ស្តាប់
ស្តាប់ជាសំឡេង

​ចាប់តាំងពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក កម្ពុជា​ហាក់​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជាខ្លាំង រហូតដល់​អឺរ៉ុប​សម្រេច​ជា​ផ្លូវ​ការសិក្សា​ពី​លទ្ធភាព​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA និង​អាមេរិក ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ GSP​ពី​កម្ពុជា​។​

​ថ្មីៗ​នេះ លោកស្រី អូ​ឡា ផេ​ម​ផេ​ឡូ​នី Paola Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក របស់​គណៈកម្មការ​អឺរ៉ុប បានមក​សិក្សា​ដំណើរការ​នីតិវិធី​ត្រួតពិនិត្យ​ក្នុង​ក្របខ័ណ្ឌ​EBA លើ​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក​ប្រាក់ សុខុន បាន​ទទួលស្គាល់ថា EBA ពិតជា​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ជួយ​លើ​កម្ពស់​ជីវភាព​កម្ម​កា​រ​ជាង​៥​សែន​នាក់ និង​អ្នក​ពឹងពាក់​អាស្រ័យ ប្រមាណ​ជាង​២​លាន​នាក់​ទៀត​។ ​លោក​ប្រាក់ សុខុន សន្យា​នឹង​អឺរ៉ុប​ថា កម្ពុជា នឹង​នៅតែ​បន្ត​សហការ​ជាមួយ​សហភាព​អឺរ៉ុប ក្នុង​ការលើកតម្កើង​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

​ក្រោយ​ជំនួប​នេះ លោក​ប្រាក់ សុខុន ក៏បាន​រាយការណ៍ ជូន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទាក់ទង​នឹង​ការបារម្ភ របស់​សហគមន៍ អន្តរជាតិ ពី​បញ្ហានយោបាយ​កម្ពុជា ក្រោយពី​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវបាន​រំលាយ​។ ក្រោយពី​បាន​អាន​របាយការណ៍ របស់លោក​ប្រាក់ សុខុន ស្ដីពី​ការព្រួយបារម្ភ របស់​បណ្ដា​ប្រទេស​មួយចំនួន លោក​ហ៊ុន សែន បាន​ចារ​អក្សរ​ធំៗ ត្រឡប់​ទៅវិញ​ថា កង្វល់​របស់​អន្តរជាតិ មិនមែនជា​ច្បាប់​តម្រូវឲ្យ​កម្ពុជា អនុវត្ត​នោះទេ ខណៈ​ប្រទេស​មួយចំនួន​ខ្វល់​ពី​កម្ពុជា លើ​បញ្ហា​នេះ បញ្ហា​នោះ តែ​មិនដែល​ស្ដាប់​ពី​កង្វល់ និង​តម្រូវការ របស់​កម្ពុជា​នោះទេ​។ នេះ ជា​អ្វីដែល​លោក​ហ៊ុន សែន អះអាង​បញ្ជាក់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ថ្ងៃទី​២៥ មីនា​។​

​លោក​ហ៊ុន សែន និយាយថា ប្រទេស​មួយចំនួន លើក​បញ្ហា​ផ្សេងៗ មក​គំរាម​កម្ពុជា​។ តែ​លោក​ថា អ្នក​ទាំងនោះ មិន​យល់​ពី​តម្រូវការ របស់​កម្ពុជា​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ប្រទេស​ខ្លះ​មាន​កង្វល់​លើ​កម្ពុជា បញ្ហា​នេះ បញ្ហា​នោះ ប៉ុន្តែ​រឿង​កង្វល់​របស់​អ្នកឯង តែ​អ្នកឯង​មានបាន​ស្ដាប់ ពី​កង្វល់​ប្រទេស​ខ្ញុំ​ទេ​! តើ​ប្រទេស​ខ្ញុំ​ត្រូវការ អ្វី​កុំ​យក​អា​ស្អី​នេះ មក​គំរាម​អ៊ីចេះ អ៊ីចុះ ....»​។​

​លោក​ហ៊ុន សែន បញ្ជាក់ប្រាប់​ទៅកាន់​បរទេស កុំឲ្យ​មាន​ការភ័ន្តច្រឡំ​ចំពោះ​ការរំលាយ​បក្សនយោបា​យ​កម្ពុជា ។ លោក​ថា កម្ពុជា​រំលាយ​បក្សប្រឆាំង ដោយសារ​គណបក្ស​នោះ ធ្វើ​ខុសច្បាប់ នៅ​មុនពេល​ការបោះឆ្នោត ហើយ​លោក​ចោទ​ជា​សំណួរ បក​ទៅ​បរទេស​ទាំងនោះ ឲ្យ​ងាក​មើលទៅ​ប្រទេស​ថៃ ដោយ​លោក​សួរថា ប្រទេស​ថៃ រំលាយ​គណបក្សនយោបាយ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា បោះឆ្នោត​តែម្ដង ផង​នោះ តើ​អ្នកឯង​គិត​យ៉ាងម៉េច​? 

​លោក​ព្រមាន​ថា តើ​ចង់ឲ្យ​កម្ពុជា​យក​គំរូ​តាម​ប្រទេស​ថៃ និង​មី​យ៉ាន់​ម៉ា ដែល​អនុញ្ញាតឲ្យ​កងទ័ព​មា​ន​កូតា​២៥% ក្នុង​សំឡេងឆ្នោត​ឬ​យ៉ាងណា ខណៈ​កម្ពុជា ក៏​អាចធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឲ្យ​កងទ័ព​មាន​សិទ្ធិ​ដូច​នៅ​ថៃ ឬ​មី​យ៉ាន់​ម៉ា​ដែរ​?

ព័ត៌មានផ្សេងទៀត