មេធាវី​៖​​លោក​​កឹម សុខា​​មិន​​ឃាត់​​អ្នក​សុំ​សិទ្ធិ​​ឬ​មិន​​សុំ​សិទ្ធិ​ធ្វើ​​នយោបាយ​​ឡើយ​​

25-03-2019 4:37 pm 1160
លោក កឹម សុខា ប្រជុំជាមួយមេធាវីរបស់លោក។រូបភាពពី FB Heng Pheng

​សហ​មេធាវី​ការពារ​ក្តី​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​២៥ មីនា​នេះ បាន​ចេញមក​បំភ្លឺថា កូនក្តី​របស់ខ្លួន គឺ​លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ ឬ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះឡើយ​។​

​លោក ផែង ហេង មេធាវី​ការពារ​ក្តី​មួយរូប​របស់លោក​កឹម សុខា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​របស់​លោកថា « ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ខ្លី​ថា លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ ឬ​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះឡើយ​»​។​រីឯលោក ចាន់ ចេ​ន​ មេធាវី​ការពារ​ក្តី​របស់លោ​កកឹម សុខា បានសរសេរថា «​លោក កឹម សុខា មិនបាន​ហាមឃាត់ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង ក៏​មិនបាន​ជម្រុញ​ឱ្យ​ទៅសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ​»​។​

​ការចេញមុខ​បំភ្លឺ​រប​ស់​សហ​មេធាវី​លោក កឹម សុខា​នេះ គឺ​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​មិន​បញ្ចេញ​ចំឈ្មោះ​តែ​អាច​សំដៅលើ​លោក កឹម សុខា​ថា អ្នក​កំពុង​ជាប់​ឃុំខ្លួន​ក្នុងផ្ទះ​ហើយ បែរជា​ហាម​គេ​មិនឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ហើយ​ចោទប្រកាន់ និង លាភ​លាប​ពណ៌​សព្វបែបយ៉ាង ចំពោះ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ពេលនេះ មាន​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៩​រូប​ហើយ ក្នុងចំណោម​១១៨​រូប ដែល​តុលាការ​កំពូល​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បានដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បើទោះជា​លោក សម រង្ស៊ី ចាត់ទុក​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជាការ​ចុះចូល និង ជា​រឿង​ថោកទា​បក្តី​។​

​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​នៅថ្ងៃនេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​ទើប​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ បាន​អះអាងថា ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​ដើម្បី​ស្វែងរក​ការចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​ខ្មែរ និង ខ្មែរ​គ្នាឯង​។​លោក​គ្មាន​គម្រោង​បង្កើត​បក្ស និង ចុះចូល​ជាមួយ​បក្ស​ផ្សេង​ទេ គោលជំហរ​របស់​អ្នក​ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​នៅតែ​បន្ត​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ផ្តល់​តំណែង​ក្រុមប្រឹក្សាឃុំ សង្កាត់ ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង ចង់ឲ្យមាន​ការផ្សះផ្សារ​ជាតិ ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា​៕

 ពាក្យគន្លឹះ  មេធាវីលោកកឹមសុខា

ព័ត៌មានផ្សេងទៀត