ទីបំផុត​! កូន​មេ​ប៉េអឹម​ខេត្តក្រចេះ​យល់ព្រម​បង្ហាញខ្លួន​មុខ​សមត្ថកិច្ច​

25-03-2019 4:20 pm 801

​នៅ​ទីបំផុត​! កូនប្រុស​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ ដែល​បាន​ប្រើ​ហិង្សា និង​ដក​កាំភ្លើង​ភ្ជង់​គូរ​ជម្លោះ បាន​យល់ព្រម​បង្ហាញខ្លួន នៅ​ចំពោះមុខ​សមត្ថកិច្ច​ហើយ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ដើម្បី​ទទួល​ទោសកំហុស​។ នេះ​បើ​តាម​ការបញ្ជាក់​ពី មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ចាម ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​។​

​ការចូល​បង្ហាញខ្លួន​ទទួល​កំហុស​នេះ ធ្វើឡើង​ភ្លាមៗ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ព្រមាន​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លោក​សាន្ត ប៊ុន​ថា​ន នឹង​ប្រឈមមុខ​បាត់បង់​តំណែង តួនាទី​របស់​ខ្លួន ប្រសិនបើ​មិន​នាំ​កូន​ប្រុស​ឈ្មោះ សាន្ត សុខុម ជា​មន្ត្រី​អាវុធហត្ថ ចូលខ្លួន​ដោះស្រាយ​បញ្ហា ជុំវិញ​ការប្រើ​ហិង្សា​លើ​យុវជន​ពីរ​នាក់ នៅក្នុង​ខេត្ត​កំពង់ចាម​ទេនោះ​។​

សំឡេង

​លោក សាន្ត សុខុម មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ​ពាក់​ស័ក្តិ​៤ កាលពី​ថ្ងៃ​ទី​១៩ ខែ​មីនា កន្លងទៅនេះ បាន​ប្រើ​ហិង្សា និង​ភ្ជង់ ទៅ​លើ​យុវជន​ពីរ​នាក់ នៅ​កន្លែង​លេង​អ៊ី​ន​ធើ​ណេត​មួយកន្លែង​ក្នុង​ខេត្ត​កំពង់ចាម​។

​ក្រោយ​ទទួល​បណ្តឹង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា បាន​ចេញ​ដីកា ឲ្យ​មន្ត្រី​អាវុធហត្ថ​ឈ្មោះ សាន្ត សុខុម ចូល​ខ្លួន​នៅ​តុលាការ ឲ្យបាន​មុន​ថ្ងៃ​ទី​២៦ ខែ​មេសា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រើ​អំពើហិង្សា​នេះ​៕

 

ព័ត៌មានផ្សេងទៀត