ក្រសួង​បរិស្ថាន​ទទូច​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការលក់ដូរ​ដី​នៅ​ឧទ្យាន​ជាតិ​រាម​

25-03-2019 11:58 am 836

​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា បានប្រកាស​ស្នើ​ដោយ​ទទូច​ដល់​ពលរដ្ឋ​ដែល​កំពុង​កាន់កាប់ និង​លក់ដូរ​ដីធ្លី ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ល្មើសច្បាប់​នេះ ។ លោក​ថា បើ​នៅ​តែ​បន្តសកម្មភាព​ទិញ​-​លក់ ដីធ្លី​នៅ​ក្នុង​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន​បន្តទៀត នោះ​បុគ្គល​នោះ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់ ...

​លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រកាស​ជូនដំណឹង និង​ទទូច​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​កាន់កាប់ និង​លក់ដូរ​ដីធ្លី ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម ខេត្ត​ព្រះសីហនុ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ល្មើសច្បាប់​នេះ ដោយ​អះអាង តំបន់​នោះ គឺជា​តំបន់​ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​ដែល​កំពុង​ព្យាយាម​ទិញ​ដីធ្លី​នៅ​តំបន់​ឧទ្យាន​ជាតិ​រាម ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការទិញ​លក់ដូរ​ដី ស្ថិតនៅក្នុង​តំបន់ការពារធម្មជាតិ ដែល​ជា​ទង្វើ​ខុសច្បាប់ ហើយ​ជន​ប្រព្រឹត្ត​ល្មើស​ច្បាប់ នឹង​អាច​ត្រូវ​ប្រឈមមុខ​ចំពោះ​ច្បាប់ ។ 

​លោក​បញ្ជាក់ថា គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​យក​ដី​រដ្ឋ​ទៅ​លក់ដូរ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យ​បុគ្គល​ណា​បាន​ឡើយ ។ ប្រសិនបើ​ពលរដ្ឋ​បន្តសកម្មភាព​ទិញដូរ​ដីធ្លី ដែល​ស្ថិត​នៅក្នុង​តំបន់ការពារធម្មជាតិ ក្រោម​ការបោកប្រាស់​របស់​ជនខិលខូច នោះ​នឹង​ធ្វើឱ្យ​ខាតបង់​ប្រាក់​ឥតប្រយោជន៍ បើសិនជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​ថា ដី​នោះ ស្ថិតនៅក្នុង​តំបន់​ឧទ្យាន​ជាតិ ។​

​លោក​ភក្ត្រា​បញ្ជាក់ថា ជនល្មើស​ដែល​ទៅ​កាន់កាប់ រុករាន ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ក៏​ដូច​ជា​ទៅ​ចាប់ដី​កម្មសិទ្ធិ​ឯកជន​នៅ​ខេត្ត​ព្រះសីហនុ​ជាច្រើន​ករណី បាន​កំពុង​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់ រង់ចាំ​ការជំនុំជម្រះ​ក្តី ចំពោះ​បទល្មើស​ដែល​ខ្លួន​ប្រព្រឹត្ត​ប្រឆាំង​ទៅនឹង​ច្បាប់ ស្តីពី​តំបន់​ការពារ​តំបន់​ធម្មជាតិ និង​ការទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់ និង​ច្បាប់​ដីធ្លី ។​

​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម មាន​ផ្ទៃដី​២១.០០០​ហិកតា ក្នុងនោះ ១៥.០០០​ហិកតា ជា​ដីគោក​តាម​ឆ្នេរសមុទ្រ និង ៦.០០០ ហិកតា ជា​ផ្ទៃ​ទឹកសមុទ្រ ដែល​ត្រូវបាន​បង្កើត​ដោយ​ព្រះរាជក្រឹត្យ នៅ​ឆ្នាំ​១៩៩៣ ។ ឧទ្យាន​ជាតិ​នេះ ស្ថិត​នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​មាន​ទីតាំង​ខាងជើង​ជាប់​ផ្លូវជាតិ​លេខ​៤ ឃុំ​រាម ឃុំ​អូរ​ឧកញ៉ា​ហេង ដែល​ស្ថិតនៅ​ជាប់​ជួរ​ភ្នំ ៕

ព័ត៌មានផ្សេងទៀត