របាយការណ៍​​ស៊ើបអង្កេត៖លោក​ដូណាល់ ត្រាំ​​មិនបាន​រួមគំនិត​​ជាមួយ​រុស្ស៊ី​ទេ​

25-03-2019 11:43 am 1532
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ(ឆ្វេង)​និងអគ្គរដ្ឋអាជ្ញាអាមេរិក
ស្តាប់ជាសំឡេង

​ក្រោយ​ទទួលបាន​ភារកិច្ច​ស៊ើបអង្កេត​ករណី​ដ៏​ធំ​មួយ​ក្នុង​ឆ្នាំ​២០១៧ ពេលនេះ​អគ្គ​រដ្ឋអាជ្ញា​ពិសេស​អាមេរិក​លោក​រ៉ូបឺត មូ​ល្លឺ​(Robert Mueller)​បានបញ្ចប់​កិច្ចការ​ទាំងស្រុង​ហើយ និង​បានប្រគល់​របាយការណ៍​ជូន​លោក​វីល្លាម បារ​(William Barr)​រួចហើយ​ដែរ​កាលពី​ថ្ងៃ​សុក្រ​។ ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ការពិត​ថា​តើ យុទ្ធនាការ​ឃោសនា​រប​ស់លោក​ដូណាល់ ត្រាំ​ក្នុង​ឆ្នាំ​២០១៦ ពិតជា​បាន​គប់គិត​ជាមួយ​រុស្ស៊ី​ដូច​ការចោទប្រកាន់​មែនឬ​យ៉ាងណា​។ 

​បន្ទាប់ពី​ទទួលបាន​របាយការណ៍ លោក​វីល្លាម បារ​ជា​អគ្គ​រដ្ឋអាជ្ញា​និង​ជា​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​អាមេរិក រួមជាមួយ​មន្ដ្រី​របស់​លោក​បាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់​បំផុត​កាលពី​ថ្ងៃ​សៅរ៍ មុន​លោក​យកទៅ​រាយការណ៍​បន្ដ​ដល់​សភា​កាលពី​ថ្ងៃអាទិត្យ​។ ទីបំផុត​របាយការណ៍​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​បានឲ្យដឹងថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​មិនបាន​ផ្សំគំនិត​ជាមួយ​រុស្ស៊ី​ក្នុងអំឡុងពេល​បោះឆ្នោត​ឆ្នាំ​២០១៦​ទេ​។ របាយការណ៍​មិនបាន​សន្និដ្ឋាន​ទេ​ថា លោក​ត្រាំ​បាន​រារាំង​ដោយ​ខុសច្បាប់​លើ​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​ឬ​យ៉ាងណា​ឡើយ ប៉ុន្ដែ​ក៏​មិនបាន​បញ្ជាក់ថា​លោក​ត្រាំ​រួច​ពី​ការចោទប្រកាន់​ដែរ​។​

​របាយការណ៍​បង្ហាញ​ឲ្យដឹងទៀតថា តាមរយៈ​ការស៊ើបអង្កេត​ជាង​២០​ខែ​កន្លងមក មិនបាន​រកឃើញ​ថាជ​ន​ជាតិ​អាមេរិក​ណាមួយ ឬ​មន្ដ្រី​រៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ណា​ម្នាក់​របស់លោក​ត្រាំ បាន​សហការ​រៀបចំ​ដោយ​ចេតនា​ជាមួយ​រុស្ស៊ី​ឡើយ​។ លោក​ដូណាល់ ត្រាំ​មិនបាន​ប្រព្រឹត្ដ​បទឧក្រិដ្ឋ តែ​ក៏​មិនបាន​និយាយ​ពី​ការ​រួច​ទោស​របស់លោក​ដែរ​។ ក្រោយ​ទទួល​ព័ត៌មាន​បែបនេះ លោក​ត្រាំ​បាន​សរសេរ​សារ​ឆ្លើយតប​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​របស់លោក​ថា គ្មាន​ការ​រួមគំនិត គ្មាន​ការរារាំង​ទេ​។​

​នៅ​ចុងបញ្ចប់​នៃ​ការ​សង្ខេប​របាយការណ៍ លោក​បារ​បាន​និយាយថា​ភស្ដុតាង​គឺ​មិន​គ្រប់គ្រាន់​ទេ ដើម្បី​បញ្ជាក់ថា​លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រព្រឹត្ដ​បទល្មើស​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​ស្វែងរ​ក​យុត្ដិធម៌​។ លោក​នឹង​បញ្ចេញ​ព័ត៌មាន​បន្ថែម​ពី​របាយការណ៍​ពេញលេញ ប៉ុន្ដែ​ឯកសារ​មួយចំនួនទៀត​ស្ថិតក្រោម​ការ​រឹត​ត្បិត​។ លោក​បាន​ស្នើសុំ​ជំនួយ​ពី​រដ្ឋអាជ្ញា​ពិសេស​អាមេរិក​រួចហើយ ក្នុង​ការកំណត់​ពី​ព័ត៌មាន​ទាំងអស់​ដែលមាន​ក្នុង​របាយការណ៍​ឲ្យបាន​លឿន​តាម​ដែល​អាចទៅរួ​ច​។​

​សូម​រម្លឹក​បន្ដិច​ថា ការជាប់ឆ្នោត​ជា​ប្រធានាធិបតី​របស់លោក​ដូណាល់ ត្រាំ​កាលពី​ឆ្នាំ​២០១៦ បាន​រង​ការចោទប្រកាន់​ដោយសារតែ​មាន​រុស្ស៊ី​នៅ​ពីក្រោយ គឺ​មន្ដ្រី​រៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ត្រាំ បានរួម​ដៃ​ជាមួយ​រុស្ស៊ី​ជួយ​ឲ្យ​លោក​ត្រាំ​អាច​យកឈ្នះ​ការបោះឆ្នោត​បាន​។ ហេតុនេះហើយ​ទើប​ភាគី​មិន​សុខចិត្ដ​គឺ​ខាង​គណបក្ស​ប្រជាធិបតេ​យ្យ​ដែល​ចាញ់ឆ្នោត ទាមទារ​ឲ្យ​បើ​កការស៊ើបអង្កេត​រក​ការពិត​។ ចំពោះ​លោក​ដូណាល់ ត្រាំ​បានប្រកាស​តាំងពីដើម​ថា លោក​មិនបាន​ពាក់ព័ន្ធ​ជាមួយ​រុស្ស៊ី​ឡើយ​៕

ព័ត៌មានផ្សេងទៀត