ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ខេត្តក្រចេះ​ចេញ​លិខិត​បដិសេធ​រាល់​ការ​ឡាយព្រះហស្ថលេខា​របស់​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុឌ្ឍ​

24-03-2019 5:52 pm 1017

​ប្រធាន អនុប្រធាន ក្រុមការងារ​បោះឆ្នោត ប្រធាន អនុប្រធាន គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត ក្រុង ស្រុក នៃ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ខេត្ត​ក្រចេះ បាន​សរសេរ​លិខិត​មួយ បដិសេធ​មិន​ទទួលស្គាល់ រាល់​ការ​ឡាយ ព្រះ​ហស្ថលេខា​របស់ ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុឌ្ឍ ក្នុងនាម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះឡើយ​។​

​នៅក្នុង​លិខិត​បដិសេធ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ខេត្ត​ក្រចេះ បានបញ្ជាក់​ថា «​រាល់​ការ​ឡាយព្រះហស្ថលេខា របស់​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុឌ្ឍ ក្នុងនាម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កន្លង​មក​ពុំ​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​គណបក្សនយោបាយ​ទេ ដោយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​លក្ខន្តិកៈ​តម្កល់​ទុក​ក្នុង​ក្រសួងមហាផ្ទៃ ដោយ​ព្រះអង្គ មិនត្រូវ​មក​រំលាយ​រចនាសម្ព័ន្ធ ដែល​តែងតាំង​ដោយ​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កន្លងមក​នោះ​ទេ​»​។​

​នៅក្នុង​លិខិត​ដដែល​បាន​បញ្ជាក់បន្ថែម​ថា «​ថ្នាក់ដឹកនាំ​មូលដ្ឋាន​កន្លងមក បាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ការពារ រាជានិយម​ហ្វ៊ុនស៊ិនប៉ិច មិន​ដែល​ត្អូញត្អែ​ម្ដងណា​ឡើយ ប្រសិនបើ​ព្រះអង្គម្ចាស់ មានបំណង បន្ត​ថែរក្សា​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ជា​កេរ្តិ៍តំណែល​របស់ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ដែល​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ថែរក្សា​កន្លងមក សូម​ព្រះអង្គម្ចាស់ គួរតែ​គោរព​ច្បាប់ និង​លក្ខន្តិកៈ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដែលមាន ហើយ​បន្ត ប្រមែប្រមូល​អ្នករាជានិយម អ្នក​សីហនុ​និយម និង​អ្នក​រណឫទ្ធិ​និយម ជា​ធ្លុង​មួយ ដើម្បី​ជា​ប្រយោជន៍ គណបក្ស​និង​សុំ​ព្រះអង្គម្ចាស់ ឈប់​ជឿ​លើ​មនុស្ស បួន​ឬ​ប្រាំ​នាក់ ដែល​នៅ​ជុំវិញ ព្រះអង្គម្ចាស់ ចាំតែ​ឆ្កឹះឆ្កៀល​លាប​ពណ៌ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​ម្យ៉ាងទៀត​ទូលបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ​មូលដ្ឋាន នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​តាម​ព្រះរាជតម្រិះ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជានិច្ច ដើម្បី​ឱ្យ​គណបក្ស​រាជានិយម​មួយ​នេះ មាន​សក្តានុពល​ខ្លាំងក្លា បន្ថែមទៀត​»​។​

​សូម​បញ្ជាក់​ដែរ​ថា សម្តេចក្រុមព្រះ នរោត្តម រណរទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កំពុង​សម្រាក​ព្យាបាល​ព្រះរាជសុខភាព នៅ​ក្រៅប្រទេស កាលពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីសម្រេច​មួយ តែងតាំង​បុត្រ​របស់​ព្រះអង្គ ១​រូប គឺ​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុឌ្ឍ ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​៕

ព័ត៌មានផ្សេងទៀត