ក្រសួង​បរិស្ថាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​ដែល​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ

24-03-2019 10:30 am 613
  ស្តាប់
ស្តាប់ជាសំឡេង

ក្រសួង​បរិស្ថាន​បាន​ប្រកាស​ជូនដំណឹង​ក៏ដូចជា​ស្នើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​នឹង​កំពុង​កាន់កាប់ និង​លក់ដូរ​ដីធ្លី​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) ខេត្ត​ព្រះសីហនុ​ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​ល្មើស​ច្បាប់​ទាំងនេះ​។​បើ​នៅ​តែ​បន្តសកម្មភាព​ទិញ​លក់ដូរ​ដីធ្លី​ក្នុង​ឧទ្យាន​ជាតិ​នេះ​ដោយ​ខុសច្បាប់ នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់​។ 

​នេះ​ជា​ការព្រមាន​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ខណៈ​មាន​ជន​ខិលខូច​មួយចំនួន​បាន​នឹង​កំពុង ប្រកាស​លក់​ដី​ពុះ​ឡូ​តិ៍ថ្មីៗ​យ៉ាង​អនាធិបតេយ្យ​ដែល​មាន​ទីតាំង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាម ដែល​ជា​តំបន់​ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ និង​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​។​

​បើ​តាម​លោក​នេត ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានឲ្យដឹងថា គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​យក​ដី​រដ្ឋ​ទៅ​លក់ដូរ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ឱ្យ​បុគ្គល​ណា​បាន​ឡើយ​។ លោក​បន្តថា ប្រសិន​បើ​បងប្អូន​នៅតែ​បន្ត​សកម្មភាព​ទិញដូរ​ដីធ្លី ដែល​ស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ ក្រោម​ការបោកប្រាស់​របស់​ជនខិលខូច នោះ​​អាចធ្វើឱ្យ​បងប្អូន​ខាតបង់​ប្រាក់​ឥត​ប្រយោជន៍​បើសិន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញ​ថា​ដី នោះ​ស្ថិតនៅក្នុង​តំបន់​ឧទ្យាន​ជាតិ​។​

​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​រូបនេះ​បានឲ្យ​ដឹង​បន្ថែម​ថា ជនល្មើស​ដែល​ទៅ​កាប់​រុករាន​ទ​ទ្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ក៏​ដូច​ជា​ទៅ​ចាប់ដី​លើ​កម្មសិទ្ធិ​ឯកជន​នៅ​ខេត្ត​ព្រះសីហនុ​ជាច្រើន​ករណី បាន​នឹង​កំពុងតែ​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់ រង់ចាំ​ការជំនុំជម្រះ​ក្តី​ចំពោះប​ទ​ល្មើស​ដែល​ខ្លួន​ប្រព្រឹត្ត​ប្រឆាំងនឹង​ច្បាប់​ស្តីពី​តំបន់​ការពារ​តំបន់​ធម្មជាតិ និង​ការទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់ និង​ច្បាប់​ដីធ្លី​។​

​លោក​នេត ភ​ក្ត្រា បាន​បញ្ជាក់​ដែរ​ថា តំបន់​រាម​មាន​ផ្ទៃដី​ទំហំ ១៥,០០០​ហិកតា​ត្រូវបាន​បង្កើត​ជា​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​)​ដោយ​ព្រះរាជក្រឹត្យ​នៅ​ឆ្នាំ ១៩៩៣​។​មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​ទន្ទ្រានពី សំណាក់​ជន​ខិលខូច​មួយ​ចំនួន​នោះ ដោយសារ​តែ​ដី​នៅ​ខេត្ត​ព្រះសីហនុ​មាន​តម្លៃ​ថ្លៃ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ធ្វើឲ្យ​សកម្មភាព​ការរំលោភ​កាន់កាប់​ដី​ខុសច្បាប់​នៅ​តំបន់​នោះ​ចេះតែ​បន្ត​កើនឡើង ទោះបីជា​អាជ្ញា​គ្រប់​ជាន់ថ្នាក់​ខិតខំ​ប្រឹងប្រែង ក្នុង​ការទប់ស្កាត់​យ៉ាងណាក៏ដោយ​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ដដែល បាន​អះអាង​ថា ការទន្ទ្រាន រុករាន​កាន់កាប់​ដី​ដោយ​ខុស​ច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការ​បំផុស​ពី​ឈ្មួញ​រកស៊ី​ដីធ្លី ដែល​ពួកគេ​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​រំលោភបំពាន​ច្បាប់ និង​បំផ្លាញ​ធនធានធម្មជាតិ​ក្រោម​ច្រើន​រូបភាព ដូចជា ការ​ដាំ​ដំណាំ​ចេក ស្វាយ ខ្នុរ អាកាស្យា​ជាដើម ដើម្បី​បន្លំ​ថា​ជា​ដី និង​ដំណាំ​ដែល​ខ្លួន​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​កម្មសិទ្ធិ ឬ​ខ្លួន​បាន​គ្រប់គ្រង​ជា​យូរ​មក​ហើយ​។​មិនតែប៉ុណ្ណោះ​ជនខិលខូច​ទាំងនោះ​ក៏​បាន​បោះ​ព្រំដី ត្រាយ​ព្រៃតូចៗ​ឱ្យ​ងាប់ រួច​ដុត​សម្អាត សម្រាប់​ដាំ​ដំណាំ​តាម​រដូវ ក្នុង​រូបភាព​អាស្រ័យ​ផល និង​ឈាន​ទៅ​ដាក់​ស្នើ​សុំ​ការវាស់វែង ផ្តល់​កម្មសិទ្ធិ​ជូន​ពួកគាត់​ទៅ អាជ្ញាធរ​ដែនដី ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ស្នើ​ទៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។​

​លោក​ថា ជា​ទូទៅ​នៅ​តាម​តំបន់ការពារធម្មជាតិ​នី​មួយៗ មន្ត្រី​ឧទ្យានុ​រ​ក្ស​មិនមានកា​ររឹតបន្តឹ​ង ឬ​ហាមឃាត់ ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ ដែល​ប្រកប​របរ​ចិញ្ចឹមជីវិត អាស្រ័យ​លើ​ការប្រមូល​អនុផល​ព្រៃឈើ​ប្រចាំ​ថ្ងៃ​នោះ​ទេ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​បរិស្ថាន បាន​គិតគូរ​និង​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ ការពារ​ធម្មជាតិ​នានា តាមរយៈ​ការជួយ​បង្កើត​មុខរបរ បង្កើត​ប្រភព​ចំណូល បង្កើន​ចំណូល​សម្រាប់​អភិវឌ្ឍ​ជីវភាព​គ្រួសារ​។​

​លោក​នេត ភ​ក្ត្រា បាន​គូសបញ្ជាក់​ដែរ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ខ្វះ​ដី​ពិតប្រាកដ សូម​ដាក់​សំណើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ មិនគួរ​ទន្ទ្រាន រុករាន​កាប់ឆ្ការ​ព្រៃ កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នោះឡើយ ហើយ​សូម​ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​ប្រទេស​កម្ពុជា​មាន ដើម្បី​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​៕

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត