ប្រជាជន​ថៃ​ជាង​​៥០​លាន​នាក់​​​ត្រូវ​​​ទៅ​បោះឆ្នោត​​នៅ​ថ្ងៃទី​២៤​​មីនា​នេះ​

24-03-2019 9:54 am 909
ប្រជាជនថៃ​ដែលចូលរួម​​ការបោះឆ្នោត

​កាលបរិច្ឆេទ​កំណត់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​ថៃ បាន​ឈាន​ចូល​មក​ដល់​ហើយ​នៅ​ថ្ងៃទី​២៤​មីនា​នេះ​។ ជា​ការបោះឆ្នោត​លើក​ដំបូង​បន្ទាប់​ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នកស្រី​យីង​ឡាក់ ស៊ីណាវ៉ាត្រា​ក្នុង​ឆ្នាំ​២០១៤​។ ប្រជាជន​ថៃ​ជាង​៥០​លាន​នាក់​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​មណ្ឌល​បោះឆ្នោត ដែល​បើកទ្វារ​តាំងពី​ម៉ោង​៨​ព្រឹក​ហើយ​បិទទ្វារ​នៅ​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​២៤​មីនា​។ បន្ទាប់ពីនោះ​ដំណើរការ​រាប់​សន្លឹកឆ្នោត​នឹង​ចាប់ផ្ដើម ហើយ​បើ​គ្មាន​អ្វី​ប្រែប្រួល​លទ្ធផល​បឋម​នឹង​ត្រូវ​ប្រកាស​នៅ​ម៉ោង​៨​យប់​ថ្ងៃ​ដដែល​។​

​ប្រទេស​ថៃ​បាន​លុកលុយ​ដោយ​អស្ថិរភាព​នយោបាយ​តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤ គឺ​ជា​ការប្រឆាំង​គ្នា​រវាង​អ្នកគាំទ្រ​របប​យោធា​និង​អ្នកគាំទ្រ​នាយករដ្ឋមន្ដ្រី​ទម្លាក់​ចេញពី​តំណែង​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​។ បន្ទាប់​ពី​ចូល​ក្ដោប​ក្ដាប់​អំណាច​យោធា​បាន​សន្យា​នឹង​ស្ដារ​សណ្ដាប់ធ្នាប់ និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ឡើងវិញ ប៉ុន្ដែ​ការបោះឆ្នោត​ត្រូវ​ពន្យារ​ពេល​ម្ដង​ជា​ពីរដង​។ ក្រុម​អ្នក​រិះគន់​ចោទ​ថា​រដ្ឋធម្មនុញ្ញ​ថ្មី​ណែនាំ​ដោយ​យោធា​ក្នុង​ឆ្នាំ​២០១៧ មាន​ចេតនា​ចង់​បន្ដអំណាច​យោធា​ដដែល មិន​ថា​លទ្ធផល​បោះឆ្នោត​យ៉ាងណាក៏ដោយ​។​

​នៅ​មុន​ថ្ងៃ​បោះឆ្នោត​មហាក្សត្រ​ថៃ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យមាន​សន្ដិភាព​និង​សណ្ដាប់ធ្នាប់​ក្នុង​អំឡុង​ពេល​បោះឆ្នោត​។ សេចក្ដីថ្លែងការណ៍​បាន​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃ​សៅរ៍ ជំរុញ​ឲ្យ​អ្នក​បោះឆ្នោត​គាំទ្រ​ប្រយោជ​ន៍​ប្រជាជន​។ សូមបញ្ជាក់​ថា ការបោះឆ្នោត​លើក​នេះ​មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​៨១​គណបក្ស និង​មាន​បេក្ខជន​នាយករដ្ឋមន្ដ្រី​ចំនួន​៦៨​រូប​៕

ព័ត៌មានផ្សេងទៀត