មេធាវី​ពិសេស​​អាមេរិក​​បញ្ចប់​​ការស៊ើបអង្កេត​​ករណី​​រុស្ស៊ី​​ជាមួយ​លោក​​Trump​ហើយ​

23-03-2019 2:27 pm 371

​លោក​Robert Mueller​មេធាវី​ពិសេស​អាមេរិក បានបញ្ចប់​កិច្ចការ​ស៊ើបអង្កេត​រប​ស់លោក​ហើយ គឺ​ស៊ើបអង្កេត​ជុំវិញ​ករណី​ចោទប្រកាន់ថា រុស្ស៊ី​ចូល​ជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​។  ក្រសួង​យុត្ដិធម៌​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក Mueller​បាន​បញ្ជូន​របាយការណ៍​ចុងក្រោយ​ទៅឲ្យ​អគ្គរដ្ឋអាជ្ញា​លោក​William Barr​ហើយ ប៉ុន្ដែ​របាយការណ៍​ទាន់​ត្រូវ​បង្ហាញ​ជា​សាធារណៈ​ទេ ព្រោះ​វា​មាន​ផ្ទុក​ឯកសារ​ដែល​បាន​ចែក​ថ្នាក់​ផ្សេងគ្នា​។ សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ទាមទារ​ឲ្យ​បង្ហាញ​របាយការណ៍​ទាំងមូល​ជា​សាធារណៈ​។ កាលពី​ខែ​មុន​លោក​Barr​បាន​ប្រាប់​ឲ្យដឹងថា លោក​នឹង​ព្យាយាម​ធ្វើឲ្យមាន​តម្លាភាព​បំផុត​ស្រប​តាមច្បាប់​។​

​លោក​Mueller​បានចាប់ផ្ដើម​កិច្ចការ​ស៊ើបអង្កេត​តាំង​ពី​ខែឧសភា​ឆ្នាំ​២០១៧ ដើម្បី​ស្វែងរក​ការពិត​ថា​តើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ប្រធានាធិបតី​Donald Trump បាន​គប់គិត​ជាមួយ​រុស្ស៊ី​ឬ​យ៉ាងណា​។ លោក​ក៏បាន​ស៊ើបអង្កេត​រឿង​ដែល​លោក​Trump សម្រេចចិត្ដ​បណ្ដេញ​នាយក​FBI​លោក​James Comey​ចេញពី​តំណែង​នៅពេលនោះ ជា​ការរារាំង​នៃ​ដំណើរការ​យុត្ដិធម៌​ឬទេ​។ ប៉ុន្ដែ​លោក​Trump​បាន​ច្រានចោល​ដាច់ខាត​ថា លោក​មិនបាន​គប់គិត​ជាមួយ​រុស្ស៊ី​ឬ​ធ្វើឲ្យ​រាំងស្ទះ​ដល់​ប្រព័ន្ធយុត្ដិធម៌​ឡើយ​៕

ព័ត៌មានផ្សេងទៀត