ព្រះ​នាង​ម្ចាស់​​អតីត​​បេក្ខជន​​នាយករដ្ឋមន្ដ្រី​ថៃ​​ចូលរួម​មង្គលការ​​កូន​លោក​ថាក់​ស៊ីន​

23-03-2019 8:44 am 1604
ព្រះនាងម្ចាស់​អ៊ុ​ប៊ុល​រតនានិងលោកថាក់ស៊ីន

​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា​ដែល​ធ្លាប់​ត្រូវបាន​គណបក្ស​ថៃ​រក្សា​ជាតិ តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ដ្រី​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤​មីនា​នេះ បានបង្ហាញ​វត្ដ​មាន​ក្នុង​ពិធីមង្គលការ​កូនស្រីរ​បស់​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​អតីត​នាយករដ្ឋមន្ដ្រី​ថៃ នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី​២២​មីនា​។ ព្រះ​នាង​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ម្ចាស់​កម្មវិធី គឺ​លោក​ថាក់ស៊ីន​និង​ក្រុមគ្រួសារ នៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីក្រុង​ហុងកុង​។ នៅក្នុង​ពិធី​នោះ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ក៏​ចូលរួម​ផងដែរ​ជាមួយ​កូនប្រុស​អ្នកស្រី​។​

​គួរ​បញ្ជាក់ថា ទាំង​លោក​ថាក់ស៊ីន​និង​អ្នកស្រី​យី​ង​ឡាក់ សុទ្ធតែជា​នាយករដ្ឋមន្ដ្រី​ថៃ​ដែល​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ដូចគ្នា​។ លោក​ថាក់ស៊ីន​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ក្នុង​ឆ្នាំ​២០០៦ ចំណែក​អ្នកស្រី​យី​ង​ឡាក់​ក្នុង​ឆ្នាំ​២០១៤​។ ចំណែក​វត្ដ​មាន​ព្រះ​នាង​ម្ចាស់​អ៊ុ​ប៊ុល​រតនា​ក្នុង​ឆាកនយោបាយ​មួយ​រយៈពេល​ខ្លី​កន្លងមក បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជុំវិញ​ចេតនា​ចង់​ធ្វើជា​នាយករដ្ឋមន្ដ្រី​។ ព្រះ​នាង​ក៏ត្រូវ​ម្ចាស់​ប្អូន​គឺ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន​រិះគន់​យ៉ាងខ្លាំង ហើយ​ព្រះ​នាង​ក៏​ត្រូវបាន​ដក​បេក្ខភាព​ចេញ​វិញ​៕

ព័ត៌មានផ្សេងទៀត