អ្នកជំនាញ​ស្នើ​ម្ចាស់​ស្នាដៃ​ស្វែងយល់​ពី​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ​ដើម្បី​ការពារ​ស្នាដៃ​ខ្លួនឯង​

23-03-2019 7:39 am 673
  ស្តាប់
លោក ស៊ឹម ស​ត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ផ្តល់បទសម្ភាសន៍ផ្ទាល់ដល់វិទ្យុវាយោ កាលពីថ្ងៃទី២២ ខែមីនា ។ រូបថត៖ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​ខណៈ​បញ្ហា​ការលួចចម្លង​ស្នាដៃ​បទ​ចម្រៀង និង​កែច្នៃ​ខូច​ទ្រង់ទ្រាយ​ដើម​បាន​កំពុង​កើតឡើង​ក្នុង​សង្គម​កម្ពុជា លោក ស៊ឹម ស​ត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​លើក​បង្ហាញ​លម្អិត​អំពី​បញ្ហា​នេះ​មក​ដល់​វិទ្យុ​វាយោ កាលពី​ពេល​ថ្មីៗ​នេះ ។ លោក​បាន​ប្រាប់ថា សំណួរ​ជា​ច្រើន​ត្រូវ​បាន​ចោទសួរ និង​តែងតែ​ចោទសួរ​ថា ហេតុអ្វី​បានជា​ក្រសួង​ពុំមាន​វិធានការ​ទប់ស្កាត់ ចំពោះ​ករណី​ចម្លង​ស្នាដៃ​បទ​ចម្រៀង​មរតក​ដើម ដែល​មាន​ការកែច្នៃ​ស្ទើរតែ​ខូច​ទ្រុងទ្រាយ​ដើម ? លោក​សត្តា​បាន​វែកញែក​អំពី​បញ្ហា​នេះ មក​ដល់​វិទ្យុ​វា​យោ ក៏ដូចជា បង្ហាញ​លម្អិត​ថា អ្វី​ជា​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​, ផលប្រយោជន៍ ឬ​ហេតុផល​ពីក្រោយ​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា​លើ​ស្នាដៃ​បទ​ចម្រៀង ក៏ដូចជា ទោសទណ្ឌ​ទៅលើ​អ្នកប្រព្រឹត្ត​បទល្មើស​ជាដើម ។ មន្ត្រី​ជំនាញ​រូបនេះ បាន​អំពាវនាវ​ដល់​ពលរដ្ឋ ពិសេស​ម្ចាស់​ស្នាដៃ​ទាំងឡាយ ត្រូវ​ស្វែងយល់​ពី​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​ចូលរួម​អនុវត្ត​ច្បាប់ ដើម្បី​ការពារ​ស្នាដៃ​ខ្លួនឯង​ផង ពិសេស​ដើម្បី​ផលិត​នូវ​ផលិតផល​វប្បធម៌ ដែល​នឹង​រួម​ចំណែក​ដ៏​ធំ ក្នុង​ការទប់ស្កាត់​នូវ​ការហូរ​ចូល​វប្បធម៌​បរទេស...

​មុន​នឹង​ឈាន​ចូល​ទៅ​លម្អិត​ដល់​អត្ថន័យ​នៃ​អត្ថបទ​ទាំងមូល យើង​សូម​លើកយក​មក​បង្ហាញ​ថា អ្វី​ជា​សិទិ្ធ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​ជាមុន​សិន​?

​បើ​តាម​លោក ស៊ឹម ស​ត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​ប្រាប់ថា ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ជា​ច្បាប់​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​គោរព​ដល់​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ពិសេស​ទៅទៀត​នោះ គឺ​សំដៅ​ធ្វើយ៉ាងណា ឱ្យមាន​ការធ្វើ​អាជីវកម្ម​ដោយ​ស្របច្បាប់ ទៅលើ​ផលិតផល​វប្បធម៌​ទាំងឡាយ ក្នុង​ការរួមចំណែក​ធ្វើ​ឱ្យ​វិស័យ​វប្បធម៌​មាន​ការរីកចម្រើន ។​

​នៅពេល​សួរ​បញ្ជាក់ថា តើ​អ្វី​ស្របច្បាប់​និង​អ្វី​ខុស​ច្បាប់​? លោក​បាន​បញ្ជាក់ថា ការ​យក​ស្នាដៃ​និពន្ធ​របស់​ម្ចាស់​ស្នាដៃ ទៅ​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការអនុញ្ញាត នោះ​គឺ​ត្រូវបាន​ចាត់ទុក​ថា ខុសច្បាប់ ព្រោះ​ពុំ​បាន​គោរព​ទៅ​ដល់​ម្ចាស់​សិទ្ធិ​…
​សំឡេង​លោក ស៊ឹម ស​ត្តា ៖

​លោក​សត្តា​បញ្ជាក់ថា រាល់​ស្នាដៃ​បទ​ចម្រៀង​ទាំងឡាយណា ដែល​ផលិត​ឡើង ដោយ​គំនិត ប្រាជ្ញា និង​ចំណេះដឹង​របស់​អ្នកនិពន្ធ គឺ​សុទ្ធតែ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទាំងអស់ ។ 

​ក៏ប៉ុន្តែ ត្រង់​ចំណុច​នេះ លោក​បាន​ពន្យល់​ដោយ​លើក​ឧទាហរណ៍​ទាក់ទង​នឹង​បទ​ចម្រៀង​ជំនាន់​ដើម​ថា បើសិន​ជា​អ្នកនិពន្ធ​ណា​ដែល​បាន​បង្កើត​ស្នាដៃ​របស់​ខ្លួន​ហើយ ស្នាដៃ​នោះ គឺ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​គាត់​ដោយ​ស្វ័យប្រវត្តិ ហើយ​បើសិនជា​អ្នកនិពន្ធ​នោះ បានធ្វើ​បណ្តាំ​មរតកសាសន៍​ផ្ទេរ​ទៅឱ្យ​សមាជិកគ្រួសារ នៅពេល​ដែល​គាត់​ស្លាប់ទៅ ស្នាដៃ​ទាំងនោះ នឹង​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​សមាជិក​គ្រួសារ​នោះ ។​

​លោក​បន្តថា ចំពោះ​ស្នាដៃ​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​ស្នាដៃ ឬ​គ្រួសារ​ម្ចាស់​ស្នាដៃ រាល់ពេល​ដែល​មាន​បញ្ហា​វិវាទ​ផ្សេងៗ អ្នកគ្រប់គ្រង​ម្ចាស់​ស្នាដៃ​ទាំងឡាយ គឺជា​អ្នក​ចេញ​មុខ​រៀបចំ​បណ្តឹង តែ បើសិន​ជា​ស្នាដៃ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នោះ​ក្រសួង​នឹង​ចេញ​មុខ​ចេញ​វិធានការ​ទប់ស្កាត់ ។​

​លោក​បញ្ជាក់ថា ចំពោះ​ស្នាដៃ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺជា​ស្នាដៃ ដែល​អ្នកនិពន្ធ មិនបាន​ធ្វើ​បណ្តាំ​មរតកសាសន៍  ឬ​ត្រូវ​បាន​ហៅថា ស្នាដៃ​កំព្រា ដែល​ជា​គោលការណ៍​រួម​នៃ​ច្បាប់ គឺ​រដ្ឋ​ជា​អ្នកគ្រប់គ្រង​ស្នាដៃ​ទាំងនោះ​ដោយ​ស្វ័យប្រវត្តិ ។​

​មន្ត្រី​ជំនាញ​រូបនេះ បាន​សង្កត់ធ្ងន់ថា រាល់​បទ​ចម្រៀង​ណា​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់​ស្នាដៃ ឬ​គ្រួសារ​ម្ចាស់​ស្នាដៃ បើសិនជា​មាន​ភាគី​ណា​ចង់បាន​បទ​ចម្រៀង ឬ​ស្នាដៃ​ទាំងនោះ ទៅ​ផលិត​ឡើង​វិញ ឬ​ផលិត​បន្ត ត្រូវតែ​មាន​ការអនុញ្ញាត​ពី​អ្នកគ្រប់គ្រង​ស្នាដៃ ដូចគ្នា​ដែរ បើសិន​ជា​ភាគី​ណា​ចង់​យក​ស្នាដៃ​ណាមួយ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ទៅ​ផលិត គឺ​តម្រូវ​ឱ្យ​ភាគី​ទាំង​នោះ មក​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង ដោយ​ត្រូវតែ​គោរព​តាម​សិទ្ធិ​សីលធម៌​របស់​អ្នកនិពន្ធ ដែល​សិទ្ធិ​សីលធម៌​នោះ សំដៅ​ទៅលើ​ការរក្សា​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង​របស់​ស្នាដៃ ។​

​យ៉ាងណាក៏ដោយ លោក​បាន​អះអាង​ថា ហេតុផល​ដែល​ម្ចាស់​ស្នាដៃ គួរ​យក​ស្នាដៃ​របស់​ខ្លួន​ទៅ​ចុះបញ្ជី គឺ​ដោយសារ​ការចុះបញ្ជី វា​គឺជា​ទម្ងន់​ផ្លូវច្បាប់​មួយ​ទៀត សម្រាប់​ការពារ​ស្នាដៃ​របស់​អ្នកនិពន្ធ ក្នុងករណី​ជួប​វិវាទ​ផ្សេងៗ​…
​សំឡេង​លោក ស៊ឹម ស​ត្តា ៖ 

​ម្យ៉ាងទៀត លោក​បាន​ប្រាប់ថា ការ​យក​ស្នាដៃ​របស់​ខ្លួន​ទៅ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ម្ចាស់​ស្នាដៃ​នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​ចំនួន​២ ទី​១ គឺ​សិទ្ធិ​បេតិកភណ្ឌ ជា​សិទ្ធិ​ប្រកប​អាជីវកម្ម និង​ទី​២ គឺ​សិទ្ធិ​សីលធម៌ ជា​សិទ្ធិ​គោរព​ឋានៈ ឈ្មោះ និង​គោរព​តាម​ការរក្សា​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង​របស់​ស្នាដៃ ។​

​ចំពោះ​ស្នាដៃ ដែល​កើតចេញ​ពី​សហ​អ្នកនិពន្ធ មានន័យ​ថា អ្នកនិពន្ធ​២ ឬ​៣​រូប​ឡើងទៅ ដូចជា អ្នកនិពន្ធ​បទ​ភ្លេង​ផ្សេង និង​អ្នកនិពន្ធ​ទំនុកច្រៀង​ផ្សេង លោក​សត្តា បានបញ្ជាក់​ថា ស្នាដៃ​បែបនេះ បើសិន​ជា​ម្ចាស់​ស្នាដៃ​ចង់​យក​ទៅ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា គឺ​តម្រូវ​ឱ្យ​អ្នកនិពន្ធ​ទាំង​ពីរ​រូប ព្រមព្រៀង​គ្នា​ចុះបញ្ជី ។​

​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​រូបនេះ​បញ្ជាក់ថា សម្រាប់​ស្នាដៃ​ណាមួយ ក្រោយ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា ស្នាដៃ​នោះ​នឹង​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ដែល​មាន​អាយុកាល​នៃ​ការការពារ ពេញ​មួយ​ជីវិត​របស់​ម្ចាស់​ស្នាដៃ បូក​ជាមួយនឹង​៥០​ឆ្នាំ​បន្ទាប់ពី​ម្ចាស់​ស្នាដៃ​ស្លាប់ តែ បន្ទាប់​ពី​៥០​ឆ្នាំ​នោះ ស្នាដៃ​នោះ អាច​ចាត់ទុកថា​ជា​ស្នាដៃ​សាធារណៈ ។ ស្នាដៃ​សាធារណៈ​នេះ គឺ​មានន័យថា ជា​ស្នាដៃ​ដែល​ភាគី​ណា​ក៏​អាច​យក​ទៅ​ធ្វើ​អាជីវកម្ម​បានដែរ ប៉ុន្តែ ត្រូវតែ​គោរព​តាម​សិទ្ធិ​សីលធម៌ មានន័យ​ថា ត្រូវ​តែ​រក្សា​នូវ​ទ្រង់ទ្រាយ​ដើម​ទាំងស្រុង​របស់​ស្នាដៃ ។​

​យ៉ាងណាម៉ិញ ក្នុងករណី​មាន​ការរំលោភបំពាន​លើ​សិទ្ធិ​អ្នកនិពន្ធ មន្ត្រី​ជំនាញ​រូបនេះ បានបញ្ជាក់​ថា អ្នកប្រព្រឹត្ត​បទល្មើស​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ​២៥​លាន​រៀល ឬ​អាច​ជាប់ពន្ធនាគារ​ពី​៦​ខែ ទៅ​១២​ខែ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ទទួលទោស​ទ្វេដង …
​សំឡេង​លោក ស៊ឹម ស​ត្តា ៖ 

​លោក​សត្តា បាន​សំណូមពរ​ដល់​សាធារណជន ពិសេស​អ្នកនិពន្ធ ទាំងអស់ គប្បី​ចូលរួម​អនុវត្ត​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ឱ្យបាន​ខ្ជាប់ខ្ជួប ដើម្បី​ឱ្យ​អ្នកនិពន្ធ ឬ​ម្ចាស់​សិទ្ធិ មាន​ទឹកចិត្ត​ក្នុង​ការបង្កើត​ថ្មី ពិសេស​ផលិត​នូវ​ផលិតផល​វប្បធម៌ និង​អាច​ទប់ស្កាត់​នូវ​ការហូរចូល​វប្បធម៌​បរទេស​មួយ​ចំណែក​ដ៏​ធំ​ចូល​ក្នុង​សង្គម​កម្ពុជា​…
​សំឡេង​លោក ស៊ឹម ស​ត្តា ៖​ 

ព័ត៌មានផ្សេងទៀត