ក្រសួង​កសិកម្ម​ហាម​មន្ត្រី​យក​យានយន្ត​រដ្ឋ​ទៅ​ប្រើប្រាស់​ក្រៅ​ម៉ោង​ធ្វើការ​

23-03-2019 7:08 am 680
  ស្តាប់
ស្តាប់ជាសំឡេង

​យោងតាម​សេចក្តីណែនាំ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន អំពី​ការប្រើប្រាស់​យានយន្ត​ដែល​មាន​ស្លាក​លេខ​រដ្ឋ ចំនួន​៥​ចំណុច ។ ក្នុងនោះ មានដូចជា ហាម​មិនឱ្យ​យក​យានយន្ត​ទៅ​ប្រើប្រាស់​ក្រៅ​ម៉ោង​ធ្វើការ​, ពិសេស​ទៅ​កន្លែង​សប្បាយ​គ្រប់​ប្រភេទ និង​បើកបរ​ដោយ​ថ្លៃថ្លូរ ដោយ​គោរព​ច្បាប់​ចរាចរណ៍​ជាដើម ...

​សេចក្តីណែនាំ​ទាំង​៥​ចំណុច​នោះ រួមមាន​៖

១. ត្រូវ​ប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ​របស់​រដ្ឋ​ឱ្យបាន​ត្រឹមត្រូវ បើកបរ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ និង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់ ។​

២. មិន​ត្រូវ​ប្រើប្រាស់​យានយន្ត ដែល​មាន​ពាក់​ស្លាក​លេខ​រដ្ឋ​ក្រៅពី​ម៉ោង​ដែល​ខ្លួន​ត្រូវ​បំពេញ​ការងារ​ឡើយ ជាពិសេស​កន្លែង​សប្បាយ​គ្រប់​ប្រភេទ រួម​មាន​ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា ។​ល​។​

៣. មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អ្នកដទៃ​ប្រើប្រាស់​យានយន្ត​ដែល​មាន​ស្លាក​លេខ​រដ្ឋ ក្នុង​គោលបំណង​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​ទៅនឹង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ឡើយ ។​

៤. ត្រូវ​ចាត់វិធានការ ឬ​ប្តឹង​ស្ថាប័ន​មាន​សមត្ថកិច្ច ប្រសិនបើ​ឃើញ​យានយន្ត​ផ្សេង​ពាក់​ស្លាក​លេខ​ដូច​ស្លាក​លេខ​យានយន្ត​របស់​ខ្លួន ។ ក្នុងករណី​មិន​អាច​អនុវត្តបាន ត្រូវ​រាយការណ៍​មក​ក្រសួង ដើម្បី​ក្រសួង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ។​

៥. ត្រូវ​ដកហូត​យក​មក​វិញ​ទាំងអស់​នូវ​ស្លាក​លេខ​យានយន្ត ដែល​បាន​ជម្រះ​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ត្រូវ​រៀបចំ​បែបបទ​ប្រគល់​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់គ្រង​វិញ ។​

​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា សេចក្តីណែនាំ ធ្វើឡើង​ដើម្បី​ធានា​ប្រសិទ្ធិភាព​ក្នុង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ កិត្យានុភាព និង​សេចក្តីថ្លៃថ្នូរ​របស់​ក្រសួង​ស្ថាប័ន​រដ្ឋ និង​មន្ត្រី​សាធារណៈ​របស់​ក្រសួង ៕

ព័ត៌មានផ្សេងទៀត