អឺរ៉ុប​​ដាក់​លក្ខខណ្ឌ​​ពីរ​​ឲ្យ​អង់គ្លេស ​​ជុំវិញ​​ការពន្យារពេល​​ដើរ​ចេញ​ពី​អឺរ៉ុប​

22-03-2019 4:26 pm 550
នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​Theresa May

​បន្ទាប់ពី​ជជែក​គ្នា​យ៉ាង​តឹងសរសៃក​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រវាង​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​Theresa May​ជាមួយនឹង​ភាគី​អឺរ៉ុប ទីបំផុត​អឺរ៉ុប​ព្រម​តាម​សំណើសុំ​ពន្យារពេល​ចាកចេញ​ពី​អឺរ៉ុប​របស់​អង់គ្លេស​ហើយ​។ តាម​កាលកំណត់​អង់គ្លេស​ត្រូវ​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​២៩​មីនា​នេះ ប៉ុន្ដែ​ដោយសារ​សមាជិកសភា​អង់គ្លេស​ជំទាស់ ទើប​សុំ​ពន្យារពេល​ព្រោះ​ចាំបាច់​ត្រូវដាក់​កិច្ចព្រមព្រៀង​ឲ្យ​បោះឆ្នោត​ក្នុង​សភា​ម្ដងទៀត​។​

​ប៉ុន្ដែ​ទោះបីជា​ព្រមឲ្យ​ពន្យារពេល​ក៏ពិតមែន ប៉ុន្ដែ​អឺរ៉ុប​បានដាក់​លក្ខខណ្ឌ​ចំនួន​ពីរ​ឲ្យ​អង់គ្លេស​។ ទីមួយ​អង់គ្លេស​អាច​ពន្យារពេល​រហូតដល់​ថ្ងៃទី​២២​ខែ​ឧសភា ប្រសិនបើ​សមាជិកសភា​គាំទ្រ​កិច្ចព្រមព្រៀង​ចេញពី​អឺរ៉ុប​។ តែ​ប្រសិនបើ​សមាជិកសភា​នៅតែ​ជំទាស់​នឹង​កិច្ចព្រមព្រៀង នោះ​អង់គ្លេស​នឹងត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​១២​មេសា​ដោយ​គ្មាន​លក្ខខណ្ឌ​។ នៅ​ថ្ងៃទី​១២​មេសា​ក៏​ជា​ពេលវេលា​ដែល​អង់គ្លេស​ត្រូវ​សម្រេចចិត្ដ ថា​គួរ​ចូលរួម​ក្នុង​ការបោះឆ្នោត​សភា​អឺរ៉ុប​ឬ​យ៉ាងណា​។ បើ​អង់គ្លេស​ព្រម​ចូលរួម​ក្នុង​ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ដទៅពី​ថ្ងៃទី​២៣-២៦​ឧសភា អឺរ៉ុប​អាច​នឹង​ទុកពេល​បន្ថែម​ច្រើន​ខែ​ទៀត​សម្រាប់​អង់គ្លេស​ក្នុង​ការដើរ​ចេញពី​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត